ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
នៅលើកោះគ្រីសស្មាស់អាយលេន (Christmas Island) សត្វក្ដាមរាប់លាន់ក្បាល បានផ្លាស់ទីកន្លែងពីពាក់កណ្ដាលកោះទៅរកទ្រនំថ្មីនៅក្នុងរដូវរងា ដោយវារគើមៗចូលទៅក្នុងទឹកសមុទ្រដែលមានសីតុណ្ហភាពក្ដៅឧណ្ហៗ។ ប៉ុន្តែអ្វីដែលមានលក្ខណៈខុសប្លែកពីសព្វមួយដងនៅត្រង់ថាឆ្នាំនេះ គេសាងសង់ជាជណ្ដើរសម្រាប់ឲ្យពួកវាងាយស្រួលឡើងចុះ។
ចលនាផ្លាស់ទីកន្លែងរបស់ក្ដាមក្រហមនៅក្នុងបរិមាណដ៏ច្រើនលើសលប់ ដើម្បីចុះសមុទ្របង្កាត់ពូជ គឺជាបាតុភូតដែលកើតឡើងតែនៅទីនេះមួយគត់។ ពេលខ្លះ គេសឹងតែហៅកោះនេះថា «កោះក្ដាមក្រហម» អ្នកនៅទីនេះ ទទួលស្គាល់ថាពួកវាពិតជាមានសារៈសំខាន់ខ្លាំងសម្រាប់ប្រព័ន្ធបរិស្ថាន។ មានន័យថាវាចូលរួមចំណែកលើកសម្រស់ធម្មជាតិ និងជួយវិស័យសេដ្ឋកិច្ច និងទេសចរណ៍។
បន្ទាប់ពីរដូវបង្កាត់ពូជ ក្ដាមឈ្មោលនឹងត្រឡប់ទៅទីជម្រកដើមនៅក្នុងព្រៃ។ ចំណែកក្ដាមញីត្រូវសម្ងំមួយកន្លែងនៅក្នុងរូងរយៈពេល២អាទិត្យដើម្បីរង់ចាំជម្រុះពង។ ក្ដាមញីមួយក្បាលអាចជម្រុះពងបានរហូតដល់មួយសែន នៅពេលញាស់ កូនៗរបស់វានឹងវារចូលសមុទ្រ។
សូមជម្រាបថាក្ដាមក្រហមនៅលើកោះគ្រីសស្មាស់ត្រូវបានអភិរក្ស និងការ
ពារដោយច្បាប់។ ដូច្នេះ មិនអាចអ្នកណា ឬក្រុមហ៊ុនណាមកចាប់ពួកវាយកទៅធ្វើជាអាហារ ឬយកទៅលក់ជាដាច់ខាត៕
ប្រែសម្រួល៖ អន សំអាង