ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

រដ្ឋាភិបាលសហរដ្ឋអាមេរិកសន្យាបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែមដល់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

១៨ ​វិច្ឆិកា ២០២១ | សេដ្ឋកិច្ច

រដ្ឋាភិបាលអាមេរិកសន្យាបន្តផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែមទៀតដល់កម្ពុជា បន្ទាប់ពីគម្រោងហិរញ្ញប្បទាន ឥតសំណង ១៥ លានដុល្លារ ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ជាពិសេស លើវិស័យសុខាភិបាល អប់រំ បរិស្ថាន កសិកម្ម និងវិស័យអភិបាលកិច្ច និងការអភិវឌ្ឍ។


នៅជួបពិភាក្សាការងារជាមួយឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាសូមថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអាមេរិក ដែលបានផ្តល់ហិរញ្ញប្បទានឥតសំណងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ជាពិសេស លើវិស័យសុខាភិបាល អប់រំ បរិស្ថាន កសិកម្ម និងវិស័យអភិបាលកិច្ចនិងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ។


ឯកឧត្តមឯកអគ្គរដ្ឋទូត Patrick Murphy បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមកទល់ពេលនេះសម្រេចបានលទ្ធផលល្អប្រសើរក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយ ជោគជ័យ តាមរយៈការបើកដំណើរការសេដ្ឋកិច្ចឡើងវិញលើគ្រប់វិស័យ ជាពិសេស ការបើកទទួលទេសចរអន្តរជាតិឡើងវិញដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័ក ដោយនេះជាយុទ្ធសាស្រ្តមួយ ក្នុងចំណោមយុទ្ធសាស្រ្តសំខាន់ផ្សេងៗទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីផលប៉ះពាល់នៃការរីការាល់ដាលនៃ ជំងឺកូវីដ-១៩ ផងដែរ ។ 

 


ឯកឧត្តមឯកអគ្គរដ្ឋទូតអាមេរិក អះអាងបន្តថា រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងបន្តជួយឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ តាមរយៈការផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់អនុវត្តគម្រោង ឬកម្មវិធីនានា ដែលជួយកែលម្អគុណភាពនៃសេវាសុខាភិបាលលើកកម្ពស់សន្តិសុខស្បៀង និងកែល្អជីវភាពរបស់ប្រជាជន ជាពិសេស ប្រជាជននៅជនបទ អ្នកបាត់បង់ការងារនៅទីក្រុង ស្ត្រីរងគ្រោះដោយសារអំពើហឹង្សា និងជនពិការ ។

 

 

បើតាមឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធមុនីរ័ត្ន ការផ្តល់ហិរញ្ញប្បទាន ឥតសំណងសរុបប្រមាណជាង ១៥ លានដុល្លារអាមេរិក ដោយក្នុងនោះ ថវិកាទាំងនះ ត្រូវបានផ្តល់ជូនឱ្យប្រើប្រាស់តាម   រយៈទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក (USAID) សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងប្រើប្រាស់ផងដែរសម្រាប់ការស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ នៅកម្ពុជា ។ លើសពីនេះ នាពេលថ្មីៗនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកក៏បានផ្តល់ជាវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ Johnson & Johnson ចំនួនជាង ១លានដូស ដែលត្រូវផ្តល់តាមរយៈយន្តការ COVAX ដើម្បីត្រៀមខ្លួនជាស្រេចក្នុងការចាក់វ៉ាក់សាំងជូនដល់ ប្រជាជនកម្ពុជា៕
 

 

 

 

អត្ថបទ: ស៊ឺន សុន និងរូបភាព ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024