ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤

ថៃ រំពឹងនាំចេញទុរេន ៣,៥ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៤

២៥ មេសា ២០២៤ | សេដ្ឋកិច្ច

 

 

ប្រទេសថៃ នៅតែមានការរំពឹងទុកខ្ពស់ ក្នុងការនាំចេញទុរេន ដោយតម្លៃនៃការនាំចេញសរុប រំពឹងថានឹងកើនឡើងដល់ ៣ពាន់ ៥រយលានដុល្លារអាមេរិក នៅឆ្នាំនេះ ដោយវ៉ាដាច់ដំណាំសំខាន់ៗផ្សេងទៀតដូចជា ស្រូវ កៅស៊ូ និងដំឡូងមី។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មានក្នុងស្រុកថៃ នៅថ្ងៃនេះ។ ថៃ ត្រៀមនឹងនាំចេញទុរេនប្រមាណ ១លានតោន ដែលមានតម្លៃប្រមាណ ៣,៥ពាន់លានដុល្លារអាមេរិក នៅឆ្នាំនេះ។

 


ស្របតាមការណែនាំរបស់នាយករដ្ឋមន្ត្រីថៃ ក្រសួងកសិកម្ម និងសហករណ៍ មានភារកិច្ចរៀបចំសេចក្តីព្រាងច្បាប់ ដើម្បីទប់ស្កាត់ការលក់ទុរេនមិនទាន់ទុំ ឬអន់។
នេះរួមបញ្ចូលទាំងការកំណត់ស្តង់ដារទម្ងន់ស្ងួត សម្រាប់ពូជទុរេនផ្សេងៗ៖ ៣២% សម្រាប់ម៉ុនថង ៣០% សម្រាប់ចន្នី និង ២៨% សម្រាប់ក្រដាម ដូចដែលបានរៀបរាប់ដោយ អ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តីថៃ។

 


គំនិតផ្តួចផ្តើមនេះ មានគោលបំណងរារាំងការប្រមូលផល និងលក់ផ្លែទុរេនមិនគ្រប់ខែ ដោយហេតុនេះធ្វើឲ្យប្រសើរឡើងនូវ គុណភាពផ្លែឈើ និងការប្រកួតប្រជែងនាំចេញ។បន្ថែមពីលើការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះគុណភាព និងស្ថិរភាពទីផ្សារ ថ្មីៗនេះប្រទេសថៃ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយ ប្រទេសចិន ដើម្បីលើកកម្ពស់ និងធានាតម្លៃស្ថិរភាពសម្រាប់ការនាំចេញផ្លែឈើត្រូពិចពីប្រទេសថៃ ទៅកាន់ប្រទេសចិន។

 


កិច្ចព្រមព្រៀងនេះជួយសម្រួលដល់ការនាំចូលទុរេន និងផ្លែមង្ឃុតប្រមាណ ២ម៉ឺនតោន ដែលមានតម្លៃជាង ៨២លានដុល្លារអាមេរិក ចាប់ពីខែមេសាដល់ ខែមិថុនា ឆ្នាំនេះ។សូមជម្រាបថា ការនាំចេញទុរេនដែលបង្កើតប្រាក់ចំណូលបាន ៣ពាន់ ២រយលានដុល្លារអាមេរិក កាលពីឆ្នាំមុន បានដើរតួនាទីយ៉ាងសំខាន់កាន់តែខ្លាំងឡើង នៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសថៃ ខណៈប្រទេសថៃ ដែលផលិតទុរេនបាន ៩សែនតោនក្នុងមួយឆ្នាំ នាំចេញជិត ២ភាគ៣ នៃទិន្នផលនេះជាចម្បងទៅប្រទេសចិន៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024