ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

នៅសល់អ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ប្រមាណជាង ១ពាន់នាក់ កំពុងព្យាបាលតាមផ្ទះនៅរាជធានីភ្នំពេញ

២១ តុលា ២០២១ | ព័ត៌មានជាតិ


ចាប់ពីពេលដាក់អោយដំណើរការនូវការព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល តាមផ្ទះ គិតមកត្រឹមថ្ងៃទី២១ ខែតុលានេះ មានអ្នកជំងឺសរុបប្រមាណជិត៧ពាន់នាក់ បានដាក់អោយព្យាបាលតាមផ្ទះ នៅរាជធានីភ្នំពេញ។ បើតាមមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក្នុងចំណោមអ្នកជំងឺជិត ៧ពាន់នាក់ ក៏មានអ្នកជំងឺជាសះស្បើយចំនួនជាង ៥ពាន់នាក់ និងនៅសល់អ្នកជំងឺកំពុងព្យាបាលជាង ១ពាន់នាក់ទៀត។ 


គិតមកត្រឹមថ្ងៃទី២១ ខែតុលានេះ នៅសល់អ្នកជំងឺអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល និងគ្មានរោគសញ្ញាប្រមាណជាង១ពាន់នាក់ កំពុងដាក់អោយព្យាបាលតាមផ្ទះនៅរាជធានីភ្នំពេញ ។ នេះបើតាមការបញ្ជាក់របស់លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ នៅថ្ងៃនេះ។ 

 

លោក ងី មានហេង បានបន្ថែមថា អ្នកជំងឺជាង១ពាន់នាក់នេះ ឋិតក្នុងចំណោមអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល និងគ្មានរោគសញ្ញាដែលបានដាក់អោយព្យាបាលនៅតាមផ្ទះចំនួនសរុបប្រមាណជិត៧ពាន់នាក់ ដែលគិតចាប់រាប់ពីថ្ងៃទី២០ មិថុនា មកដល់ត្រឹមថ្ងៃទី២១ ខែតុលា។

 

 

ក្រៅពីនៅសល់អ្នកជំងឺកូវីដ-១៩ កម្រិតស្រាល កំពុងព្យាបាលតាមផ្ទះ បើតាមលោកប្រធានមន្ទីរសុខាភិបាល ថាបច្ចុប្បន្ននៅរាជធានីភ្នំពេញក៏នៅមានមណ្ឌលនិងមន្ទីរពេទ្យចំនួន១០កន្លែងផងដែរ សម្រាប់ដាក់ព្យាបាលអ្នកជំងឺកូវីដ-១៩។

 


គួរបញ្ជាក់ថា ក្រសួងសុខាភិបាល កាលពីថ្ងៃទី២០ មិថុនា បានប្រកាសដាក់ឲ្យប្រើនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល និងគ្មានរោគសញ្ញានៅតាមផ្ទះ ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ។ សម្រាប់ការងារព្យាបាលអ្នកជំងឺនៅតាមផ្ទះនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានបង្ហាញលេខទូរស័ព្ទ និងឈ្មោះមន្ត្រីដែលប្រចាំការ នៅទីបញ្ជាការស្រាលពិគ្រោះយោបល់ គ្រប់គ្រងថែទាំ និងព្យាបាលជំងឺកូវីដ១៩ តាមផ្ទះនៅខណ្ឌទាំង១៤ ផងដែរ៕
 

 

អត្ថបទ៖សន រដ្ឋា  រូបភាព៖ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024