ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤
គ្រោះថ្នាក់ចរាចរណ៍លើកម្មករនិយោជិត នៅតែមានចំនួនច្រើនពាន់ករណី ក្នុងនោះ ករណីគ្រោះថ្នាក់កើតឡើងភាគច្រើន ចំពោះរថយន្តដឹកកម្មករប្រភេទរថយន្តដឹកទំនិញ ឬហៅថា រថយន្តកូរ៉េ និងទោចក្រយានយន្ត។ អ្នកជំនាញ បានអះអាងថា ដើម្បីឈានទៅលុបបំបាត់បានទាំងស្រុង ចំពោះរថយន្តដឹកកម្មករ ដែលមិនមានសុវត្ថិភាព មកជារថយន្តដែលមានសុវត្ថិភាពប្រសើរជាងមុន ត្រូវអនុវត្ត ៣ចំណុចសំខាន់ៗ។
៣ចំណុចសំខាន់ៗ ដើម្បីជំរុញការប្តូររថយន្តដឹកកម្មករដែលមិនមានសុវត្ថិភាព មកជារថយន្តមានសុវត្ថិភាពប្រសើរជាងមុនគឺ៖ ទី១. ការ ប្តេជ្ញាចិត្តពីគ្រប់ភាគីពាក់ព័ន្ធរាប់តាំងរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ម្ចាស់រថយន្ត ថៅកែរោងចក្រ រួមទាំងកម្មករខ្លួនឯង។ ទី២. ពាក់ព័ន្ធនឹងព័ត៌មានស្ថិតិ ដើម្បីដឹងពីបញ្ហាប្រឈមនៅត្រង់ណា ដោះស្រាយរបៀបណា ដើម្បីអាចយកបទពិសោធន៍នៃការអនុវត្តល្អពីតាមរោងចក្រ ឬតំបន់សេដ្ឋកិច្ចនានា។ និងទី៣. យុទ្ធសាស្ត្រ និងផែនការសកម្មភាពជាក់លាក់។ នេះជាការឲ្យដឹងពីលោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា។
លោក គឹម បញ្ញា បានអះអាងប្រាប់ភីអិនអិននៅថ្ងៃទី២២ ខែកញ្ញានេះបន្ថែមថា អង្គការមូលនិធិបង្ការរបួសអាស៊ីបានសហការជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីជំរុញឲ្យមានការយកចិត្តទុកដាក់លើ ៣ចំណុចនេះ ឲ្យក្លាយទៅជាចំណុចអាទិភាព។ លោកជឿជាក់ថា បើការអនុវត្តទាំង ៣ចំណុចសំខាន់ៗនេះបានជោគជ័យ នោះអាចឈានទៅលុបបំបាត់បានទាំងស្រុង ចំពោះរថយន្តដឹកកម្មករដែលមិនមានសុវត្ថិភាព មកជារថយន្តដែលមានសុវត្ថិភាពក្នុងពេលឆាប់ៗខាងមុខ។
បើតាមនាយកអង្គការបង្ការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជាដដែល បច្ចុប្បន្នចំនួនរថយន្តដឹកកម្មករមានសរុបប្រមាណ ៤ពាន់គ្រឿង ក្នុងនោះ ប្រភេទរថយន្តដឹកទំនិញដែលយកមកដឹកកម្មករមានចំនួនប្រមាណ ២ពាន់ ទៅ៣ពាន់គ្រឿង។
យោងតាមរបាយការណ៍របស់បេឡាជាតិសន្តិសុខសង្គម គិតត្រឹមឆមាសទី១ ឆ្នាំ២០២១នេះ ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ចំពោះកម្មករនិយោជិត ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង មានសរុប ១.៣៣៣ករណី ថយចុះ ៥២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំ២០២០ ដែលមានចំនួនជាង ២.៧០០ករណី។ ក្នុងចំណោមករណីគ្រោះថ្នាក់លើកម្មករនិយោជិតនេះ បណ្តាលឲ្យកម្មករនិយោជិតស្លាប់ចំនួន ៣៣នាក់ របួសធ្ងន់ ៣២៨នាក់ និងរបួសស្រាល ១.១៦៣នាក់។ ករណីគ្រោះថ្នាក់កើតឡើងភាគច្រើន ចំពោះរថយន្តដឹកកម្មករប្រភេទរថយន្តដឹកទំនិញ ឬហៅថា រថយន្តកូរ៉េ និងទោចក្រយានយន្ត៕
អត្ថបទ៖ អឿន ភារ៉ា រូបភាព៖ ឯកសារ