ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤

អំឡុងពេលផ្ទុះកូវីដ-១៩ អ្នកស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ បានថយចុះក្នុង ៣ខែដំបូង

០៦ មេសា ២០២១ | ព័ត៌មានជាតិ

អំឡុងពេលរីករាលដាលជំងឺកូវីដ១៩ បើក្រឡេកទៅមើលអ្នកស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស គឺមានការថយចុះ។ តាមរបាយការណ៍ រយៈពេល ៣ខែដំបូងដើមឆ្នាំ២០២១ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថយចុះ ១៥៣លើក ខណៈអ្នកស្លាប់ថយចុះ រហូតដល់ ៦០នាក់ និងអ្នករបួស ក៏បានថយចុះ ២០២នាក់។ 

 


តាមរបាយការណ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា ក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានកើតឡើង ៧៦៣លើក ថយចុះ ១៥៣លើក ស្មើនឹង ១៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ដែលមានគ្រោះថ្នាក់ចំនួន ៩១៦ លើក។


របាយការណ៍បង្ហាញថា អត្រាអ្នកស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍បានថយចុះរហូតដល់ ៦០នាក់ បើប្រៀបធៀបត្រីមាសទី១ ឆ្នាំ២០២០ ដែលមានអ្នកស្លាប់ចំនួន ៤៩៣នាក់ ហើយនៅត្រីមាសទី១ ឆ្នាំ ២០២១នេះ ចំនួនអ្នកស្លាប់មាន ៤៣៣នាក់។ រីឯអ្នករងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍វិញនៅត្រីមាសទី១ ឆ្នាំ២០២១នេះមានចំនួន ១ ១១៣នាក់ ថយចុះ ២០២នាក់ ស្មើនឹង ១៥ភាគរយ បើធៀបនឹងរយៈពេល ១ត្រីមាសដូចគ្នាកាលពីឆ្នាំ២០២០ ដែលមានអ្នករងបួស ១ ៣១៥ នាក់។

 


តាមរយៈរបាយការណ៍នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកក្នុងត្រីមាសទី១ គិតចាប់ពីខែមករា ដល់ដំណាច់ខែមីនា ឆ្នាំ២០២១។

 


សម្តេចក្រឡាហោមបានគូសបញ្ជាក់ថា ស្មារតីយកចិត្តទុកដាក់បំពេញភារកិច្ចដឹកនាំការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកទាំងយប់ទាំងថ្ងៃរបស់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលទាំងអស់ រូមទាំងការគោរពច្បាប់ដ៏ខ្ជាប់ខ្ជួនពីសំណាក់បងប្អូនប្រជាពលរដ្ឋនេះហើយ ដែលបានធ្វើឲ្យអត្រាគ្រោះថ្នាក់ចរាចរណ៍ ចំនួនអ្នកស្លាប់ និងអ្នករងរបួសមានការថយចុះ។

 


គួរកត់សម្គាល់ថា ទោះបីជាការរីករាលដាលនៃជំងឺកូវីដ១៩ បានធ្វើឲ្យស្ថានភាពចរាចរណ៍នៅលើដងផ្លូវហាក់មានសភាពស្ងប់ស្ងាត់ជាងមុនបន្តិច ប៉ុន្តែនៅតែមានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ជារៀងរាល់ថ្ងៃដដែល។ ជាក់ស្តែង យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៤ ខែមេសា មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៩លើកបណ្ដាលឲ្យមនុស្សស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ១៥នាក់៕


អត្ថបទ៖ អឿន ភារ៉ា     រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024