ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៤
ថ្វីបើត្រូវបានពន្យារពេលជាច្រើនខែ ដោយសារវិបត្តិកូវីដ-១៩ ទាំងនៅកម្ពុជា និងនៅប្រទេសគោលដៅក្តី តែសមាគមកីឡាទោចក្រយានកម្ពុជា Cambodian Cycling Academy ហៅកាត់ CCA នៅតែរក្សាគម្រោងនាំយកកីឡាករជម្រើសជាតិកង់កម្ពុជា ៣រូប ចេញទៅហ្វឹកហាត់រយៈពេលខ្លីនៅប្រទេសបារាំងដដែល ប្រសិនបើមេរោគរាតត្បាតមួយនេះ លែងបង្កការរីករាលដាល។
អនុប្រធាន CCA អ្នកស្រី ប៉ែន ស្រីម៉ុ ថ្លែងប្រាប់ PNN SPORTS ពីប្រទេសបារាំង នៅព្រឹកថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២០នេះថា CCA កំពុងរង់ចាំស្ថានការណ៍ នៃការរីករាលដាលមេរោគកូវីដ-១៩នៅបារាំងធូរស្រាលសិន។ ប្រសិនបើធូរស្រាល CCA នឹងរៀបចំឯកសារជាថ្មីម្តងទៀត ដើម្បីស្នើរទៅស្ថានទូតបារាំង សុំបញ្ជូនកីឡាករទាំង ៣រូបរបស់កម្ពុជា ទៅហ្វឹកហាត់នៅទីនោះតែម្តង។
«គម្រោងបញ្ជូនកីឡាករជម្រើសជាតិកង់របស់កម្ពុជាយើងទៅហាត់នៅបារាំងហ្នឹង កាលនោះយើងបានធ្វើឯកសាររួចហើយ ហើយក៏បានណាត់ជាមួយទូតបារាំងនិយាយរឿងសុំវីសាដែរ តែក៏ត្រូវផ្អាកទៅវិញ ដោយសារតែបារាំងកំពុងផ្ទុះជំងឺកូរ៉ូណា។ អ៊ីចឹងក៏យើងនៅរង់ចាំរឿងហ្នឹងចប់សិន។ ហើយពេលចប់កូរ៉ូណាហ្នឹងស្រួលបួល យើងនឹងរត់ការការងារនេះជាថ្មីម្តងទៀត ដើម្បីនាំយកកីឡាករជម្រើសជាតិប្រណាំងកង់របស់យើង ឡើងមកហាត់នៅបារាំងនេះតែម្តង។ អ៊ីចឹងរឿងការងារធ្វើវីសាហ្នឹង គឺខ្ញុំបានធ្វើរួចហើយ ហើយក៏បានណាត់ស្ថានទូតបារាំងដែរ តែដល់ពេលជិតចូលសម្ភាសន៍ បែរជាស្ថានទូតគេសុំយើងផ្អាកសិនទៅ»។
អ្នកស្រី ប៉ែន ស្រីម៉ុ បានគូសបញ្ជាកទៀតថា ការចេញទៅហ្វឹកហាត់នៅបារាំងលើកនេះ អត្តពលិកជម្រើសជាតិទោចក្រយានកម្ពុជា នឹងត្រូវចាយពេល ៣ខែ។ ការហ្វឹកហាត់នៅទ្វីបអឺរ៉ុបនាពេលខាងមុខ គឺជាបទពិសោធលើកដំបូងរបស់កីឡាករប្រណាំងកង់វាលរាបកម្ពុជា។
គួរបញ្ជាក់ថា កីឡាករប្រណាំងកង់ជម្រើសជាតិទាំង ៣រូប ដែលសមាគមកីឡាទោចក្រយានកម្ពុជា Cambodian Cycling Academy គ្រោងនាំទៅហ្វឹកហាត់នៅបារាំងរយៈពេល ៣ខែ មានដូចជា៖ កីឡាករ គឹម ចាន់ធូ យឿន រស្មី និងកីឡាករ ចាន់ វាសនា។ អ្នកទាំង ៣ ក៏នឹងទទួលបានឱកាសបណ្តុះបណ្តាលដោយផ្ទាល់ ពីអតីតម្ចាស់មេដាយសំរឹទ្ធអូឡាំពិក នៅប៉េកាំងផងដែរ៕
អត្ថបទ និងរូបភាព៖ ងិន មករា