ថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥
អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន លោក នូ ចំរើន បានថ្លែងប្រាប់ PNN SPORTS ថ្មីៗនេះកន្លងទៅនេះថា សហព័ន្ធនឹងបន្តរៀបចំព្រឹត្តិការណ៍ ប្រណាំងកង់ពិភពលោក សារជាថ្មីម្តងទៀតនៅឆ្នាំ២០២១ ខណៈដែលកម្ពុជារៀបចំព្រឹត្តិការណ៍នេះ បានយ៉ាងជោគជ័យម្តងរួចមកហើយកាលដើមឆ្នាំ២០២០កន្លងទៅ។
មន្ត្រីជាន់ខ្ពស់សហព័ន្ធដដែលបានបង្ហាញក្តីរំពឹងថា ការរៀបចំលើកទី២ នេះ សហព័ន្ធពុំសូវបារម្ភលើកបច្ចេកទេសរៀបចំពេកនោះទេ ដ្បិតមន្ត្រីសហព័ន្ធធ្លាប់ទទួលបានការបណ្តុះបណ្តាល រៀនសូត្ររួចមកហើយ កាលរៀបចំនៅឆ្នាំ២០២០កន្លងទៅ។
លោក នូ ចំរើន បន្ថែមថា សហព័ន្ធក៏នឹងជំរុញបន្ថែមដល់កីឡាករប្រណាំងកង់កម្ពុជាទាំងអស់ ត្រូវបង្កើនសមត្ថភាពរបស់ខ្លួន ដើម្បីត្រៀមចូលរួមការប្រកួតមួយនេះ។
«នៅឆ្នា២០២ខាងមុខ នឹងរៀបចំព្រឹត្តករណ៍ប្រណាំងកង់ពិភពលោក តំពន់ឆ្នេរលើកទី២ម្តងទៀតដែរ។ សម្រាប់សហព័ន្ធយើង គឺយើងបានសិក្សាស្វែងយល់ច្រើន ពីការរៀបចំធ្វើម្ចាស់ផ្ទះ ក្នុងនោះមន្ត្រីបច្ចេកទេសរបស់យើង បានរៀនសូត្រច្រើនពីបច្ចេកទេសរៀបចំ។ ហើយកាលនោះ ក៏មានមន្ត្រីបច្ចេកទេសរៀបជម របស់សហព័ន្ធកង់ពិភពលោក ក៏បានមកជួយរៀបចំ បង្ហាត់បង្ហាញ ហើយយើងក៏បានបញ្ជូនមន្ត្រីយើងទៅចូលរួម ចឹងយើងរំពឹងថា ពេលយើងរៀបចំព្រឹត្តិការណ៍កង់ពិភពលោកនេះចប់ម្តងទៀត គឺយើងអាចរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗបានដោយខ្លួនឯងហើយ។ ហើយកីឡាករយើង ក៏យើងជំរុញឱ្យពួកគាត់ខិតខំបន្ថែមដែរ ដើម្បីត្រៀមការប្រកួតមួយនេះ»។
គួររំឭកថា កាលព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកលើកទី១ ដើមឆ្នាំ ២០២០ កីឡាករ កីឡាការិនីចូលរួមសរុបចំនួន២០០នាក់ មកពី១៥ប្រទេស ។ ការប្រកួតនោះ ធ្វើនៅខេត្តចំនួន៤ ដូចជា៖ ខេត្តព្រះសីហនុ កោះកុង កែប និងខេត្តកំពត។ ដោយឡែកសម្រាប់ឆ្នាំ២០២១នេះវិញ បើពុំមានការប្រែប្រួលទេនោះ គណៈកម្មារៀបចំ រួមនឹងសហព័ន្ធខ្មែរកីឡាទោចក្រយាន នឹងជ្រើសទីតាំងដដែលដើម្បីរៀបចំព្រឹត្តិការណ៍ដ៏ធំមួយនេះ៕
អត្ថបទ៖ ងិន មករា