ថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤
ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំជុំទី១ឆ្នាំ២០២០ Cambodian Mountain Bike Series 2020 ដែលរៀបចំឡើងនៅទីលានទំនប់ទឹកដំណាក់ជណ្តើរ ស្ថិតនៅតំបន់ភ្នំជាល ខេត្តកំពង់ស្ពឺនាព្រឹកថ្ងៃទី០៩ ខែសីហា ទាក់ទាញបានកីឡការ កីឡាការិនីទាំងខ្មែរ និងបរទេសចូលរួមជាង២៥០រូប។
ប្រធានបច្ចេកទេសរៀបចំការប្រកួត និងជាស្ថាបិក Cambodian Mountain Bike លោក Perrier Yves Catry បានអះអាងថា ចំនួនដែលចូលរួមលើកដំបូងដល់ទៅ២៥០រូប គឹជាចំនួនមួយដ៏ច្រើនដែលលើសពីការគ្រោងទុករបស់លោក។ អ្នកជំនាញវិស័យកង់ និងម៉ូតូរូបនេះ បានគូសបញ្ជាក់ថា កីឡាករ កីឡាការិនីដែលតែងទន្ទឹងរង់ចាំការប្រកួតនេះ មកពីខេត្តមួយចំនួនដូចជា៖ខេត្តស្វាយរៀង កំពត ព្រះសីហនុ ភ្នំពេញ និងសៀមរាបជាដើម។
«ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ ដែលការរៀបចំការប្រកួតជុំទី១របស់យើងទទួលបានជោគជ័យបែបនេះ។ ខ្ញុំដឹងថា កីឡាករ កីឡាការិនីរបស់យើង គឺពួកគេបានរង់ចាំយូរហើយសម្រាប់ប្រកួតប្រណាំងកង់ភ្នំនេះហើយការប្រកួតលើកនេះក៏មានអ្នកចូលរួមច្រើន រហូតដល់ទៅជាង២៥០នាក់ ដែលជាចំនួនមួយច្រើន ខុសពីការគិតរបស់យើង។ ពិតណាស់ការប្រកួតបើកឆាកឆ្នាំ២០២០នេះ គឺពិតជាមានកីឡាករចូលរួមច្រើនមែន ចឹងខ្ញុំគិតថា វាជាប្រកួតមួយដ៏ល្អក្នុងឆ្នាំ២០២០នេះ។ កីឡករ ដែលចូលរួមទាំងជាង២៥០រូបក្នុងព្រឹតិ្តការណ៍របស់យើង គឺមានអ្នកខ្លះមកពីខេត្តស្វាយរៀង កំពត ព្រះសីហនុ ភ្នំពេញ និងសៀមរាប។ ខ្ញុំក៏រំពឹងដែរថា នឹងមានខេត្តច្រើនទៀតចូលរួមជាមួយយើងទៅថ្ងៃមុខ »។
លោក Perrier Yves Catry បន្តថា ព្រឹត្តិការណ៍ Cambodian Mountain Bike Series 2020 ជុំទី២នឹងបន្តរៀបចំនៅទីលានព្រែកលាប ក្នុងរាជធានីភ្នំពេញ។ យ៉ាងណាក៏ដោយអ្នករៀបចំរូបនេះ នៅពុំទាន់បង្ហើបពីកាលបរិច្ឆេទនៃការរៀបចំព្រឹត្តការណ៍នេះនោះទេ ដោយសំអាងថា មិនទាន់ជាក់លាក់នៅឡើយ តែការប្រកួត នឹងធ្វើឱ្យខាងតែបាន មុននឹងបន្តឈានទៅរៀបចំជុំផ្តាច់ព្រ័តនាទីលានកំពូលភ្នំគីរីរម្យ ខេត្តកំពង់ស្ពឺចុងឆ្នាំ ២០២០នេះ។
គួររំលឹកថា ជាទូទៅព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ Cambodian Mountain Bike Series តែងត្រូវបានរៀបចំមួយឆ្នាំចំនួន៥ជុំ។ តែដោយសារការញាំញីដោយវិបត្តិ កូវីទ១៩ ព្រឹត្តិការណ៍ដែលមានតែមួយគត់នៅកម្ពុជានេះ ត្រូវបានកាត់ចេញចំនួន២ជុំ ពោលគឺមានតែ៣ជុំប៉ុណ្ណោះក្នុងឆ្នាំ២០២០ គឺជុំទី១ធ្វើនៅទីលានភ្នំជាល ជុំទី២នៅព្រែកលាប និងជុំ៣នៅកំពូលភ្នំគីរីរម្យ៕
អត្ថបទ និងរូបភាព៖ ងិន មករា