ថ្ងៃអង្គារ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃអង្គារ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២៤
គម្រោងសាងសង់ផ្លូវជាតិលេខ៣ប្រវែងប្រមាណ ១៣៤គីឡូម៉ែត្រ ពីរង្វង់មូលចោមចៅ រាជធានីភ្នំពេញ ទៅដល់ក្រុងកំពត សាងសង់សម្រេចបានប្រមាណ ៩០ភាគរយហើយ គ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ។ នេះបើតាមការឲ្យដឹងពី ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
គម្រោងសាងសង់ផ្លូវជាតិលេខ៣ ចោមចៅ-បែកគុស-ទីរួមខេត្តកំពត នឹងបញ្ចប់មុនការគ្រោងទុកមួយឆ្នាំ គឺបញ្ចប់នៅត្រឹមខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ។ ការរួចរាល់មុនផែនការនេះ ដោយសារតែ ក្រុមហ៊ុនចិនសាងសង់ត្រឹមត្រូវតាមបច្ចេកទេ មិនមានលួចគុណភាព ពោលគឺគុណភាពនៅល្អដូចដែលបានព្រមព្រៀងគ្នា។ នេះបើតាមការលើកឡើងរបស់ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពេលដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យស្ថានភាពគម្រោងសាងសង់ផ្លូវជាតិលេខ៣ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១។
ឯកឧត្ដម ស៊ុន ចាន់ថុល បានបញ្ជាក់ថា ការសាងសង់ផ្លូវជាតិលេខ៣ ត្រូវបានអនុវត្តតាមស្តង់ដាបច្ចេកទេសសាងសង់ គុណភាពសំណង់ និងស្តង់ដាសុវត្ថិភា។ ក្នុងនោះ មានការសាងសង់ស្ពានអាកាសឆ្លងកាត់ផ្លូវសម្រាប់អ្នកថ្មើរនៅតំបន់ទីប្រជុំជន ស្ថានីយថ្លឹងរថយន្ត ២កន្លែង អមសងខាងផ្លូវ និងបំពាក់កាម៉េរាចាប់ល្បឿន ១១កន្លែង។ ក្រៅពីនេះ ក្រសួង និងក្រុមហ៊ុនសាងសង់ក៏បានឯកភាពគ្នាពង្រីកផ្លូវដើម្បីសាងសង់ផ្លូវ បត់ត្រលប់ក្រោយ៥កន្លែងផងដែរ។
សូមបញ្ជាក់ថា គម្រោងពង្រីកនិងលើកកម្រិតផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពត ដែលមានប្រវែងប្រមាណ ១៣៤គីឡូម៉ែត្របានបើកការដ្ឋានសាងសង់ និងស្តារឡើងវិញ កាលពីថ្ងៃខែឧសភា ឆ្នាំ២០១៨ ចំណាយទឹកប្រាក់ប្រមាណជាង ២០០លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រួមនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។
ផ្លូវនេះត្រូវបានស្ថាបនាជាប្រភេទផ្លូវ ប៊េតុងកៅស៊ូ (AC) បែងចែកជាពីរដំណាក់កាល ដែលដំណាក់កាលទីមួយ ពីចោមចៅ-បែកគូស ប្រវែង ៦៩គីឡូម៉ែត្រ (ត្រូវបានពង្រីកពី ២កន្លងទៅ៤កន្លង និងមានសួរច្បារកណ្តាលទ្រូងផ្លូវ) និងដំណាក់កាលទីពីរ បែកគូស-ក្រុងកំពត ប្រវែង ៦៥គីឡូម៉ែត្រ (ពង្រីកជា២គន្លង ដោយ១គន្លងទៅ ១គន្លងមក)។
នៅក្នុងគម្រោងសាងសង់ផ្លូវជាតិលេខ៣នេះ រដ្ឋមន្ត្រីក្រសួងសាធារណការ តែងតែចុះត្រួតពិនិត្យជាប្រចាំ ដើម្បីធានាបាននូវគុណភាពតាមស្តងដារ ព្រោះថា កំណាត់ផ្លូវជាតិលេខ៣នេះ គឺជាខ្សែផ្លូវនៃប៉ូលសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពលរបស់កម្ពុជា តភ្ជាប់រាជធានីភ្នំពេញ ទៅកាន់ខេត្តកំពត និងតភ្ជាប់ទៅកាន់កំពង់ផែសមុទ្រអន្តរជាតិខេត្តព្រះសីហនុផងដែរ៕
អត្ថបទ៖ អឿន ភារ៉ា រូបភាព៖ សុខ ពិសិដ្ឋ