ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៤
ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រុមហ៊ុនឯកជនមួយបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបើកបររថយន្តធុនធ្ងន់ និងទីលានប្រឡងថ្មីមួយ ស្ថិតនៅតំបន់ច្រាំងចំរេះ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៥ រាជធានីភ្នំពេញ។ មជ្ឈមណ្ឌលនេះ ត្រូវបានសាងសង់ឡើងតាមស្តង់ដាអន្តរជាតិ ដើម្បីបំពេញតម្រូការអ្នកជំនាញបើកបររថយន្តធុនធ្ងន់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តធុនធ្ងន់នៅកម្ពុជា។
មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបើកបររថយន្តធុនធ្ងន់ និងទីលានប្រឡងថ្មីមួយស្ថិតនៅលើផ្ទៃដី ១ហិកតា នៅតំបន់ច្រាំងចំរេះ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៥ រាជធានីភ្នំពេញ។ គិតមកដល់ពេលនេះ ការសាងសង់មជ្ឈមណ្ឌលនេះ សម្រេចបានប្រមាណ ៩០ភាគរយហើយ ដែលគ្រោងនឹងដាក់ឲ្យដំណើរការជាផ្លូវការនៅដើមឆ្នាំក្រោយនេះ។ នេះបើតាមការឲ្យដឹងពីឯកឧត្តម ឈួន វ៉ន់ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក។
ឯកឧត្តមបានបញ្ជាក់ប្រាប់ភីអិនអិនថា នាពេលបច្ចុប្បន្ននេះ កម្ពុជាកំពុងមានការខ្វះខាតអ្នកបើកបររថយន្តធុនធ្ងន់ច្រើន ខណៈរថយន្តធុនធ្ងន់ដែលបានចុះបញ្ជីនៅក្រសួងមានប្រហែល ៣០ម៉ឺនគ្រឿង ហើយអ្នកដែលមានបណ្ណបើកបររថយន្តប្រភេទនេះមានត្រឹមតែជិត ២០ម៉ឺនបណ្ណ ឬប្រហែល ៦០ភាគរយប៉ុណ្ណោះ។ ឯកឧត្តមបានបញ្ជាក់ថា ជាធម្មតាបណ្ណបើកបរគួរតែមានច្រើនជាងចំនួនរថយន្ត ដែលត្រូវចុះបញ្ជី។ តែផ្ទុយទៅវិញអ្នកបើកបរឡានធំនេះមានចំនួនតិចជាងទៅវិញ ដែលតម្រូវឲ្យបង្កើតសាលានេះឡើង។
អគ្គនាយកដឹកជញ្ជូនបានឲ្យដឹងបន្ថែមថា ដោយមានការស្នើសុំពីសមាគមដឹកអ្នកដំណើរ និងសមាគមដឹកទំនិញ នាពេលកន្លងមក ក្រសួងបានបណ្តុះបណ្តាលអ្នកបើកបររថយន្តធុនធ្ងន់ដោយមិនយកថវិកាបានចំនួនជាង ១ពាន់នាក់ផងដែរ។ ការបណ្តុះបណ្តាលរថយន្តធុនធ្ងន់ សំដៅដល់ប្រភេទរថយន្តដឹកទំនិញ (គ) ទំហំលើសពី៣,៥តោន, រថយន្តដឹកអ្នកដំណើរ (ឃ) លើសពី២០នាក់ និងរថយន្តប្រភេទសណ្តោង។
គួរជម្រាបថា មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបើកបររថយន្តធុនធ្ងន់ និងទីលានប្រឡង ត្រូវបានបង្កើតឡើងក្រោមការសហការរវាងក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយក្រុមហ៊ុនកាំត្រង់ស៊ីប ដើម្បីឲ្យមានស្តង់ដាមួយច្បាស់លាស់ស្របតាមស្តង់ដាអន្តរជាតិ ដែលមានទីលានត្រឹមត្រូវ។ ក្រសួងរំពឹងថា មជ្ឈមណ្ឌលនេះនឹងឆ្លើយតបទៅនឹងកង្វះខាតអ្នកជំនាញបើកបររថយន្តធុនធ្ងន់ ផ្តល់កន្លែងបណ្តុះបណ្តាលដែលមានគុណភាព និងជំនាញច្បាស់លាស់ ព្រមទាំងរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តធុនធ្ងន់នៅក្នុងប្រទេស៕
អត្ថបទ៖ អឿន ភារ៉ា រូបភាព៖ ផ្តល់ដោយជំនាញ និងឯកសារ