ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤

រដ្ឋមន្ត្រីសាធារណការ៖ ផ្លូវ ៣៨ខ្សែក្នុងក្រុងសៀមរាប ត្រូវចុះត្រួតពិនិត្យ និងវាយតម្លៃការងារសាងសង់ រៀងរាល់ ២សប្តាហ៍ម្តង

១៥ ធ្នូ ២០២០ | ព័ត៌មានជាតិ

ការសាងសង់ផ្លូវ ៣៨ខ្សែនៅក្នុងក្រុងសៀមរាប បាន និងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន។ រដ្ឋមន្ត្រីក្រសួងសាធារណការ ឯកឧត្តម ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃការងាររបស់អ្នកអនុវត្តការសាងសង់ ត្រូវចុះពិនិត្យផ្ទាល់ជាទៀងទាត់ រៀងរាល់២សប្តាហ៍ម្តង ដើម្បីឲ្យការសាងសង់ផ្លូវមានប្រសិទ្ធភាព និងគុណភាពរឹងមាំ និងបញ្ចប់គម្រោងតាមផែនការ។

 


ដើម្បីធានាគុណភាព នៃការសាងសង់ផ្លូវទាំង៣៨ ខ្សែ ក្នុងក្រុងសៀមរាបឲ្យស្របនឹងបទដ្ឋាន និងលក្ខណៈបច្ចេកទេសតាមប្រភេទខ្សែផ្លូវនីមួយៗ ព្រមទាំងបញ្ចប់គម្រោងតាមការគ្រោងទុក ភាគីពាក់ព័ន្ធទាំងអស់ត្រូវសហការគ្នាឲ្យបានជិតស្និទ្ធ មានជំហររឹងមាំ និងមានទិសដៅតែមួយ ពោលគឺ៖ សាងសង់ផ្លូវឲ្យមានប្រសិទ្ធភាព និងគុណភាពរឹងមាំ និងបញ្ចប់គម្រោងតាមផែនការ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃអាទិត្យ។

 


ឯកឧត្តមបានគូសបញ្ជាក់ថា ក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃការងាររបស់អ្នកអនុវត្តការសាងសង់ ត្រូវចុះពិនិត្យផ្ទាល់ជាទៀងទាត់ ធានាគ្រប់ដំណាក់កាលនៃការសាងសង់ គឺអនុលោមតាមគោលការណ៍ និងស្តង់ដាលក្ខណៈបច្ចេកទេស ដែលបានកំណត់ និងត្រូវធ្វើការជាប្រចាំរៀងរាល់២សប្តាហ៍ម្តង ជូនក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃ និងគណៈកម្មការអន្តរក្រសួងផងដែរ។

 


ឯកឧត្តមទេសរដ្ឋមន្ដ្រី បានណែនាំឱ្យក្រុមការងារស្ថាបនាសាងសង់ផ្លូវ ត្រូវដាក់ប៉ាណូ បញ្ជាក់ពីម្ចាស់គម្រោង និងអ្នកសាងសង់តាមស្តង់ដារ ដើម្បីឲ្យប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធបានដឹង និងត្រូវរក្សាឲ្យបាននូវសណ្តាប់ធ្នាប់ បញ្ចៀស និងសម្រួលចរាចរណ៍ឱ្យបានល្អ ជាពិសេសពេលចុះត្រួតពិនិត្យ និងសាងសង់ត្រូវពាក់ឯកសណ្ឋាន និងប្រើប្រាស់សម្ភារៈបច្ចេកទេសសុវត្ថិភាពឲ្យបានខ្ជាប់ខ្ជួន។

 


សូមជម្រាបជូនថា នៅក្នុងគម្រោងស្ថាបនាផ្លូវទាំង ៣៨ខ្សែនេះ មានអង្គភាពសាងសង់ចំនួន៨ រួមមាន៖ ១) កងវិស្វកម្មលេខ១៧៨ស្ពាន-ថ្នល់នៃនាយកដ្ឋានវិស្វកម្ម ២) កងវិស្វកម្មសម្តេចតេជោ ខេត្តសៀមរាប ៣) កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ៤) អគ្គនាយកដ្ឋានសាធារណការ ៥) អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ៦) នាយកដ្ឋានគ្រឿងចក្រនិងស្ថាបនាផ្លូវ ៧) នាយកដ្ឋានជួសជុល និងថែទាំផ្លូវថ្នល់ និង ៨) មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប។ ជាមួយគ្នានេះ ក៏មានក្រុមការងារបច្ចេកទេសចម្រុះទទួលបន្ទុការត្រួតពិនិត្យទាំងអស់មានចំនួន ៩ក្រុមទៀតផងដែរ។ 

 


ក្រៅពីស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ ក៏មានគម្រោងស្ដារ កែលម្អធ្វើឲ្យប្រសើរឡើងដងស្ទឹងសៀមរាបប្រវែងជាង ៨គីឡូម៉ែត្រ អនុវត្តដោយអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីលើកកម្ពស់សោភ័ណភាពបន្ថែមទៀត ឲ្យស័ក្តិសមជាទីក្រុងទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ដ្រ និងធម្មជាតិ ក៏ដូចជាដើម្បីជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ នៅក្រោយវិបត្តិជំងឺកូវីដ១៩ ត្រូវបានបញ្ចប់៕

 

អត្ថបទ៖ អឿន ភារ៉ា រូបភាព៖ ផ្តល់ដោយជំនាញ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024