ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤

ក្រសួងសាធារណការ ចាប់ផ្តើមអនុវត្តនូវ​ការផាកពិន័យធ្ងន់ធ្ងរ ចំពោះរថយន្ត ដែលរឹងទទឹង បន្តដឹកលើសកំណត់

១៧ ​វិច្ឆិកា ២០២០ | ព័ត៌មានជាតិ

​​ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសពីការចាប់ផ្តើមអនុវត្តនូវវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបន្តដឹកលើសទម្ង​ន់កំណត់។ បើតាមក្រសួងសាធារណការ បើរថយន្ត ដែលរឹងទទឹង បន្តដឹកលើសកំណត់ ត្រូវដក​បណ្ណបើកបរ និងព្យួរទុកចំនួន ២ឆ្នាំ ហើយត្រូវបញ្ឈប់អាជីវកម្មចំនួន ១ឆ្នាំថែមទៀត។

 

 

ជាថ្មីម្តងទៀត ក្រសួងសាធារណការ​ និងដឹកជញ្ជូន បានរំលឹកដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ថា ចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០តទៅ ក្រសួងនឹងអនុវត្តច្បាប់តាមសេចក្ដីជូនដំណឹង ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់។

 

 

ក្នុងសេចក្តីជូនដំណឹងក្រសួងបញ្ជាក់ថា ក្នុងករណី​នៅតែ​បណ្តោយ​ឲ្យ​ដឹកជញ្ជូន​ ឬ​ផ្ទុក​ទម្ងន់​លើសពី​ ២០ ភាគរយ ត្រូវដក​បណ្ណបើកបរ និងព្យួរទុកចំនួន ២ឆ្នាំ ព្រមទាំងឃាត់យានជំនិះ​ទុកចំនួន ១ឆ្នាំ ដោយរក្សាទុក​នៅទីតាំង​ណាមួយសមស្រប ហើយម្ចាស់យានយន្ត​ត្រូវ​ទទួលខុសត្រូវ លើការដាក់ទំនិញ​និងបង់ថ្លៃឈ្នួលកន្លែង​ទុកដាក់​ថែទាំ​ទំនិញ និងយានជំនិះ​ដោយខ្លួនឯង។ បន្ថែមពីនេះ ក៏នឹងត្រូវបញ្ឈប់អាជីវកម្ម​ដឹកជញ្ជូន​របស់​ក្រុមហ៊ុនចំនួន ១ឆ្នាំ ក្នុងករណី​ទទួល​រងនូវការពិន័យ​អន្តរការណ៍​ម្តងរួចហើយ នៅតែបន្តប្រព្រឹត្តល្មើសទៀត។

 

 

ជាមួយគ្នានេះ ក្រសួងក្រសួងសាធារណការ ក៏បានព្រមានដាក់ទណ្ឌកម្មចំពោះមន្ត្រីស្ថានីយជញ្ជីងអចល័ត និងជញ្ជីងចល័តក្រោមឱវាទ ដែលអនុញ្ញាតឲ្យរថយន្តផ្ទុកលើសទម្ងន់កម្រិតកំណត់ធ្វើចរាចរណ៍លើបណ្តាញផ្លូវថ្នល់ផងដែរ។

 

គួរបញ្ជាក់ថា ការអនុវត្តនូវវិធានតឹងរឹងនេះ គឺដើម្បីធានាការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន និងសំណង់ឲ្យបានរឹងមាំស្ថិតស្ថេរគង់វង្ស និងធន់ជាប់តាមអាយុកាលបច្ចេកទេសសាងសង់ ព្រមទាំងចូលរួមចំណែកកាត់បន្ថយ ថវិកាជាតិក្នុងការជួសជុលថែទាំផ្លូវថ្នល់នៅទូទាំងប្រទេស។

 

 

យោងតាមច្បាប់ស្តីពីផ្លូវថ្នល់ បានកំណត់ថា បើអ្នកប្រើប្រាស់យានយន្តដឹកជញ្ជូនធុនធ្ងន់ដឹកជញ្ជូនទំនិញ​លើផ្លូវថ្នល់ ដែលផ្ទុកទម្ងន់ធ្វើឲ្យស្រុតផ្លូវថ្នល់ ឬបែកលូកាត់ទទឹងផ្លូវថ្នល់ ឬបាក់ស្ពាន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ដល់២ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀលដល់ ៤លានរៀល។ ដោយឡែក បើមន្ត្រីមានសមត្ថកិច្ចដែលអនុញ្ញាតឲ្យរថយន្តផ្ទុកលើសទម្ងន់ធ្វើឲ្យស្រុតផ្លូវថ្នល់ ឬ បែកលូកាត់ទទឹងផ្លូវថ្នល់ ឬបាក់ស្ពាន ត្រូវផ្តន្ទាទោសដូចចារី៕

 

អត្ថបទ៖ អឿន ភារ៉ា​ រូបភាព៖ ឯកសារ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024