ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥

កិច្ចព្រមព្រៀង RCEP ត្រូវបានរំពឹងថា នឹងជំរុញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងកាត់ព្រំដែននៅក្នុងចិន

២៤ ធ្នូ ២០២០ | សេដ្ឋកិច្ច

ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងកាត់ព្រំដែន ឬហៅថា Cross-border E-commerceនៅក្នុងប្រទេសចិន ត្រូវបានគេសង្ឃឹមយ៉ាងមុតមាំថា នឹងត្រូវបានជំរុញកំណើនកាន់តែខ្លាំងក្លានៅឆ្នាំខាងមុខនេះ តាមរយៈកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ឬហៅថា RCEP ដែលទើបតែបានចុះហត្ថលេខានាពេលថ្មីៗនេះ។

 

កិច្ចព្រមព្រៀងថ្នាក់តំបន់ RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលរួមបញ្ចូលសមាជិកប្រទេសចំនួន ១០ នៃសមាជិកអាស៊ាន ក៏ដូចជាប្រទេសជាដៃគូពាណិជ្ជកម្មសេរីចំនួន ៥ទៀត រួមមានប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែស័រឡង់។

 

ប្រទេសទាំង ១៥នេះ ត្រូវបានដឹងថា គឺមានប្រហែល ៣០% នៃចំនួនប្រជាជនសរុបរបស់ពិភពលោក និងមាន ៣០% នៃទំហំ GDP សរុបរបស់ពិភពលោកនៅឆ្នាំ២០២០នេះ ដែលវាបានធ្វើឲ្យកិច្ចព្រមព្រៀង RCEPនេះ ក្លាយជាប្លុកពាណិជ្ជកម្មធំជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ។


ក្រុមហ៊ុនពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងកាត់ព្រំដែន ដែលបង្កើតឡើងដោយជនជាតិជប៉ុន និងមានមូលដ្ឋាននៅក្នុងទីក្រុងឈីងតាវ នៃខេត្តជាប់មាត់សមុទ្រភាគខាងកើតនៃប្រទេសចិន គឺស្ថិតនៅក្នុងចំណោមក្រុមហ៊ុន ដែលមានសុទិដ្ឋិនិយម ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP នេះ។

 

 

 


លោក Kiyoshi Yoneyama ប្រធានក្រុមហ៊ុននេះបានឲ្យដឹងថា បន្ទាប់ពីកិច្ចព្រមព្រៀង RCEP ចូលជាធរមាន ផលិតផលម្ហូបអាហារ និងកសិកម្មល្អៗរបស់ជប៉ុន រួមទាំងសាច់ និងតែ ដែលពីមុនធ្លាប់មានការរឹតបន្ដឹងការនាំចូលនោះ នឹងអាចត្រូវបាននាំចូលក្នុងប្រទេសចិនបានហើយ ដែលវានឹងជួយផ្ដល់នូវគុណប្រយោជន៍ច្រើនសម្រាប់អ្នកផលិតក្នុងប្រទេសជប៉ុន។

 

 

 


ក្រុមហ៊ុនពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងដែនផ្សេងទៀត ក៏បានអះអាងដែរថា កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្នាក់តំបន់ RCEP នឹងអនុញ្ញាតឲ្យពួកគេនាំចូលផលិតផលពីបរទេសកាន់តែទូលំទូលាយ ជាមួយនឹងការចំណាយកាន់តែទាបជាងមុន។

 

 

 


អាជ្ញាធរក្រុងឈីងតាវ របស់ចិន ក៏បានលើកឡើងដែរថា កិច្ចព្រមព្រៀង RCEP ក៏នឹងផ្ដល់ប្រយោជន៍ច្រើនសម្រាប់ឧស្សាហកម្មក្នុងស្រុករបស់ចិនផងដែរ។
ការលក់របស់អាជីវកម្មពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងកាត់ព្រំដែន នៅក្នុងតំបន់ទីក្រុងឈីងតាវរបស់ចិន នៃតំបន់ពាណិជ្ជកម្មសេរីសាកល្បង ត្រូវបានរំពឹងថា នឹងកើនឡើង៦ដង ដល់ជាង ៣៣៦លានដុល្លារអាមេរិកនៅឆ្នាំ២០២០។

 

 

 


សូមបញ្ជាក់ថា កិច្ចព្រមព្រៀង RCEP ត្រូវបានចុះហត្ថលេខានៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ នៅអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ាន ដែលរៀបចំឡើងក្នុងប្រទេសវៀតណាម ហើយវានឹងត្រូវចូលជាធរមាន នៅក្នុងរយៈពេល៦០ ថ្ងៃ បន្ទាប់ពីត្រូវបានផ្ដល់សច្ចាប័ន ដោយយ៉ាងហោចណាស់ពីប្រទេសអាស៊ានចំនួន ៦ និងប្រទេសមិនមែនជាសមាជិកអាស៊ានចំនួន ៣ ទៀត ដែលជាប្រទេសហត្ថលេខី៕

 

 

 

 

អត្ថបទ៖ ចាន់ ភារម្យ និងរូបភាព CCTV

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025