ថ្ងៃច័ន្ទ ទី៣០ ខែធ្នូ ឆ្នាំ២០២៤

ថៃ នឹងបើកជើងហោះហើរក្នុងស្រុក នៅក្នុងតំបន់ក្រហម ចាប់ពីខែកញ្ញា

៣០ សីហា ២០២១ | សេដ្ឋកិច្ច

 

ប្រភពពីរាជរដ្ឋាភិបាលថៃ បានបញ្ជាក់ថា ជើងហោះហើរក្នុងស្រុកទាំងអស់ អាចនឹងចាប់ផ្តើមបើកដំណើរការឡើងនៅវិញ នៅក្នុងតំបន់ក្រហម ទីក្រុងបាងកក ដោយការរឹតបន្តឹងលើការដឹកជញ្ជូន ត្រូវបានបន្ធូរបន្ថយ តែមានការរឹតបន្តឹងទៅលើ ការអនុវត្តច្បាប់សុខភាព និងសុវត្ថិភាពវិញ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃនេះ។

 


ក្រសួងដឹកជញ្ជូនថៃ បានបញ្ជាក់ថា អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ នឹងចាប់ផ្តើមអនុញ្ញាតឲ្យ ក្រុមហ៊ុនអាកាសចរណ៍ អាចចាប់ផ្តើមជើងហោះហើរចេញ-ចូល តំបន់ក្រហម ដែលមានផ្ទុះមេរោគកូវីដ១៩ខ្លាំង ចាប់ពីថ្ងៃទី ១ ខែកញ្ញា ខាងមុខនេះតទៅ។


ការសម្រេចធ្វើយ៉ាងដូច្នេះ គឺបន្ទាប់ពី មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ១៩ បានសម្រេចបន្ធូរបន្ថយការរឹតបន្តឹងនៅក្នុងខេត្តចំនួន ២៩ រួមមានទាំងទីក្រុងបាងកកផងដែរ ដែលអនុញ្ញាតឲ្យ ប្រជាជន អាចធ្វើដំណើរចេញចូលតំបន់របស់ពួកគេអាច តែចំាបាច់ត្រូវអនុវត្តតាមវិធានការតាមដានសុខភាពទៅតាមគោលដៅរបស់ពួកគេ។


វិធានការជាក់ស្តែង និងជាស្តង់ដារនាពេលបច្ចុប្បន្ន សម្រាប់អ្នកធ្វើដំណើរឆ្លងខេត្ត គឺតម្រូវឲ្យប្រើប្រាស់កម្មវិធីតាមដានទំនាក់ទំនងរបស់ពួកគេ ហើយសម្រាប់អ្នកដែលចាកចេញពីតំបន់ក្រហម ត្រូវមានបញ្ជាក់លិខិតជាភ័ស្តតាងថា ពួកគេមិនមានផ្ទុកមេរោគកូវីដ១៩។


លើសពីនេះ ក្រុមហ៊ុនអាកាសចរណ៍ អាចលក់កៅអីសម្រាប់អ្នកដំណើរបានដល់ទៅ ៧០% នៃចំនួនសរុប ដែលកាលពីមុនកំណត់ត្រឹមតែ ៥០% ប៉ុណ្ណោះ ហើយការតម្លើងនេះ គឺដើម្បីបន្ទាបតម្លៃសំបុត្រធ្វើដំណើរ។ជាលទ្ធផល ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន ដូចជា Thai Smile, Thai AirAsia, Thai Lion Air បានប្រកាសថានឹងបើកដំណើរការជើងហោះហើរឡើងវិញ ចាប់ពីថ្ងៃទី ១ ខែកញ្ញានេះតទៅហើយ៕

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024