ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤

ការនាំចេញម្រេចរបស់វៀតណាម កំពុងប្រឈមនឹងបញ្ហាថ្លៃដឹកជញ្ជូនកើនឡើង

២៣ កក្កដា ២០២១ | សេដ្ឋកិច្ច

នៅក្នុងពាក់កណ្តាលឆ្នាំ ២០២១នេះ ប្រទេសវៀតណាម សម្រេចបាននូវការនាំចេញម្រេចជាង ១៥ម៉ឺនតោន ដែលរកប្រាក់ចំណូលបានជាង ៥០០លានដុល្លារអាមេរិក តែយ៉ាងណាវៀតណាម កំពុងប្រឈមនឹងបញ្ហាថ្លៃដឹកជញ្ជូនឡើងថ្លៃ។ នេះបើយោងតាមសារព័ត៌មានក្នុងស្រុកវៀតណាម ចេញផ្សាយនៅថ្ងៃនេះ។


សមាគមម្រេចវៀតណាម បានលើកឡើងថា វៀតណាម កំពុងមានហានិភ័យបាត់បង់ទីផ្សារនាំចេញម្រេច ដោយសារតែ ថ្លៃដឹកជញ្ជូនកើនឡើងខ្លាំង។ទោះយ៉ាងណា បរិមាណនាំចេញម្រេច ក្នុងរយៈពេល ៦ខែនេះ មានការធ្លាក់ចុះ ៧% ខណៈតម្លៃម្រេចនាំចេញ បានកើនឡើងដល់ទៅ ៤១% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។

 
មូលហេតុមួយផ្សេងទៀត ដែលធ្វើឲ្យការនាំចេញម្រេចរបស់វៀតណាម បន្តធ្លាក់ចុះ គឺដោយសារតែ វិបត្តិមេរោគកូវីដ១៩ ដែលធ្វើឲ្យទិន្នផលម្រេច ធ្លាក់ចុះ។
ថ្លៃឈ្នួលនៃការដឹកជញ្ជូនម្រេច គឺមាន ២ផ្នែកសំខាន់ៗ រួមមាន ថ្លៃឈ្នួលរបស់កំពង់ផែ ដូចជា ការលើកដាក់ទំនិញ ដំណើរការរដ្ឋបាលជាដើម និងមួយទៀតគឺ ថ្លៃកុងតឺន័រ សម្រាប់ដឹកជញ្ជូនឆ្លងសមុទ្រ។


សមាគម បានពន្យល់ទៀតថា តម្លៃដឹកជញ្ជូនម្រេចទៅកាន់ទីផ្សារសំខាន់ៗ ដូចជា អាមេរិក និងសហភាពអឺរ៉ុប បានកើនឡើងជាបន្តបន្ទាប់ ក្នុងរយៈពេល ៦ខែនេះ ដោយមិនបង្ហាញពីសញ្ញាស្រាកស្រាន្តណាមួយឡើយ។


ជាក់ស្តែង តម្លៃដឹកជញ្ជូនទំនិញពីវៀតណាម ទៅកាន់អាមេរិក ដោយប្រើប្រាស់ទូកុងតឺន័រទំហំ ៤០ហ្វីត គឺប្រមាណ ១ម៉ឺន ៣៥០០ដុល្លារអាមេរិក ខ្ពស់ជាងតម្លៃកាលពីឆ្នាំ ២០២០ ដែលកំណត់ត្រឹមតែ ២ពាន់ ទៅ ៣ពាន់ដុល្លារប៉ុណ្ណោះ។


ដោយឡែក ថ្លៃដឹកទំនិញពី វៀតណាម ទៅកាន់សហភាពអឺរ៉ុប ដែលធ្លាប់តែចំណាយប្រមាណ ១២០០ដុល្លារអាមេរិក បានកើនឡើងដល់ ១ម៉ឺន ១ពាន់ដុល្លារអាមេរិក។
យ៉ាងណាក៏ដោយ សម្រាប់ដៃគូប្រកួតប្រជែងរបស់វៀតណាម ដូចជា ប្រទេសឥណ្ឌា និងប្រទេសប្រេស៊ីលជាដើម ពុំមានការតម្លើងថ្លៃដឹកជញ្ជូនលើសលប់នោះទេ ដែលបង្កើតជាឱកាសឲ្យពួកគេ អាចបង្កើនការនាំចេញម្រេចទៅកាន់ទីផ្សារអាមេរិក និងសហភាពអឺរ៉ុបបាន។

 


ជាចុងក្រោយ សមាគមម្រេចវៀតណាម ក៏បានស្នើសុំដំណោះស្រាយពី រដ្ឋាភិបាលវៀតណាម ដោយអះអាងថា បញ្ហាថ្លៃដឹកជញ្ជូន និងវិបត្តិមេរោគកូវីដ១៩ បានរុញច្រានឲ្យ សហគ្រាសក្នុងស្រុកជាច្រើន មានបញ្ហាហិរញ្ញវត្ថុ ហើយអាចនឹងក្ស័យធនក្នុងពេលឆាប់ៗខាងមុខ៕
 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024