ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤
មហាអំណាចសេដ្ឋកិច្ចចិន បានសម្រេចកាត់បន្ថយការនាំចូលគ្រឿងសមុទ្រពី វៀតណាម ដោយសារបញ្ហាកូវីដ១៩ ដោយភាគីចិន បានរឹតបន្តឹងលក្ខខណ្ឌនាំចូលជាច្រើន បន្តជាការលំបាកដល់ វិស័យជលផលរបស់វៀតណាម។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។
សមាគមអ្នកផលិត និងនាំចេញគ្រឿងសមុទ្រវៀតណាម បានបង្ហាញថា នៅក្នុងរយៈពេល ៧ខែ ដើមឆ្នាំ ២០២១នេះ ការនាំចេញគ្រឿងសមុទ្រពី វៀតណាម ទៅកាន់ប្រទេសចិន សម្រេចបានជាទឹកប្រាក់ប្រមាណ ២៣៨លានដុល្លារអាមេរិក មានការធ្លាក់ចុះជាង ៥% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។
បញ្ហាចំបង កើតមានឡើងនៅចន្លោះថ្ងៃទី ២០ ខែមិថុនា ដល់ថ្ងៃទី ១៥ ខែកក្កដា ដែលតំបន់ពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់ចិន គឺតំបន់ហ្សង់ជាំង បានសម្រេចហាមឃាត់ការនាំចូលគ្រឿងសមុទ្រកក ពីបណ្តាប្រទេសចំនួន ១១ ដែលរួមមានទាំង ឥណ្ឌា វៀតណាម និងថៃ ដោយសារតែបញ្ហាមេរោគកូវីដ១៩។
លើសពីនេះ ការនាំចេញត្រីប្រាពីវៀតណាម ទៅកាន់ប្រទេសចិន ក៏មានការធ្លាក់ចុះ ដោយក្នុងត្រីមាសទី ២ បានធ្លាក់ចុះ ១១% ហើយនៅក្នុងត្រីមាសទី ៣ នេះ អាចនឹងបន្តការធ្លាក់ចុះទៀត ដែលប៉ះពាល់ក្រុមហ៊ុនវៀតណាមជាង ១០០ក្រុមហ៊ុន។
សមាគមអ្នកផលិត និងនាំចេញគ្រឿងសមុទ្រវៀតណាម អះអាងថា ទោះបីជា ចិន មានតម្រូវការផលិតផលគ្រឿងសមុទ្រវៀតណាមច្រើនក៏ដោយ រដ្ឋាភិបាលចិន នៅតែចាត់វិធានការក្តៅ រឹតបន្តឹងគ្រប់លក្ខខណ្ឌនៃការនាំចូល ហើយជាពិសេស ប្រជាជនចិន ចាប់ផ្តើមងាកទៅប្រើប្រាស់ផលិតផលក្នុងស្រុកវិញ ដែលធ្វើឲ្យ រដ្ឋាភិបាលចិន កាន់តែរឹតបន្តឹងលើការនាំចូល។
បន្ថែមលើនេះ ចិន ក៏បានរឹតបន្តឹងលើការនាំចូលផលិតផលកសិកម្មពីប្រទេសវៀតណាម នៅតាមតំបន់ពាណិជ្ជកម្មតាមព្រំដែន ដូចជា ខេត្តយូណាន ប្រទេសចិន ដែលផ្អាកនាំចូលផលិតផលកសិកម្មវៀតណាមជាង ១ខែទៅហើយ។
គួរជម្រាបផងដែរថា នៅក្នុងរយៈពេល ៧ខែ ដើមឆ្នាំ ២០២១នេះ វៀតណាម សម្រេចការនាំចេញទំនិញប្រមាណ ២៨ពាន់លានដុល្លារអាមេរិក ទៅកាន់ប្រទេសចិន ដែលមានកំណើនដល់ទៅ ២៤% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន៕
អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ