ថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥
ពលរដ្ឋបារាំងរស់នៅទីក្រុងប៉ារីស ត្រូវប្រញាប់ប្រញាល់ស្រូតរូតធ្វើដំណើរចូលស្នាក់នៅក្នុងគេហដ្ឋានរៀងៗខ្លួន បន្ទាប់ពីអាជ្ញាធរបានចេញសារាចរណ៍ថ្មីមួយហាមធ្វើដំណើរនៅពេលយប់។ បទបញ្ជានេះត្រូវអនុវត្តចាប់ពីយប់មិញតទៅនៅវេលាម៉ោង៨។ ទោះជាយ៉ាងណាក្ដី នៅតំបន់ដទៃទៀត រដ្ឋាភិបាលបានសម្រេចចិត្តដកចេញការបិទប្រទេសជាលើកទី២។ ដូច្នេះ ប្រជាពលរដ្ឋទូទៅអាចធ្វើដំណើរបានជាធម្មតា។
គេឃើញហាងលក់ទំនិញនានានៅទីក្រុងប៉ារីសបិទទ្វារតាំងពីមុនម៉ោង៨ទៅទៀត ដើម្បីទុកពេលវេលាខ្លះឲ្យបុគ្គលិករបស់ខ្លួនអាចវិលត្រឡប់ទៅផ្ទះវិញឲ្យបានយ៉ាងយូរត្រឹមម៉ោង៨ ឬមុននេះ។ បើមិនដូច្នេះទេ អាជ្ញាដាក់រនាំងតាមផ្លូវ លែងអាចធ្វើដំណើរបាន ហើយត្រូវគាំងដំណើរនៅកណ្ដាលផ្លូវជាមិនខាន។ ចំណែកម្ចាស់ហាងខ្លះទៀតប្រាប់ថាពួកធ្លាប់តែបើកហាងដល់យប់ជ្រៅ ឬសឹងតែទល់ភ្លឺ។ លុះពេលអាជ្ញាធរចេញសារាចរណ៍ថ្មីបែបនេះ ពួកគេសឹងតែភ្លេចភ្លាំងម្ដងម្កាលដែរ។
សម្រាប់ប្រទេសបារាំង ចំនួនអ្នកជំងឺ ខូវីដ១៩ ដែលឈានដល់ដំណាក់កាលត្រូវចូលសម្រាកនៅមន្ទីរពេទ្យ បានថយចុះបន្តិចវិញ បើគេប្រៀបធៀបនឹងអត្រាចូលពេទ្យកាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ដែលបានហក់ឡើងខ្ពស់គួរឲ្យព្រួយបារម្ភ។ ដោយឡែក ចំនួនអ្នកឆ្លងជំងឺ ខូវីដ១៩ សរុបនៅទូទាំងប្រទេសបារាំងបានកើនឡើងដល់ជាង២លាន ៣សែននាក់ ហើយធ្វើឲ្យប្រទេសនេះនៅតែបន្តគ្រប់គ្រងតំណែងលេខប្រាំនៅលើពិភពលោកដដែល៕
ប្រែសម្រួល៖ អន សំអាង