ថ្ងៃព្រហស្បតិ៍ ទី០៥ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី០៥ ខែមិថុនា ឆ្នាំ២០២៥
ចាប់តាំងពីល្ងាចថ្ងៃទី២ ខែតុលា រហូតមកទល់ថ្ងៃទី១៣ តុលានេះ កម្មករផ្នែកបើកបរ និងផ្នែកប្រមូលសំរាម របស់ក្រុមហ៊ុន ស៊ីនទ្រី នៅបន្តធ្វើកូដកម្ម នៅទីតាំងរបស់ក្រុមហ៊ុន ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ។ ប៉ុន្តែការទាមទារ ដែលពីមុន មានចំនួន ៥ចំណុច ត្រូវបានក្រុមកម្មករ ទម្លាក់ នៅសល់តែ ២ចំណុចប៉ុណ្ណោះ គឺទាមទារប្រាក់បំណាច់អតីតភាពការងារ និងប្រាក់បំណាច់ឆ្នាំ ដែលនៅសល់។
បន្ទាប់ពីមានការផ្ទុះកូដកម្មតវ៉ា និងមានការចរចាមិនស្រុះស្រួលគ្នា តាំងពីល្ងាចថ្ងៃទី២ ខែតុលា រហូតមកទល់ថ្ងៃទី១៣ តុលានេះ កម្មករផ្នែកបើកបរ និងផ្នែកប្រមូលសំរាម របស់ក្រុមហ៊ុន ស៊ីនទ្រី ដែលនៅបន្តធ្វើកូដកម្មនៅទីតាំងរបស់ក្រុមហ៊ុន សង្កាត់ដង្កោ ខណ្ឌដង្កោ បានទម្លាក់ការទាមទារនៅសល់តែ២ចំណុចប៉ុណ្ណោះ គឺទាមទារប្រាក់បំណាច់អតីតភាពការងារ និងប្រាក់បំណាច់ឆ្នាំដែលនៅសល់។
ឆ្លើយតបជាមួយនឹងសកម្មភាពបន្តធ្វើកូដកម្ម មិនគោរពតាមខ្លឹមសារដែលមាននៅក្នុងកំណត់ហេតុ អង្គប្រជុំកាលពីថ្ងៃទី៧ ខែតុលា របស់ក្រុមកម្មករមួយចំនួនរបស់ក្រុមហ៊ុន ស៊ីនទ្រី រដ្ឋបាលរាជធានីភ្នំពេញេ នៅតែបន្តអំពាវនាវឱ្យកម្មករនិយោជិតទាំងអស់របស់ក្រុមហ៊ុន ស៊ីនទ្រី ចូលធ្វើការងារឡើងវិញ កុំបន្តធ្វើកូដកម្មខុសច្បាប់តទៅទៀត ដែលនាំឱ្យបាត់បង់ប្រាក់អត្ថប្រយោជន៍នានាដែលច្បាប់កំណត់។ ហើយក្នុងករណីចូលបម្រើការងារវិញ រដ្ឋបាលរាជធានីភ្នំពេញ នៅតែបន្តធានាដដែល នូវខ្លឹមសារដែលមាននៅក្នុងកំណត់ហេតុ អង្គប្រជុំកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០។
គួរបញ្ជាក់ថា កម្មកររបស់ក្រុមហ៊ុនសិនទ្រី បានចាប់ផ្តើមធ្វើកូដកម្មតវ៉ាផ្អាកសកម្មភាពក្នុងការប្រមូលសំរាម តាំងពីល្ងាចថ្ងៃទី០២ ខែតុលា ដើម្បីទាមទារឲ្យក្រុមហ៊ុនបំពេញតាមលក្ខខណ្ឌផ្សេងៗ រួមមាន ការទាមទារប្រាក់បំណាច់អតីតភាពការងារ ប្រាក់សំណងជំងឺចិត្ត ប្រាក់ជួសការជូនដំណឹងមុន ប្រាក់ខែចុងក្រោយ ការឈប់សម្រាកប្រចាំឆ្នាំដែលនៅសេសសល់ ប៉ុន្តែការទាមទាររបស់កម្មករទាំងនេះ ត្រូវខាងភាគីក្រុមហ៊ុន ស៊ីនទ្រី ថាមិនស្របតាមច្បាប់ស្ដីពីការងារ និងលិខិតបទដ្ឋានគតិយុត្ត ។
ក្រោយចរចាគ្នាកាលពីព្រឹកថ្ងៃទី០៧ តុលា ជាលទ្ធផលភាគីទាំងអស់បានព្រមព្រៀងគ្នា រួមមាន ទី១៖ ចំពោះសំណើរបស់កម្មករនិយោជិតទាមទារឲ្យក្រុមហ៊ុនដោះស្រាយពេលបញ្ចប់កិច្ចសន្យា ក្រុមហ៊ុនទទួលដោះស្រាយតាមច្បាប់ស្ដីពីការងារ ហើយរដ្ឋបាលរាជធានីភ្នំពេញ ជាអ្នកធានាខុសត្រូវ ទី២៖ ចំពោះការងាររបស់កម្មករនិយោជិត ទៅថ្ងៃខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ ធានាមិនបាត់បង់ឡើយ ទោះបីក្រុមហ៊ុនស៊ីនទ្រី ដេញថ្លៃជាប់ ឬមិនជាប់ក៏ដោយ និងទី៣៖ កម្មករនិយោជិតទាំងអស់នាំគ្នាចូលធ្វើការងារជាធម្មតាវិញ ចាប់ពីរសៀលថ្ងៃទី០៧ ខែតុលា តទៅ។ ទោះជាយ៉ាងនេះក្តីមកទល់នឹងថ្ងៃទី១៣ តុលានេះ កម្មករផ្នែកបើកបរ និងផ្នែកប្រមូលសំរាម របស់ក្រុមហ៊ុន ស៊ីនទ្រី មួយចំនួននៅតែបន្តធ្វើកូដកម្មនៅទីតាំងរបស់ក្រុមហ៊ុនក្នុងខណ្ឌដង្កោដដែល៕
អត្ថបទ និងរូបភាព៖ សន រដ្ឋា