ថ្ងៃព្រហស្បតិ៍ ទី០៥ ខែមិថុនា ឆ្នាំ២០២៥

កម្មករក្រុមហ៊ុន ស៊ីនទ្រី ចេញប្រមូលសំរាមឡើងវិញ ក្រោយទទួលយកដំណោះស្រាយ និងមានការ ធានាខុសត្រូវពីរដ្ឋបាលរាជធានីភ្នំពេញ

០៨ តុលា ២០២០ | ព័ត៌មានជាតិ

បុគ្គលិកក្រុមហ៊ុន ស៊ីនទ្រី បានចេញប្រមូលសំរាមឡើងវិញហើយ នៅរសៀលថ្ងៃទី០៧ ខែតុលានេះ ក្រោយពីមានការប្រជុំសម្របសម្រួលដោះស្រាយ កាលពីព្រឹកមិញ។ ជាមួយគ្នានោះ ចំពោះសំណើរបស់កម្មករនិយោជិត ទាមទារឲ្យក្រុមហ៊ុនដោះស្រាយពេលបញ្ចប់កិច្ចសន្យា ក្រុមហ៊ុនទទួលដោះស្រាយតាមច្បាប់ ស្ដីពី ការងារ ហើយការងាររបស់កម្មករនិយោជិត ទៅថ្ងៃខាងមុខ ក៏ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ធានាមិនឲ្យបាត់បង់ឡើយ ទោះបីក្រុមហ៊ុនស៊ីនទ្រី ដេញថ្លៃជាប់ ឬមិនជាប់ ក្នុងការប្រមូលសំរាមនៅរាជធានីភ្នំពេញតទៅទៀត ក៏ដោយ។ 

 


កម្មករប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ិនទ្រីប្រមាណជាង២ពាន់នាក់ បានសម្រេចចិត្តចេញប្រមូលសំរាម នៅក្នុងរាជធានីភ្នំពេញឡើងវិញ នៅរសៀលថ្ងៃទី០៧ ខែតុលា ក្រោយពីមានការប្រជុំសម្របសម្រួលដោះស្រាយនៅទីតាំងរបស់ក្រុមហ៊ុនស៊ិនទ្រី ក្នុងខណ្ឌដង្កោ កាលពីព្រឹកមិញនេះ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុន ស៊ីនទ្រី តំណាងក្រុមកម្មករ អភិបាលរាជធានីភ្នំពេញ តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងតំណាងក្រសួងបរិស្ថាន។

 


នៅក្នុងកំណត់ហេតុនៃការសម្របសម្រួលកាលពីព្រឹកមិញនេះ ជាលទ្ធផល ភាគីទាំងអស់បានចរចារនិងព្រមព្រៀងគ្នា រួមមាន ទី១៖ ចំពោះសំណើរបស់កម្មករនិយោជិតទាមទារឲ្យក្រុមហ៊ុនដោះស្រាយពេលបញ្ចប់កិច្ចសន្យា ក្រុមហ៊ុនទទួលដោះស្រាយតាមច្បាប់ស្ដីពីការងារ ហើយរដ្ឋបាលរាជធានីភ្នំពេញ ជាអ្នកធានាខុសត្រូវ ទី២៖ ចំពោះការងាររបស់កម្មករនិយោជិត ទៅថ្ងៃខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ ធានាមិនបាត់បង់ឡើយ ទោះបីក្រុមហ៊ុនស៊ីនទ្រី ដេញថ្លៃជាប់ ឬមិនជាប់ក៏ដោយ និងទី៣៖ កម្មករនិយោជិតទាំងអស់នាំគ្នាចូលធ្វើការងារជាធម្មតាវិញ ចាប់ពីរសៀលថ្ងៃទី០៧ ខែតុលា នេះតទៅ។

 


គួរបញ្ជាក់ថា កម្មកររបស់ក្រុមហ៊ុនសិនទ្រី បានចាប់ផ្តើមធ្វើកូដកម្មតវ៉ាផ្អាកសកម្មភាពក្នុងការប្រមូលសំរាម ដើម្បីទាមទារឲ្យក្រុមហ៊ុនបំពេញតាមលក្ខខណ្ឌផ្សេងៗ តាំងពីល្ងាចថ្ងៃទី០២ ខែតុលា ។ លក្ខខណ្ឌដែលក្រុមកម្មករទាមទារនោះរួមមាន ការទាមទារប្រាក់បំណាច់អតីតភាពការងារ ប្រាក់សំណងជំងឺចិត្ត ប្រាក់ជួសការជូនដំណឹងមុន ប្រាក់ខែចុងក្រោយ ការឈប់សម្រាកប្រចាំឆ្នាំដែលនៅសេសសល់ ប៉ុន្តែការទាមទាររបស់កម្មករទាំងនេះ ត្រូវខាងភាគីក្រុមហ៊ុន ស៊ីនទ្រី ថាមិនស្របតាមច្បាប់ស្ដីពីការងារ និងលិខិតបទដ្ឋានគតិយុត្ត ដោយសំអាងថា ក្រុមហ៊ុនពុំបានបញ្ចប់ការងាររបស់កម្មករ និងកំពុងតែដំណើរការធម្មតា ៕

អត្ថបទ៖ សន រដ្ឋា រូបភាព៖ ញិល សុជា
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025