ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០២៥
សត្វកណ្ដុរប្រែងខ្នាតធំមួយក្បាល ដែលមានស្រុកកំណើតនៅទ្វីបអាហ្វ្រិក បានទទួលគ្រឿងឥស្សរិយយសឆ្នើមបំផុត គឺមេដាយមាសមួយគ្រឿងកាលពីពេលថ្មីៗនេះចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វា នៅក្នុងការជួយសង្គ្រោះអាយុជីវិតមនុស្សពីការជាន់មីន។ សត្វនេះបានចូលរួមបំពេញតួនាទីយ៉ាងសកម្មនៅក្នុងបេសសកកម្មបោសសម្អាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅប្រទេសកម្ពុជា។
សត្វកណ្ដុរប្រែងអាហ្វ្រិកឈ្មោះម៉ាកាវ៉ា (Magawa) ដែលមានឋនន្តរស័ក្ដិជាផ្លូវការថា «កណ្ដុរក្លាហាន ហេរ៉ូរ៉េត (HeroRAT)» បានដើររកមីនអស់រយៈពេលប្រាំពីរឆ្នាំកន្លងមកហើយ។ សត្វនេះបានរាវរកមីនសរុប៣៩គ្រាប់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន២៨គ្រាប់នៅក្នុងអាជីពរបស់គេ។ ម៉ាកាវ៉ា បានបោសសម្អាតមីននៅលើផ្ទៃដី ដែលមានទំហំស្មើនឹងតារាងបាល់ទាត់ចំនួនម្ភៃ និងអាចដើររាវមីននៅលើផ្ទៃដីប៉ុនតារាងវាយតិន្នីស ដោយប្រើប្រាស់ពេលវេលាត្រឹមតែម្ភៃនាទីប៉ុណ្ណោះ។
កិច្ចការនេះ បើប្រគល់ឲ្យបុគ្គលិករាវមីនជាមនុស្សធ្វើ ត្រូវស៊ីពេលចន្លោះពី១ថ្ងៃទៅ២ថ្ងៃ។ សត្វកណ្ដុរប្រែងឈ្មោះ ម៉ាកាវ៉ា បានត្រូវរើសយកទៅចិញ្ចឹម និងបំពាក់បំប៉នជំនាញខាងហិតមីន និងរាវមីន ពីសំណាក់អង្គការ អឹនជីអូ (NGO) ដែលមានទីស្នាក់ការនៅប្រទេសតង់ហ្សានី (Tanzania)។ អង្គការនេះចិញ្ចឹមសត្វកណ្ដុរជាច្រើនក្បាលសម្រាប់ប្រើប្រាស់នៅក្នុងការរាវមីន។ បន្ទាប់ពីឆ្លងកាត់វគ្គបណ្ដុះបណ្ដាលរយៈពេល១ឆ្នាំ ម៉ាកាវ៉ា ទទួលបានវិញ្ញាបនបត្រដែលបញ្ជាក់ថាគេមានគុណវុឌ្ឍិគ្រប់គ្រាន់ក្នុងការបំពេញការងារ។
ម៉ាកាវ៉ា ជាសត្វកណ្ដុរដំបូងបំផុតដែលទទួលបានមេដាយមាស។ នេះជារង្វាន់ពីអង្គការសប្បុរសធម៌របស់អង់គ្លេស និងជាពានរង្វាន់ដ៏ឆ្នើមបំផុតសម្រាប់សត្វ។ កាលពីពេលកន្លងមក មេដាយមាសធ្លាប់តែប្រគល់ទៅឲ្យសត្វដទៃទៀត ដែលមានស្នាដៃឆ្នើមនៅក្នុងការបំពេញការងារជួយសង្គ្រោះអាយុជីវិតរបស់មនុស្ស៕
ប្រែសម្រួល៖ អន សំអាង