ថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥

ក្រុមបុរាណវត្ថុវិទូបានរកឃើញផ្នូរបុរាណកាលពី៣ពាន់ឆ្នាំមុននៅប្រាសាទមួយនៅប្រទេសប៉េរូ

២៥ សីហា ២០២៥ | កម្សាន្ដ

ក្រុមបុរាណវត្ថុវិទូនៅភាគខាងជើងប្រទេសប៉េរូបានរកឃើញផ្នូរបុរាណមួយនៅប្រាសាទពូម៉ាប៉េ (Puemape) ដែលអាចផ្ដល់ចំណេះដឹងអំពីស្ថាបត្យកម្មពិធីសាសនាដំបូងបង្អស់សម្រាប់ប្រទេសនេះ។

 


ដោយមានទីតាំងស្ថិតនៅលើវាលខ្សាច់នៃជ្រលងភ្នំមួយនៅក្នុងតំបន់ឡាលីប៊ឺតាដ (La Libertad) របស់ប្រទេសប៉េរូ បុរាណដ្ឋាន ឬប្រាសាទពូម៉ាប៉េត្រូវបានសិក្សាជាលើកដំបូងនៅក្នុងឆ្នាំ១៩៩០ និងបានផ្សារភ្ជាប់វាទៅនឹងវប្បធម៌បុរាណឃូពិសនិក (Cupisnique) នៅប្រទេសប៉េរូ។

 


ថ្មីៗនេះ កំណាយដែលដឹកនាំដោយកម្មវិធីបុរាណវត្ថុវិទ្យាឈីខាម៉ា (Chicama) របស់សាកលវិទ្យាល័យ ជាតិសានម៉ាកូស (San Marcos) បានរកឃើញផ្នូរខ្មោចបុរាណមួយដែលបានបង្ហាញអំពីសកម្មភាពរបស់មនុស្សនៅឯប្រាសាទពូម៉ាប៉េដែលមានអាយុកាលតាំងពីឆ្នាំ២២០០មុនគ្រឹស្តសករាជមកម្ល៉េះ។

 


ក្នុងចំណោមរបកគំហើញនេះ ក្រុមបុរាណវត្ថុវិទូបានរកឃើញគ្រោងឆ្អឹងចំនួន១៤គ្រោងដែលត្រូវបានគេកប់ផ្កាប់មុខ ហើយគ្រោងឆ្អឹងខ្លះត្រូវបានចងដៃទៅក្រោយខ្នង។ លោក ហិនរី តង់តាលៀន (Henry Tantalean) ប្រធានកម្មវិធីបុរាណវិទ្យា Chicama បាននិយាយថា របៀបដែលគ្រោងឆ្អឹងទាំងនេះត្រូវបានកប់បែបនេះអាចបង្ហាញពីទម្រង់ធម្មតានៃការបញ្ចុះសពរបស់មនុស្សសម័យកាលនោះ។

 


ក្រុមបុរាណវត្ថុវិទូជឿថា អដ្ឋិធាតុទាំងនេះមានអាយុកាលប្រហែល១០០០មុនគ្រឹស្តសករាជ ហើយអាចជាប់ទាក់ទងនឹងការគោរពបូជាតាមពិធីសាសនា ឬការបញ្ចុះសពតាមវប្បធម៌សាលីណាដែលបានសាបព្រោះនៅទីតាំងនេះនៅសម័យកាលនោះ។

 


គ្រោងឆ្អឹងទាំងនេះត្រូវបានរកឃើញនៅល្អទាំងស្រុងនៅក្នុងបរិវេណប្រាសាទនេះដោយក្រុមស្រាវជ្រាវអាចសន្និដ្ឋានបានថា ប្រាសាទនេះត្រូវបានគេគោរពបូជាតាមបែបសាសនាជាយូរមកហើយក្រោយពីគេឈប់ប្រើវាហើយ៕

 

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025