ថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥

ឆឹម សក្កដា ទទូចឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នការបរិច្ចាគថវិកាជួយជនភៀសសឹក និងកងទ័ពជួរមុខតាមរយៈ QR  ជៀសវាងជនឆបោកឆ្លៀតឱកាស

២៦ សីហា ២០២៥ | កម្សាន្ដ

 

បន្ទាប់ពីបាននាំយកអំណោយទៅប្រគល់ជូនដល់វីរកងទ័ពការពារតាមព្រំដែន និងបងប្អូនជនភៀសសឹកតាមទីតំបន់សុវត្ថិភាព តារាចម្រៀង ឆឹម សក្កដា  ទទូចឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នក្នុងការបរិច្ចាគថវិកាតាមរយៈ QR  ជៀសវាងជនឆបោកឆ្លៀតឱកាសតាមរូបភាពផ្សេងៗ។

 

 

មិនខុសពីសិល្បករផ្សេងៗដែលឈ្មុសឈ្មុលផ្តួចផ្តើមបង្កើតមូលនិធិសម្រាប់ទ្រទ្រង់ដល់វីរកងទ័ពកំពុងការពារតាមបន្ទាត់ព្រំដែន និងបងប្អូនជនភៀសសឹកនៅខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យ តារាចម្រៀង និងជាតារាសម្តែង លោក ឆឹម សក្កដា ក៏បានកៀរគរសិល្បករមួយក្រុមទៀត បង្កើតជាមូលធិនិផ្ទាល់ខ្លួនសម្រាប់ជួយដល់វីរកងទ័ពការពារតាមព្រំដែន និងបងប្អូនជនភៀសសឹកតាមទីតំបន់សុវត្ថិភាពផ្សេងៗគ្នា។

 

 

ថ្មីៗកន្លងទៅនេះ តារាចម្រៀងរូបនេះ និងសិល្បករជាច្រើនរូប បាននាំយកអំណោយដែលទទួលបានពីការរ៉ៃអង្គាសពីបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ ទៅប្រគល់ជូនវីរកងទ័ព និងបងប្អូនជនភៀសសឹក។

 

 

បន្ទាប់ពីបានជួបជជែកផ្ទាល់ និងទទួលស្តាប់ពីបទពិសោធន៍នៅសមភូមិជួរមុខរួចមក ជំរុញស្មារតី និងមនសិកាស្នេហាជាតិរបស់ខ្លួន ពុះកញ្ជ្រោលឡើងកាន់តែខ្លាំង ដោយអះអាងថា លោក និងសិល្បករផ្សេងៗទៀតនឹងបន្តធ្វើសកម្មភាពរ៉ៃអង្គាសបន្តទៀតដើម្បីប្រមូលថវិកាជួយដល់វីរកងទ័ព ដែលក្លាហានហ៊ានពលីសាច់ស្រស់ឈាមស្រស់ដើម្បីការពារបូរណភាពទឹកដីរបស់យើង។

 

 

ឆ្លៀតឱកាសនេះផងដែរ លោក ឆឹម សក្កដា ក៏ទទូចសូមឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបរិច្ចាគថវិកាតាមរយៈ QR ផ្សេងៗដែលបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ជៀសវាងជនឆបោកឆ្លៀតឱកាសបន្លំយករូបភាពទាហានមកប្រើប្រាស់ ដើម្បីរ៉ៃអង្គាសថវិកា តែថវិកាទាំងនោះមិនបានដល់ដៃបងប្អូនទាហានឡើយ ព្រោះវាការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត។

 

 

ទទូចសូមម្តងហើយម្តងទៀត លោក ឆឹម សក្កដា ថា ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានបំណងចូលរួមជួយដល់មូលនិធិផ្សេងៗ សូមពិនិត្យមើលឱ្យបានល្អិតល្អន់ថា តើមូលនិធិទាំងនោះពិតជាបានប្រគល់ជូនដល់ដៃវីរៈកងទ័ពការពារតាមព្រំដែន និងបងប្អូនជនភៀសសឹកមែនឬអត់ ជៀសវាសជនឆ្លៀតឱកាសធ្វើការឆបោកតាមរូបភាពផ្សេងៗ៕


 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និងហ្វេសប៊ុក

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025