ថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥
ផ្ដើមចេញពីការឈឺចាប់របស់កូនខ្មែរដែលរងនូវការឈ្លានពានពី សៀម ប៉ីប៉ី ឌី ប្រកាសធ្វើពហិការមិនបញ្ចាំងរឿង «ភូមិគ្រឹះអាគម» ក្នុងរោងភាពយន្ត ថៃដាច់ខាត។នេះជាការលើកឡើងយ៉ាងដាច់អហង្ការរបស់តារាកំប្លែងស្ងួត លោក សែម ឡុងឌី ហៅ ប៊ីប៊ី ឌី ខណៈអារម្មណ៍កំពុងតែពុះកញ្ជ្រោល និងរំភើបញាប់ញ័រខ្លាំងជាមួយការត្រៀមចាក់បញ្ចាំងស្នាដៃខ្សែភាពយន្តខ្នាតធំដំបូងរបស់ផលិតកម្ម Film Corner ចំណងជើងថា «ភូមិគ្រឹះអាគម»។
ក្រោយសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់លើគុណភាពសាច់រឿង បច្ចេកទេសប្លង់ថត និងការកាត់តប្រកបដោយភាពច្នៃប្រតិដ្ឋអស់រយៈពេលប្រមាណ ១ឆ្នាំ ទីបំផុតខ្សែភាពយន្តខ្នាតធំរឿង «ភូមិគ្រឹះអាគម» ឬ «The Magic» ត្រូវបានសម្ភោធចាក់បញ្ចាំងជាផ្លូវការយ៉ាងអធិកអធម កាលពីល្ងាចថ្ងៃទី២៥ ខែសីហា ម្សិលមិញនេះ នៅរោងភាពយន្ត លេជេន ខេម៉ល ដោយមានការចូលរួមពីសិល្បករសិល្បការនីល្បីៗយ៉ាងច្រើនកុះករ អមដោយការតុបតែងងបែបសម័យអាណានិគមនិយមបារាំងស្អាតៗ មើលទៅប្លែកភ្នែកខ្លាំងតែម្តង។
ចាងហ្វាងផលិតកម្មវ័យក្មេងពេញដោយសក្កានុពលរូបនេះ ឱ្យដឹងថា «ភូមិគ្រិះអាគម» គឺជាភាពយន្តដំបូងបើកមុខឱ្យផលិតកម្ម Film Coner ហើយក៏ជាស្នាដៃភាពយន្តចុងក្រោយនៃការដឹកនាំសម្ដែងរបស់អ្នកដឹកនាំរឿង កៅ សីហា ក្រោមស្នាដៃនិពន្ធរបស់សាស្ត្រាចារ្យអក្សសាស្ត្រខ្មែរ យូ សុភា និងសម្រួលខ្លឹមសារដោយអ្នកនិពន្ធល្បីឈ្មោះ ពៅ មករា និងលោក ទ្រី សក្កដា។
ក្រៅពីភាពរន្ធត់ព្រឺព្រួចលាយឡំភាពកំប្លុកកំប្លែងជា Signature របស់ក្រុម រឿង «ភូមិគ្រិះអាគម» បានច្បិចយកអបិយជំនឿពីបុរាណពាក់ព័ន្ធមន្តអាគមមកបង្កើតជាសាច់រឿងដ៏ប្រទាក់ក្រឡាសម្រាប់អ្នកទស្សនា ពិសេស តួអង្គអ្នកស្រីទី៣ សម្តែងដោយតារាភេទទី៣ ម៉ែសេះ ផ្ទាល់តែម្តង ដែលនឹងផ្តល់នូវរសជាតិសម្តែងថ្មីមួយបែបទៀតដល់អ្នកទស្សនា។
ក្រឡេកទៅមើល តារាសម្តែងដ៏មានទេពកោសល្យ លោក លី សុខគីមសាន ហៅ ប្រុសខួច និង កញ្ញា វី ឌីណែត ឯណោះវិញ ក៏បង្ហាញអារម្មណ៍រំភើបចំពោះការចាក់បញ្ចាំងរឿង «ភូមិគ្រិះអាគម» ដោយអ្នកទាំងពីរលើកឡើងយ៉ាងដូច្នេះថា៖
តាមការបញ្ជាក់របស់ ប៊ីប៊ី ឌី រឿង រឿង «ភូមិគ្រិះអាគម» នេះ ចំណាយទុនផលិតប្រមាណ ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ហើយលោកមិនខ្វល់ប្រាក់ខាត ឬចំណេញពីការចាក់បញ្ចាំងរឿងនេះឡើយ។ ផ្ទុយទៅវិញ លោក និងក្រុមការងារពេញចិត្តធ្វើពិហិការមិនបញ្ចាំងរឿងនេះក្នុងរោងកុនមានប្រភពពីសៀមដាច់ខាត។សូមជម្រាបថា រឿង «ភូមិគ្រឹះអាគម» ឬ «The Magic» នឹងចាក់បញ្ចាំងជាផ្លូវការនៅគ្រប់រោងភាពយន្តទំនើបនៅរាជនីភ្នំពេញ និងរោងភាពយន្តតាមបណ្តាខេត្ត ចាប់ពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះតទៅ លើកលែងតែរោងភាពយន្តដែលមានប្រភពមកពីសៀមតែប៉ុណ្ណោះដែលពិហិការមិនចាក់បញ្ចាំង៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច