ថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥

ចប់ភារកិច្ចពីអន្តរជាតិ ខុន ស្រីខួច បន្តបង្រឹងទីផ្សារសិល្បៈតាមរយៈការបង្កើតកម្មវិធីលើកកម្ពស់ យេនឌ័រ ផ្ទាល់ខ្លួនក្នុងគោលបំណងធំៗមួយនេះ

២៧ សីហា ២០២៥ | កម្សាន្ដ

 

 

ក្រោយចប់ភារកិច្ចបវរកញ្ញា កញ្ញា ខុន ស្រីខួច ងាកមកផលិតវីដេអូខ្លីៗអប់រំពីរឿងរ៉ាវស្នេហា កម្មវិធីលើកកម្ពស់យេនឌ័រ ដើម្បីពង្រឹងទីផ្សារសិល្បៈរបស់ខ្លួនបន្ថែមទៀត។

 

 

ក្រោយចប់ភារកិច្ចតំណាងជាតិកម្ពុជាលើវេទិកាអន្តរជាតិ បវរកញ្ញាសម្បុរស្រអែមស្រស់ កញ្ញា ខុន ស្រីខួច ចាប់ផ្តើមងាកមកពង្រឹងការងារសិល្បៈរបស់នាងវិញម្តង ទាំងការថតប្រម៉ូតផលិតផល ថតសម្អាងការ និងកម្មវិធីផ្សេងៗផងដែរ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ ស្រីខួច បានផ្លាស់ប្តូរខ្លួនឯងមកជាអ្នកផលិតមាតិកាវិញម្តង ដែលនេះពិតជាប្លែកសម្រាប់នាងខ្លាំងមែនទែន។

 

 

ប្រាប់ឱ្យភីអិនអិនដឹងក្នុងពិធីសម្ភោធរឿង «ផ្ទះអាឃាត» កាលពីពេលថ្មីៗ Miss Global Cambodia 2024 ថា សព្វថ្ងៃនាងមមាញឹកខ្លាំងជាមួយការផលិតវីដេអូខ្លីៗនិយាយពីរឿងរ៉ាវស្នេហា ការចែករំលែកចំណេះដឹង និងគន្លឹះផ្សេងៗជុំវិញសេចក្តីស្នេហាទាំងការឈឺចាប់ ភាពសប្បាយរីករាយ រួមទាំងការដោះស្រាយវិបត្តិស្នេហ៍ផងដែរ។ 

 

 

 

ស្រីខួច បន្តថា ការដែលនាងចាប់អារម្មណ៍ផលិតវីដេអូបែបនេះ ដោយសារតែមានការជួយជ្រោមជ្រែងពីបងស្រី ហើយនាងផ្ទាល់ក៏ចូលចិត្តប្រធានបទនេះដូចគ្នា ទើបធ្វើឱ្យការផលិតវីដេអូដំណើរការទៅយ៉ាងរលូន ហើយឆាប់រហ័សបែបនេះ។ 

 

 

យ៉ាងណាមិញ នេះគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ ព្រោះគោលដៅធំរបស់ ស្រីខួច និងបងស្រី គឺចង់បង្កើតកម្មវិធី Podcast មួយ ក្រោមប្រធានបទ «ការលើកកម្ពស់ស្រ្តី និងការលើកទឹកចិត្ត» ដូច្នេះ ទើបពេលនេះនាងប្រឹងធ្វើយ៉ាងសន្សឹមៗដើម្បីអាចសម្រេចដល់គោលដៅធំនាថ្ងៃអនាគត។

 

 

 

ចូលចិត្តនិយាយអប់រំពីរឿងរ៉ាវស្នេហារបស់អ្នកជុំវិញខ្លួន ប៉ុន្តែបច្ចុប្បន្ន កញ្ញា ខុន ស្រីខួច នៅមិនទាន់មានគូស្នេហ៍ប្រចាំចិត្តដូចសិល្បករមួយចំនួននោះឡើយ។ ប្រាប់ដោយមិនលាក់លៀម ស្រីខួច ថា នាងមិនចង់បានដៃគូស្នេហានោះឡើយ តែនាងចង់បានមនុស្សម្នាក់ដែលច្បាស់លាស់ ហើយអាចកាន់ដៃនាងចូលរោងការតែម្តង។គួររំឮកឱ្យដឹងផងដែរថា ទោះមមាញឹកជាមួយការផលិតវីដេអូក៏ពិតមែន តែ ស្រីខួច មិនបោះបង់ការងារសិល្បៈឡើយ ដោយនាងទទួលធ្វើការងារសិល្បៈធម្មតា ឱ្យតែមានក្រុមហ៊ុន និងភ្នាក់ងារទាក់ទងមក។ ម៉្យាង នាងក៏ចង់មានឱកាសសម្តែងភាពយន្តផងដែរ ឱ្យតែផលិតករសម្លឹងឃើញរូបសម្រស់ និងសមត្ថភាពរបស់នាង៕

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025