ថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥

រយៈពេលត្រឹម ៣ខែទីផ្សារភាពយន្ត ចិន កើបចំណូល ១៥០០ លានដុល្លារ

២៧ សីហា ២០២៥ | កម្សាន្ដ

 

រយៈពេលត្រឹម ៣ខែ ទីផ្សារភាពយន្តចិនអាចកើបចំណូលបានជាង ១៥០០ លានដុល្លារ ខណៈភាពយន្តពេញនិយមភាគច្រើនសុទ្ធតែជាភាពយន្តក្នុងស្រុក។ទិន្ន័យពីវេទិកាលក់សំបុត្រកុននានាបង្ហាញថា ប្រាក់ចំណូល Box Office ឬការលក់សំបុត្រកុនក្នុងប្រទេសចិនសម្រាប់រដូវក្ដៅឆ្នាំ២០២៥ ដែលចាប់ផ្ដើមពីខែមិថុនា ដល់ខែសីហា បានកើនឡើងដល់ ១១ ពាន់លានយន់ ស្មើនឹងប្រហែល ១.៥៣ ពាន់លានដុល្លារ។

 


ក្រឡេកមើលភាពយន្តដែលរកចំណូលបានច្រើនជាងគេទាំង ៣ ក្នុងរយៈពេលជិត ៣ខែកន្លងទៅនេះគឺសុទ្ធតែជាភាពយន្តក្នុងស្រុក ដោយចំណាត់ថ្នាក់លេខ១ គឺរឿង "Dead To Rights" ជាភាពយន្តបែបសង្គ្រាមនិយាយពីការសម្លាប់រង្គាលនៅណានជីងក្នុងកំឡុងសង្គ្រាមលោកលើកទី ២ ដែលអាចរកចំណូលបាន ៣៨៣ លានដុល្លារអាមេរិក ចាប់តាំងពីចេញបញ្ចាំងនៅថ្ងៃទី ២៥ ខែកក្កដា។

 


ចំណាត់ថ្នាក់ទីពីរគឺភាពយន្តគំនូរជីវចល "Nobody" រកចំណូលសរុបបាន ១៥៣ លានដុល្លារក្រោយចេញបញ្ចាំងរយៈពេល ២០ថ្ងៃ និងក្លាយជាភាពយន្តគំនូរជីវចល 2D របស់ចិនដែលរកចំណូលបានខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ។

 


ភាពយន្តរកចំណូលបានខ្ពស់បំផុតលំដាប់ទី៣ គឺ “The Lychee Road” ជាភាពយន្តប្រវត្តិសាស្ត្រជូរចត់ក្នុងជំនាន់រាជវង្សថាង ដែលថតតាមប្រលោមលោកដ៏ល្បីមានចំណងជើងដូចគ្នា។

 


រដូវកាលរដូវក្តៅសម្រាប់ភាពយន្តចិន ដែលចាប់ផ្ដើមពីថ្ងៃទី ១ ខែមិថុនា ដល់ថ្ងៃទី ៣១ ខែសីហា បានបង្ហាញពីភាពខ្លាំងនៃភាពយន្តក្នុងស្រុក ដែលបន្តទាក់ទាញអ្នកទស្សនាជាមួយនឹងការនិទានរឿងដ៏ទាក់ទាញ និងការបញ្ចូលវប្បធម៌។

 


គិតតាំងពីដើមឆ្នាំមក ទីផ្សារភាពយន្តចិនអាចរកចំណូលបាន ៥.៣៥ ពាន់លានដុល្លារហើយក្នុងឆ្នាំ២០២៥នេះ ពីអ្នកទស្សនាសរុប ៨៨៧ លានដុល្លារ ខណៈភាពយន្តចិនគ្រប់គ្រងចំណែកទីផ្សារ ៨៩ ភាគរយ ៕
 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025