ថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥

អ្នកវិទ្យាសាស្ត្ររកឃើញឧបករណ៍ប្រើប្រាស់មួយចំនួនរបស់បុព្វបុរសជំនាន់ដើមនៅប្រទេសឥណ្ឌូណេស៊ី

២៥ សីហា ២០២៥ | កម្សាន្ដ

ក្រុមអ្នកវិទ្យាសាស្ត្រទើបតែរកឃើញឧបករណ៍មួយចំនួនដែលកែច្នៃអំពីថ្មនៅលើកោះស៊ូឡាវេស៊ី(Sulawesi) ប្រទេសឥណ្ឌូណេស៊ី។ ពួកគេជឿជាក់ថានេះអាចជាភស្តុតាងបញ្ជាក់ថាមនុស្សរស់នៅលើកោះដែលស្ថិតនៅចន្លោះទ្វីបអាស៊ី និងប្រទេសអូស្ត្រាលីនេះតាំងពី១,៥លានឆ្នាំមុន។

 


ក្រុមអ្នកបុរាណវិទ្យាជនជាតិអូស្ត្រាលី និងឥណ្ឌូណេស៊ី បានរកឃើញឧបករណ៍ដែលកែច្នៃមានទំហំតូចៗប្រើសម្រាប់កាត់សាច់សត្វតូចៗ និងសម្រាប់ឆ្លាក់ថ្ម។ របស់ទាំងនេះរកឃើញនៅក្រោមដីនៃតំបន់សូផេង (Soppeng) ខេត្តស៊ូឡាវេស៊ីខាងត្បូង។

 

 

ការប្រើប្រាស់វិទ្យុសកម្មបញ្ចាំងទៅលើឧបករណ៍ទាំងនេះ និងទៅលើធ្មេញសត្វបង្ហាញថាមានអាយុកាល១,៤៨លានឆ្នាំមុន។ របកគំហើញនេះអាចនឹងកែប្រែទ្រឹស្ដីនិយាយអំពីការធ្វើបម្លាស់ទីរបស់បុព្វបុរសជំនាន់ដើម។ នេះបើយោងតាមអត្ថបទដែលចុះផ្សាយនៅលើទំព័រទស្សនាវដ្ដីធម្មជាតិនៅខែសីហា។

 

 

ក្រុមអម្បូរវ៉ាល់ឡាស់សៀន (Wallacean) ដំបូងបង្អស់ជាមនុស្សសម័យបុរេប្រវត្តិដែលគេស្គាល់ថាហូម៉ូ.អេរិចថឺស (Homo Erectus)។ គេគិតថាអ្នកទាំងនោះធ្លាប់រស់នៅតែលើកោះផ្លរេស (Flores) ប្រទេសឥណ្ឌូណេស៊ី និងកោះលូហ្សន (Luzon) ប្រទេសហ្វ៊ីលីពីនកាលពីជាងមួយលានឆ្នាំមុន។

 

 

មូលហេតុដែលពួកគេរស់នៅតែ២កន្លែងនេះដោយសារគ្មានលទ្ធភាពធ្វើដំណើរឆ្លងកាត់សមុទ្រឆ្ងាយៗ។ លោកអាដាម.ប្រាំ (Adam Brumm) ជាអ្នកបុរាណវិទ្យាដ៏ឆ្នើមម្នាក់មកពីសាកលវិទ្យាល័យគ្រីហ្វ៊ីត (Griffith) នៃរដ្ឋគ្វីនស្លេន (Queensland) ប្រទេសអូស្ត្រាលី។

 

 

លោកប្រាប់ថារបស់ទាំងនេះជាវត្ថុបុរាណដែលកែច្នៃដោយមនុស្សជំនាន់ដើមដែលធ្លាប់រស់នៅលើភពផែនដីយូរជាងបុព្វបុរសដំបូងរបស់មនុស្សយើងសព្វថ្ងៃហូម៉ូសាពៀនទៅទៀត (Homo Sapiens)៕

 

 

ប្រែសម្រួល៖ អន សំអាង

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025