ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥

មិនឱបដៃមើល! ខាត់ វ៉ៃហាំង និង ស៊ីន យូប៊ីន នាំយកអំណោយចុះទៅចែកជូនបងប្អូនភៀសសឹកនៅខេត្ត សៀមរាប និងឧត្តរមានជ័យ 

២៨ កក្កដា ២០២៥ | កម្សាន្ដ

 

 

តារាសម្តែងជួរមុខ គ្រាន់តែដឹងថា បងប្អូនជនភៀសសឹកត្រូវការជំនួយ លោក ខាត់ វ៉ៃហាំង និង កញ្ញា ស៊ីន យូប៊ីន ប្រញាប់នាំយកអំណោយស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ផ្សេងៗទៅចែកជូនបងប្អូនជនភៀសសឹកតាមទីវត្តអារាមនានាភ្លាមៗតែម្តង។

 

 

ក្នុងនាមជាតារាសម្តែងជួរមុខ លោក ខាត់ វ៉ៃហាំង និង កញ្ញា ស៊ីន យូប៊ីន មិនឱបដៃឈរមើលបងប្អូនប្រជាពលរដ្ឋខ្មែរកំពុងជួបទុក្ខលំបាកដោយសារសឹកសង្គ្រាមតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃនោះឡើយ ដោយអ្នកទាំងពីរបាននាំយកអំណោយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សំលៀកបំពាក់ និងសម្ភារៈប្រើប្រាស់ផ្សេងៗទៅចែកជូនបងប្អូនជនភៀសសឹកតាមទីវត្តអារាមនានា នៅស្រុកក្រឡាញ់ ខេត្តសៀមរាប កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥។ 

 

 

ក្នុងថ្ងៃដដែរនេះ វ៉ៃហាំង និង យូប៊ីន ក៏បានបន្តទៅចូលរួមបេសកកម្មនៃការនាំយកថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ជូនកងទ័ព និងជនភៀសសឹកសង្គ្រាមជាមួយសមាគមសិល្បករខ្មែរផងដែរ។តារាសម្តែងជួរមុខលំដាប់ប្រទេស ស៊ីន យូប៊ីន និង ខាត់ វ៉ៃហាំង ក្តុកក្តួលចិត្តជាខ្លាំងពេលបានចុះទៅជួបផ្ទាល់ និងបានឃើញពីទុក្ខលំបាករបស់បងប្អូនជនភៀសសឹកផ្ទាល់ភ្នែក។

 

 

តារាសម្តែងទាំងពីររូប ដិតដាមអារម្មណ៍ជាប់ក្នុងចិត្តជាខ្លាំងពេលឃើញរូបភាពទាំងនេះ ហើយរឹតតែគួរឱ្យអាណិតខ្លាំងគឺមនុស្សចាស់ដែលត្រូវឆ្លងកាត់សង្គ្រាម២ជំនាន់ រីឯក្មេងៗត្រូវរងគ្រោះទាំងមិនទាន់ដឹងអី ហើយត្រូវបាត់បង់ឱកាសសិក្សាដោយសារភ្លើងសង្គ្រាមទៀតផង។

 

 

ដោយសារអារម្មណ៍ដិតដាម និងមនោសញ្ចេតនាឈាមជាខ្មែរដូចគ្នា វ៉ៃហាំង អះអាងថា លោកនឹងត្រឡប់ទៅជួយបងប្អូនជនភៀសសឹកម្តងទៀត តែសុំឱ្យបងប្អូន និងអ្នកគាំទ្រទៅជាមួយដែរ ដោយឆាប់ៗនេះលោកនឹងរៀបចំមូលនិធិតូចមួយឡើង ដើម្បីកៀរកររកថវិកា ស្បៀងអាហារ សំលៀកបំពាក់ សម្ភារៈប្រើប្រាស់ផ្សេងៗ។

 

 

ចំណែក កញ្ញា ស៊ីន យូប៊ីន ឯណោះវិញ មិនឱបដៃឈរមើលដាច់ខាត ដោយពេលនេះនាងកំពុងស្វះស្វែងរកជំនួយតាមបែបផ្សេង ពិសេសជំនួយផ្នែកផ្សព្វផ្សាយលើវេបសាយអន្តរជាតិធំៗចំនួន៣ របស់សហរដ្ឋអាមេរិក ដើម្បីឱ្យការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជារឹតតែមានប្រសិទ្ធភាព និងសាយភាយដល់អន្តរជាតិកាន់តែឆាប់រហ័ស។ ជាងនេះទៅទៀត យូប៊ីន កំពុងខ្នះខ្នែងលើការចាក់បញ្ចាំងវីដេអូបកស្រាយភាពស្អាតស្អំរបស់កម្ពុជាលើ Billboard កណ្តាលទីក្រុង New York ផងដែរ។

 

 

សូមជម្រាបផងដែរថា តារាសម្តែងជួរមុខលំដាប់ប្រទេសកម្ពុជាទាំងពីររូប គឺលោក ខាត់ វ៉ៃហាំង និង កញ្ញា ស៊ីន យូប៊ីន តែងតែសកម្មក្នុងការងារមនុស្សធម៌ សប្បុរសធម៌ផ្សេងៗ ហើយមុនចុះទៅចែកអំណោយដល់បងប្អូនជនភៀសសឹក អ្នកទាំងពីរក៏បានចូលរួមបរិច្ចាគឈាមក្នុងបុព្វហេតុមនុស្សធម៌ និងទឹកចិត្តស្នេហាជាតិមាតុភូមិ រួមទាំងការគាំទ្រដល់យុទ្ធជនកម្ពុជាដែលកំពុងការពារបូរណភាពទឹកដីថែមទៀតផង។ នេះពិតជាគំរូភាពដល់ល្អសម្រាប់សិល្បករផ្សេងទៀតក្នុងការផ្តួចផ្តើមចូលរួមធ្វើសកម្មភាពសប្បុរសធម៌ និងការសង្គមផ្សេងៗតាមដែលអាចធ្វើទៅបាន ខណៈប្រទេសជាតិកំពុងត្រូវការការរួបរួមសាមគ្គីគ្នាជាធ្លុងមួយ៕
 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ផ្តល់ដោយក្រុមការងារ និងហ្វេសប៊ុក

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025