ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥
នេះហើយឈាមខ្មែរ ស្មារតីស្នេហាជាតិខ្មែរតែមួយ ប្រទេសជាតិកំពុងជួបបញ្ហាសង្គ្រាម សិល្បករក្នុង និងក្រៅប្រព័ន្ធ រួបរួមគ្នាជាធ្លុងមួយជួយដល់កងទ័ពជួរមុខ និងបង្ហាញប្រាប់ហេតុការណ៍ពិតដល់ពិភពលោករឿង ថៃ ឈ្លានពាន កម្ពុជា ។
ខណៈដែលកងទ័ពជួរមុខកម្ពុជាកំពុងតស៊ូប្រយុទ្ធតតាំងជាមួយខ្មាំងសត្រូវថៃយ៉ាងអង់អាចក្លាហាននៅតាមបន្ទាត់ព្រំដែនដើម្បីការពារបូរណភាពទឹកដី សិល្បករក្នុង និងក្រៅប្រព័ន្ធយ៉ាងច្រើនកុះករ ដែលស្ថិតនៅសមភូមិជួរក្រោយមិនឱបដៃឈរមើលរឿងអយុត្តិធម៌កើតឡើងចំពោះកម្ពុជានោះឡើយ ដោយម្នាក់ៗបានប្រើប្រាស់ចំណេះជំនាញរៀងៗខ្លួនផ្សព្វផ្សាយឱ្យពិភពលោកបានដឹងឮពីហេតុការណ៍កំពុងកើតឡើងក្នុងប្រទេសកម្ពុជា។
គិតចាប់តាំងពីថ្ងៃទី២៤ ខែកក្កដា មកទល់ពេលនេះ សិល្បករក្នុង និងក្រៅប្រព័ន្ធ រួមទាំងសិល្បករខ្មែររស់នៅក្រៅប្រទេស បានដុតដៃដុតជើងរួបរួមគ្នាជាធ្លុងមួយ ដើម្បីជួយដល់ប្រទេសជាតិតាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន ដូចជា ការផលិតវីដេអូបកស្រាយប្រាប់ពីហេតុការណ៍ពិតឱ្យពិភពលោកបានដឹង ការប្រមូលមូលនិធិជួយដល់បងប្អូនជនភៀសសឹកនិងកងទ័ពជួរមុខ ការចម្អិនម្ហូបអាហារ ការផ្តល់កម្លាំងចិត្ត និងការផ្សព្វផ្សាយផ្សេងៗតាមបណ្តាញសង្គមបង្ហាញពីស្មារតីស្នេហាជាតិយ៉ាងមុះមុត។
គួរឱ្យកត់សម្គាល់ វីដេអូដែល Influencer , Content Creator និងបុគ្គលល្បីៗក្នុងសង្គមបានផលិតឡើង មិនមែននិយាយភាសាខ្មែរតែមួយឡើយ ប៉ុន្តែគ្រប់គ្នាបានសម្រុកផលិតវីដេអូជាភាសាអង់គ្លេស ចិន កូរ៉េ បារាំង និងភាសាសកលផ្សេងៗ ធ្វើយ៉ាងណាឱ្យវីដេអូទាំងអស់ឆាប់ល្បីខ្ទរខ្ទារទៅកាន់ពិភពលោក ឱ្យគ្រប់ជាតិសាសន៍បានដឹងឮពីហេតុការណ៍ពិត និងភាពអយុត្តិធម៌ដែលកម្ពុជាកំពុងជួបប្រទះ ហើយប្រជាជនរបស់យើងគ្រប់គ្នាចង់បានសុខសន្តិភាព មិនមែនសង្គ្រាមនោះឡើយ។
ក្នុងនោះ ក៏មានសិល្បករ និងបុគ្គលល្បីៗលើប្រព័ន្ធអ៊ីនធឺណិត ដែលកំពុងរស់នៅតាមបណ្តាប្រទេសផ្សេងៗជុំវិញពិភពលោក បានចេញមុខតាមវីដេអូបង្ហាញពីស្មារតីស្នេហាជាតិពីចម្ងាយ និងចូលរួមជាកម្លាំងចិត្តដល់កងទ័ពជួរមុខ និងប្រាប់ឱ្យពិភពលោកដឹងពីព័ត៌មានពិត និងភាពស្អាតស្អំរបស់កម្ពុជាយើង។
ក្រៅពីការផលិតវីដេអូបំផុសលើបណ្តាញសង្គម និងប្រព័ន្ធអ៊ីនធឺណិត PeyPey Dy , KWAN រួមទាំង សិល្បករក្នុងនិងក្រៅប្រព័ន្ធជាច្រើនទៀត បានប្រមូលគ្នាបង្កើតជាមូលនិធិរ៉ៃអង្គាសថវិកាតាមមធ្យោបានផ្សេងៗ ដើម្បីជួយដល់បងប្អូនជនភៀសសឹក និងកងទ័ពខ្មែរនៅសមភូមិជួរមុខ ដែលកំពុងខ្វះខាតស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ជាចាំបាច់។ តាមការបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់សិល្បករ-សិល្បការនី បញ្ជាក់ឱ្យដឹងថា ពេលនេះ ស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ផ្សេងៗជាតម្រូវការចាំបាច់ ត្រូវបានប្រគល់ជូនដល់ដៃបងប្អូនជនភៀសសឹកតាមទីតាំងតំបន់ផ្សេងៗរួចរាល់ ហើយក៏កំពុងបន្តកៀរករថវិកាបន្ថែមទៀត ដើម្បីបន្តទ្រទ្រង់ដល់ភាពខ្វះខាតជាច្រើនទៀតផងដែរ។
ទន្ទឹមជាមួយគ្នានោះ ក៏មានសិល្បករផ្សេងទៀតដូចជា ពេជ្រ សូលីកា បានបំផុសគំនិតរៀបចំការដើរថ្មើរជើងសន្តិភាព ក្នុងគោលបំណងបង្ហាញទៅកាន់អន្តរជាតិថាប្រទេសកម្ពុជាត្រូវការសន្តិភាពមិនត្រូវការសង្គ្រាមនោះឡើយ ខណៈ ឱក សុគន្ធកញ្ញា បានប្រើប្រាស់សម្លេងដ៏មានឥទ្ធិពលក្នុងនាមជាតារាចម្រៀងល្បីលំដាប់ប្រទេសជាមួយប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់ នៅមុខរដ្ឋសភាវិថូរៀ ទីក្រុង Melbourne ប្រទេសអូស្ត្រាលី ដើម្បីស្រែកប្រកាសទាមទាររកយុត្តិធម៌ និងឱ្យពិភពលោកបានដឹងពីការឈ្លានពានដ៏គឃ្លើនរបស់សៀមមកលើទឹកដីកម្ពុជា។ សកម្មភាពស្នេហាជាតិដ៏មុះមុតនេះ មិនកើតឡើងត្រឹមប៉ុណ្ណឹងឡើយ សូម្បីតែតារាចម្រៀង និងតារារ៉េបល្បីៗលំដាប់ប្រទេសកម្ពុជា ក៏បានប្រើប្រាសថ្វីមាត់ពាក្យពេចន៍ដ៏មុតស្រួចរបស់ពួកគេ បញ្ចេញសម្លេងដ៏មានឥទ្ធិពលតាមរយៈបទចម្រៀងបង្ហើរឱ្យពិភពលោកបានឮពីរឿងរ៉ាវកំពុងកើតឡើងនាពេលនេះ។
ក្រឡេកទៅមើលវិស័យបវរកញ្ញាឯណោះវិញ ក៏ផុសផុលខ្លាំងមិនធម្មតាឡើយ ទាំងការចូលរួមកៀរកររកថវិកាជំនួយ ការចូលរួមបរិច្ចាគឈាមក្នុងបុព្វហេតុមនុស្សធម៌ និងទឹកចិត្តស្នេហាជាតិមាតុភូមិ រួមទាំងការគាំទ្រដល់យុទ្ធជនកម្ពុជាដែលកំពុងការពារបូរណភាពទឹកដី ការផ្តល់កម្លាំងចិត្តផ្នែកស្មារតីស្នេហាជាតិផងដែរ។ការពួតដៃរួបរួមគ្នាគ្រប់ច្រកល្ហកនៃសិល្បករក្នុង និងក្រៅប្រព័ន្ធ បង្ហាញឱ្យឃើញពីឆន្ទៈយ៉ាងមុតមុះ និងស្មារតីស្នេហាជាតិ ការការពារបូរណភាពទឹកដីជាតិមិនឱ្យបាត់បង់។ ស្មារតីដ៏មុតមុះអង់អាចក្លាហាននេះមិនបញ្ចប់ត្រឹមប៉ុណ្ណឹងឡើយ ដោយម្នាក់ៗប្រកាន់ជំហរលើអ្វីដែលកំពុងធ្វើរៀងៗខ្លួន និងប្រឹងរុញច្រានឱ្យខ្លាំងជាងនេះទៀត៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ហ្វេសប៊ុក