ថ្ងៃសុក្រ ទី២៥ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី២៥ ខែកក្កដា ឆ្នាំ២០២៥
ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB បានចាត់ទុកទេសចរណ៍ជាវិស័យអាទិភាពមួយ ហើយនឹងបង្កើនកិច្ចសហប្រតិបត្តិការលើ គម្រោងកសាងហេដ្ឋារចនាសម័ន្ធគំាទ្រទេសចរណ៍ថ្មីបន្ថែមទៀត សំដៅជំរុញការអភិវឌ្ឍវិស័យទេសចរណ៍សហគមន៍ និងអេកូទេសចរណ៍។
នាថ្ងៃទី២២ ខែកក្កដា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាជាមួយលោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា អំពីលទ្ធផលអនុវត្តគម្រោងកន្លងមក និងពិភាក្សាអំពី គម្រោងវិនិយោគលើការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រទេសចរណ៍ថ្មីបន្ថែមជាមួយក្រសួងទេសចរណ៍ ដែលមានគោលដៅជំរុញការអភិវឌ្ឍវិស័យទេសចរណ៍សហគមន៍ និងអេកូទេសចរណ៍ ព្រមទាំងការលើកស្ទួយជីវភាពប្រជាជនក្នុងសហគមន៍។
ស្របគ្នានេះ លោកស្រីនាយិកាធនាគារអភិវឌ្ឍន៍អាស៊ី បានគោរពថ្លែងអំណរគុណដល់ ឯកឧត្តមរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួងដែលបានជួយផ្តល់នូវកិច្ចសម្របសម្រួល និងសហប្រតិបត្តិការ នាពេលកន្លងមកដល់ ADB ដែលនាំមកនូវ ការបញ្ចប់ដោយជោគជ័យនូវ គម្រោងគំាទ្រវិស័យទេសចរណ៍ធំៗ និងសំខាន់ជាច្រើន ជាពិសេសគម្រោងកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត និងការអភិវឌ្ឍន៍តំបន់ឆ្នេរ។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់ លោកស្រីនាយិកា ដែលតែងតែជួយជ្រោមជ្រែង និងគាំទ្រដល់រដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍ និងប្រជាជនកម្ពុជារហូតមក តាមរយៈការបេ្តជ្ញាចិត្តអនុវត្តគម្រោងវិនិយោគស្ថាបនាហេដ្ឋារចនាសម្ព័ន្ធគាំទ្រ វិស័យទេសចរណ៍ថ្មី និងក្នុងទំហំទឹកប្រាក់វិនិយោគដ៏ច្រើនបន្តទៀត ជាមួយក្រសួងទេសចរណ៍ ដែលពិតជាផ្តល់នូវអត្តប្រយោជន៍ដ៏ធំធេងដល់សហគមន៍ និងប្រជាជនកម្ពុជា។
ជាក់ស្តែង វិស័យទេសចរណ៍កម្ពុជា ក្នុងឆ្នាំ ២០២៤កន្លងទៅ មានភ្ញៀវទេសចរបរទេស ដែលមកកម្សាន្តនៅកម្ពុជា កើនឡើងជាងដល់ ៦លាន ៧សែននាក់ កើន ២២% ធៀបនឹងឆ្នាំ ២០២៣ និងរកចំណូលបានជាង ៣ពាន់ ៦រយលានដុល្លារអាម៉េរិក កើនឡើង ១៧%។
គួររម្លឹកបន្តិចថា នៅក្នុងរបាយការណ៍ចុងក្រោយបំផុតមួយរបស់ ធនាគារអភិវឌ្ឍន៍អាស៊ី ចេញផ្សាយនៅខែមេសា បានព្យាករថា សេដ្ឋកិច្ចប្រទេសកម្ពុជា នឹងសម្រេចបាន ៦,១% នៅក្នុងឆ្នាំ ២០២៥នេះ ដោយប្រាក់ចំណូលពីវិស័យទេសចរណ៍ត្រូវបានព្យាករថានឹងកើនឡើងក្នុងកម្រិតមធ្យម ជាមួយនឹងការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិ ជាពិសេសពីតំបន់អាស៊ីអាគ្នេយ៍ ដែលកំពុងបន្តកើនឡើង ប៉ុន្តែការព្យាករខាងលើនេះ ក៏ប្រឈមហានិភ័យអវិជ្ជមាននៃភាពមិនប្រាកដប្រជាជាសកល មានដូចជា គោលនយោបាយពាណិជ្ជកម្មនៅសហរដ្ឋអាមេរិក អស្ថិរភាពនៃវិស័យអចលនទ្រព្យរបស់ចិន និងភាពតានតឹងនៃភូមិសាស្រ្តនយោបាយ ដែលអាចប៉ះពាល់ដល់ទស្សនវិស័យសេដ្ឋកិច្ច៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ