ថ្ងៃសុក្រ ទី០៦ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី០៦ ខែមិថុនា ឆ្នាំ២០២៥
អ្នកស្រុកក្នុងរដ្ឋធានីឡាសា (Lhasa) ក្នុងតំបន់ស៊ីហ្សាង (Xizang) ឬតំបន់ទីបេបានលាបពណ៌វិមានបុរាណផូតាឡា (Potala) ដោយអនុវត្តប្រពៃណីអភិរក្សដែលគេធ្លាប់ប្រើកាលពីរាប់សតវត្សមុន។
វាពិតជាមិនគួរឱ្យជឿសោះថា ពលរដ្ឋនៅតំបន់ទីបេនៅតែអាចចាំរូបមន្តដែលគេធ្លាប់ប្រើកាលពីពេល៣០០ឆ្នាំមុនដើម្បីលាបពណ៌វិមានផូតាឡា (Potala Palace) ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូទាល់តែសោះ។
រូបភាពបានបង្ហាញអំពីវិមានផូតាឡាដែលមានរៀងដូចជាចេត្តិយ ហើយបុរសមួយចំនួនកំពុងធ្វើសកម្មភាពកូរថ្នាំពណ៌សលាយទឹកដោះគោ ខណៈដែលបុរសខ្លះទៀតបានឡើងតោងខ្សែពួរដើម្បីលាបថ្នាំនៅតាមជញ្ជាំងវិមានផូតាឡាដើម្បីត្រៀមសម្រាប់ពិធីបុណ្យបែបព្រះពុទ្ធសាសនាទីបេមួយ។
ប្រជាជនទីបេបាននិយាយអំពីការលាបជញ្ជាំងវិមានផូតាឡានេះថា រូបមន្តថ្នាំផ្អែមសម្រាប់លាបវិមាននេះមានប្រភពចេញពីរូបមន្តថ្នាំលាបដែលមានអាយុកាលពី៣សតវត្សមុនដែលមានការដាក់បញ្ចូលគ្នានូវវត្ថុធាតុជាច្រើនដូចជាកំបោរពណ៌ស ទឹកដោះគោ ស្ករ ទឹកឃ្មុំ និងរុក្ខជាតិពណ៌ស្វាយម្យ៉ាងដែលគេបានដាំដុះក្នុងស្រុករួមទាំងគ្រឿងផ្សំផ្សេងៗទៀត។
ការអភិរក្សវិមានផូតាឡាគឺជាផ្នែកមួយនៃការខិតខំដ៏ទូលំទូលាយរបស់ពលរដ្ឋទីបេដើម្បីការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់តំបន់នេះដែលមានបេតិកភណ្ឌវប្បធម៌ចំនួនជាង២ពាន់កន្លែង។
សូមរំលឹកថា វិមានផូតាឡាដែលបានសាងសង់ឡើងនៅក្នុងសតវត្សទី៧នេះគឺជាកន្លែងតម្កល់ទុកសៀវភៅឯកសារបុរាណជិត៤ម៉ឺនច្បាប់ដែលសរសេរជាច្រើនភាសាដោយក្នុងនោះក៏មានគម្ពីរដ៏សំខាន់បំផុតដែលបានចារនៅលើស្លឹកឈើប្រហែល៣ម៉ឺនច្បាប់ផងដែរ៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន