ថ្ងៃអាទិត្យ ទី០១ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី០១ ខែមិថុនា ឆ្នាំ២០២៥
ផលិតកម្មខេប៉ុបធំៗដូចជា HYBE, SM, និង YG បានរាយការណ៍ពីប្រាក់ចំណូលដ៏រឹងមាំសម្រាប់ត្រីមាសដំបូងឆ្នាំ២០២៥ ដោយសារការកើនឡើងនៃចំណូលពីការប្រគំតន្ត្រី។
ក្រុមហ៊ុន K-pop ជាច្រើនកំពុងមើលឃើញការងើបឡើងវិញ ទោះបីជាការលក់អាល់ប៊ុមចម្រៀងរបស់ពួកគេបានធ្លាក់ចុះជាងមុនបន្តិចក៏ដោយ។ សារព័ត៌មាន Korea Times បានរាយការណ៍នៅដើមសប្ដាហ៍នេះថាទីភ្នាក់ងារធំ៣ ក្នុងចំណោម "បងធំទាំងបួន" រួមមាន HYBE, SM និង YG Entertainment បានរាយការណ៍ថាប្រាក់ចំណូលនៅក្នុងត្រីមាសទី ១ របស់ពួកគេមានភាពប្រសើរឡើងបើប្រៀបធៀបទៅនឹងឆ្នាំមុន។ ចំណែកបងធំមួយទៀតគឺ JYP Entertainment មិនទាន់បញ្ចេញតួលេខរបស់ខ្លួននៅឡើយទេ។
ក្នុងចំណោមនោះ HYBE បានកត់ត្រាប្រាក់ចំណូលចំនួន ៣៦៨ លានដុល្លារ ជាមួយប្រាក់ចំណេញប្រតិបត្តិការខ្ទង់ ១៥ លានដុល្លារសម្រាប់ត្រីមាសទី ១ ឆ្នាំ ២០២៥ ដែលប្រាក់ចំណេញនេះបានកើនឡើង ៥០ ភាគរយបើធៀបនឹងឆ្នាំមុន។ នេះជាការប្រែប្រួលយ៉ាងខ្លាំងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលទាំងប្រាក់ចំណូល និងប្រាក់ចំណេញបានធ្លាក់ចុះ។
ទន្ទឹមនេះ ផលិតកម្ម SM Entertainment ក៏បានមើលឃើញពីកំណើនផងដែរ ដោយបានប្រកាសពីប្រាក់ចំណូលសរុប ១៦២ លានដុល្លារ ជាមួយប្រាក់ចំណេញប្រតិបត្តិការជិត ២៣ លានដុល្លារដែលកើនឡើង ១១០ ភាគរយធៀបនឹងឆ្នាំមុន។
ចំណែក ផលិតកម្ម YG Entertainment ដែលមានការខាតបង់ក្នុងអំឡុងត្រីមាសទី ១ ឆ្នាំមុន បានត្រលប់មករកប្រាក់ចំណេញបានវិញជាមួយប្រាក់ចំណេញប្រតិបត្តិការចំនួន ៦,៦ លានដុល្លារ ខណៈប្រាក់ចំណូលសរុបបានចំនួន ៧០ លានដុល្លារសម្រាប់ដើមឆ្នាំនេះ។
ការកើនឡើងនៃប្រាក់ចំណូលរបស់ទីភ្នាក់ងារទាំងនេះត្រូវបានជំរុញភាគច្រើនដោយការប្រគំតន្ត្រីបន្តផ្ទាល់ និងការលក់វត្ថុអនុស្សាវរីយ៍ទាក់ទងនឹងសិល្បករ។ ជាក់ស្ដែងប្រាក់ចំណូលនៃការប្រគំតន្ត្រីរបស់ HYBE ក្នុងត្រីមាសដំបូងឆ្នាំនេះបានកើនឡើងយ៉ាងខ្លាំងដល់ ១០៩ លានដុល្លារ ខណៈការលក់អាល់ប៊ុម និងតន្ត្រីឌីជីថលអាចរកចំណូលបានត្រឹម ៩៦ លានដុល្លារ។ ចំណែក SM ក៏បានរាយការណ៍អំពីការកើនឡើង ៥៨ ភាគរយផងដែរនៃប្រាក់ចំណូលការប្រគំតន្ត្រី ៕
ប្រែសម្រួល៖ វ៉ាន់ថន