ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥
ទីក្រុងកានបានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្ហាញខ្លួនជាទីក្រុងដ៏ស៊ីវិល័យបំផុតមួយក្នុងពិភពលោកដើម្បីធ្វើជាម្ចាស់ផ្ទះមហោស្រពភាពយន្តពិភពលោកនៅសប្ដាហ៍នេះ។
ជាមួយទិដ្ឋភាពឆ្នេរសមុទ្រដ៏រីករាយ អាហារឆ្ងាញ់ៗ ហាងការ៉េម រថយន្តទំនើបៗ និងកន្លែងចតទូកដែលពោរពេញដោយទូកកម្សាន្តតម្លៃថ្លៃ រដ្ឋបាលទីក្រុងកានជឿជាក់ថាតារាជួរមុខពីហូលីវូដនឹងមានអារម្មណ៍រីករាយខណៈពេលមកផ្សព្វផ្សាយគម្រោងភាពយន្តរបស់ពួកគេនៅក្នុងកម្មវិធីមហោស្រពភាពយន្តទីក្រុងកានឆ្នាំនេះ។
បើកដំណើរការចាប់ពីល្ងាចថ្ងៃទី១៣ រហូតដល់ថ្ងៃទី២៤ ខែឧសភា មហោស្រពភាពយន្តទីក្រុង កានឆ្នាំនេះ នឹងមានវត្តមានចូលរួមពីសំណាក់តារាជើងចាស់ Wes Anderson, ផលិតករល្បីឈ្មោះ Ari Aster ព្រមជាមួយសម្តែងលំដាប់ A ជាច្រើនរូបដែលមានខ្សែភាពយន្តចាក់បញ្ចាំងនៅឆ្នាំនេះដូចជា Tom Cruise, Pedro Pascal, Joaquin Phoenix, Kristen Stewart, Scarlett Johansson, Emma Stone, Paul Mescal, Robert Pattinson, Jennifer Lawrence, Austin Butler, ASAP Rocky, Denzel Washington, Jodie Foster និង Margaret Qualley ។
តារាសម្តែងបារាំង Juliette Binoche នឹងផ្ដល់កិត្តិយសធ្វើជាអ្នកដឹកនាំគណៈវិនិច្ឆ័យសម្រាប់ការជ្រើសរើសម្ចាស់ពានរង្វាន់ធំរបស់កម្មវិធី ដែលនឹងត្រូវប្រកាសនៅថ្ងៃចុងក្រោយ។
បង្កើតឡើងដំបូងក្នុងឆ្នាំ១៩៤៦ កម្មវិធីមហោស្រពភាពយន្តអន្តរជាតិទីក្រុងកាន បានក្លាយជាព្រឹត្តិការណ៍ធំមួយសម្រាប់ការបញ្ចាំងនិងផ្សព្វផ្សាយភាពយន្តចម្រុះប្រភេទ ទូទាំងពិភពលោក។
ទិដ្ឋភាពតារាសម្ដែងល្បីៗពីជុំវិញពិភពលោកដើរលើកម្រាលព្រំក្រហមមុនពេលចូលរួមកម្មវិធីតែងតែជាអ្វីដែលអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងបំផុត។ កម្មវិធីនេះក៏ត្រូវបានគេស្គាល់ផងដែរថាជាព្រឹត្តិការណ៍មហោស្រពភាពយន្ដធំមួយក្នុងចំនោមមហោស្រពភាពយន្តធំៗទាំង ៣ នៅអឺរ៉ុបរួមជាមួយនឹងមហោស្រពទីក្រុង Venice ប្រទេសអ៊ីតាលី និងមហោស្រពភាពយន្តទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ ៕
ប្រែសម្រួល៖ វ៉ាន់ថន