ថ្ងៃច័ន្ទ ទី០៥ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី០៥ ខែឧសភា ឆ្នាំ២០២៥
មនុស្សយន្តធៀនគ័ងអាល់ត្រា (Tiangong Ultra) របស់ប្រទេសចិនបានឈ្នះការរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងមនុស្សយន្តជាលើកដំបូងលើពិភពលោកនៅប្រទេសចិន។
នៅក្នុងទីក្រុងប៉េកាំងប្រទេសចិនបានរៀបចំព្រឹត្តិការណ៍នៃការរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងដោយមានការចូលរួមពីមនុស្សជាច្រើន ហើយមិនតែប៉ុណ្ណោះក៏មានការរៀបចំការរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងសម្រាប់មនុស្សយន្តដំបូងគេរបស់ពិភពលោកនៅទីនោះផងដែរកាលពីខែមេសា។
មនុស្សយន្តសរុប២០គ្រឿងមកពីទូទាំងប្រទេសចិនបានចូលរួមនៅក្នុងការរត់ពាក់កណ្ដាលម៉ារ៉ាតុងមនុស្សយន្តដោយមនុស្សយន្តធៀនគ័ងអាល់ត្រាដែលបង្កើតឡើងដោយមជ្ឈមណ្ឌលច្នៃប្រឌិតមនុស្សយន្តទីក្រុងប៉េកាំងបានដណ្តើមបានជើងឯកក្នុងការប្រណាំងនេះដោយបញ្ចប់ការរត់ប្រណាំងចម្ងាយជាង២១គីឡូម៉ែត្រដោយប្រើថេរវេលា២ម៉ោង៤០នាទី៤២វិនាទី។
ចំណែកចំណាត់ថ្នាក់ទី២ និងទី៣សម្រាប់ពាក់កណ្តាលម៉ារ៉ាតុងមនុស្សយន្តនេះបានទៅលើអ្នកចូលរួមមនុស្សយន្តមកពីក្រុមហ៊ុនណូធិករ៉ូបូទិក (Noetix Robotics) នៅទីក្រុងប៉េកាំងប្រទេសចិន។ វីដេអូបានបង្ហាញអំពីមនុស្សយន្តខ្លះបានដួលពាក់កណ្ដាលផ្លូវដោយសារអស់ថាមពលនៅក្នុងខ្លួន ហើយត្រូវបានគេយកទៅបញ្ចូលថាមពលឡើងវិញ។
វិញ្ញាសានៃការរត់ប្រណាំងនេះគឺមានចម្ងាយផ្លូវ២១គីឡូម៉ែត្រជាមួយនឹងលក្ខណៈពិសេសផ្សេងៗគ្នារួមទាំងផ្លូវជម្រាល និងផ្លូវរថភ្លើងជំនួសឱ្យផ្លូវរាបស្មើដែលកត្តាទាំងអស់នេះគឺជាបញ្ហាប្រឈមសម្រាប់ភាពចល័ត និងភាពបត់បែនរបស់មនុស្សយន្ត៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន