ថ្ងៃច័ន្ទ ទី០៥ ខែឧសភា ឆ្នាំ២០២៥

នាថការនីរបាំបុរាណ កូនអាន ជ្រើសយក Universal Woman Cambodia ទៅកាន់ឆាកអន្តរជាតិជជាង Miss Universe Cambodia 

០៣ ឧសភា ២០២៥ | កម្សាន្ដ

 

 

ខុសពីការរំពឹងទុករបស់អ្នកគាំទ្របន្តិច ដោយថ្មីៗនេះនាថការនីរបាំបុរាណ កូនអាន ត្រូវបានប្រកាសតែងតាំងជា Universal Woman Cambodia ផ្ទុយពីអ្វីដែលហ្វេនៗតែងទស្សន៍ទាយថា នាងនឹងចូលប្រកួត Miss Universe Cambodia តាមការឱ្យតម្រុយកន្លងមក។

 

 

ថ្មីៗកន្លងទៅនេះ ទំព័រហ្វេសប៊ុកផ្លូវការ Universal Woman Cambodia  បានប្រកាសដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយស្ងាត់ស្ថាប័នស្រាប់តែប្រកាសតែងតាំងនាថការនីរបាំបុរាណ កញ្ញា សុគា គីមលាង ជាម្ចាស់មកុដ Universal Woman Cambodia  ដែលនឹងត្រូវតំណាងឲ្យកម្ពុជាចូលរួមប្រកួត Universal Woman 2025 នៅឯប្រទេសឥណ្ឌានាពេលឆាប់ៗខាងមុខនេះ។

 

 

នេះទុកជាដំណឹងដ៏កក្រើកមួយសម្រាប់វិស័យបវរកញ្ញានៅកម្ពុជា ដោយទីបំផុតនាថការនីរបាំបុរាណល្បីឈ្មោះ កូនអាន សម្រេចចិត្តឈានជើងចូលវិស័យនេះក្រោយការទទូចសុំរបស់ហ្វេនៗរយៈពេលជាច្រើនឆ្នាំ។

 

 

 អ្វីដែលធ្វើឱ្យអ្នកគាំទ្រចម្លែកចិត្តនោះគឺ កូនអាន បែរជាជ្រើសយកកម្មវិធី Universal Woman Cambodia មុនកម្មវិធី Miss Universe Cambodia ទៅវិញ ព្រោះកន្លងមកនាងតែងឱ្យតម្រុយសម្រាប់ការប្រកួតបវរកញ្ញាចក្កវាឡ តែទោះជាយ៉ាងនេះក្តីនៅតែមានការគាំទ្រច្រើនចំពោះការសម្រេចចិត្តរបស់តារាស្រីរូបនេះ។

 

 

ដ្បិតកន្លងមក កូនអាន មិនធ្លាប់បង្ហើបប្រាប់ពីកម្មវិធីដែលនាងនឹងចូលរួមប្រកួត តែតារាស្រីរូបនេះធ្លាប់និយាយថា ប្រសិនបើនាងចូលប្រកួតកម្មវិធីណាមួយគឺនាងនឹងធ្វើឱ្យអស់ពីសមត្ថភាព ធ្វើយ៉ាងណាឱ្យទង់ជាតិកម្ពុជារះខ្ពស់ត្រដែតឡើងលើឆាកអន្តរជាតិ។

 

 

 

យ៉ាងណាមិញ កូនអាន សង្ឃឹមថា ពុកម៉ែងបងប្អូន និងបណ្តាអ្នកគាំទ្រវិស័យបវរកញ្ញាទាំងអស់ នឹងបន្តគាំទ្ររូបនាងចំពោះដំណើរឆ្ពោះកាន់ការប្រកួតUniversal Woman 2025 នៅឯប្រទេសឥណ្ឌានាពេលឆាប់ៗខាងមុខនេះ ហើយនាងប្តេជ្ញាបញ្ចេញឱ្យអស់ពីសមត្ថភាពមិនឱ្យអ្នកគាំទ្រខកបំណងឡើយ៕

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025