ថ្ងៃសុក្រ ទី០២ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី០២ ខែឧសភា ឆ្នាំ២០២៥
តារាសម្ដែងសាច់ដុំ The Rock បានផ្លាស់ប្ដូរមុខមាត់មើលសឹងមិនស្គាល់នៅពេលចូលសម្ដែងក្នុងភាពយន្តថ្មីដែលនិយាយអំពីជីវិតពិតរបស់អ្នកប្រដាល់ល្បីឈ្មោះ Mark Kerr។
តារាសម្ដែងនិងកីឡាកាស Dwayne Johnson (ធ្វេន ចនសុន) ឬទស្សនិកជនភាគច្រើនបានស្គាល់តាមរយៈរហស្សនាម The Rock បានបង្ហាញទេពកោសល្យដ៏ប៉ិនប្រសប់របស់ខ្លួនជាថ្មីសម្រាប់ស្នាដៃភាពយន្តថ្មីមានចំណងជើងថា 'The Smashing Machine' ដែលផលិតនិងចែកចាយដោយក្រុមហ៊ុន A24 ។
តាមរយៈវីដេអូឈុតខ្លីៗដំបូងដែលទើបចេញផ្សាយកាលពីពេលថ្មីៗ ទស្សនិកជនជាច្រើនបានលាន់មាត់ថា តារាសម្ដែងវ័យ ៥២ ឆ្នាំរូបនេះផ្លាស់ប្ដូរមុខមាត់មើលសឹងមិនស្គាល់ ពេលសម្ដែងជាតួអង្គអ្នកប្រដាល់ជើងឯក UFC ជំនាន់ដំបូងៗ គឺលោក Mark Kerr។
ដាក់ចំណងជើងតាមភាពយន្តឯកសារស្ដីពីខ្សែជីវិតកីឡាករប្រដាល់ Mark Kerr របស់ប៉ុស្តិ៍ HBO ភាពយន្តថ្មីនេះនឹងបង្ហាញពីចំណោទបញ្ហាដែលកើតឡើងពីការញៀនថ្នាំបំបាត់ការឈឺចាប់ និងទំនាក់ទំនងដ៏តឹងតែងរបស់អ្នកប្រដាល់ល្បីឈ្មោះរូបនេះជាមួយមិត្តស្រីរបស់លោកឈ្មោះ Dawn Staples ដែលក្នុងរឿងគឺសម្តែងដោយតារាស្រី Emily Blunt ព្រមជាមួយឈុតឆាកប្រកួតក្បាច់គុនចម្រុះ។
ជាស្នាដៃដឹកនាំដោយតារាសម្តែងនិងអ្នកដឹកនាំរឿង Benny Safdie ភាពយន្ត 'The Smashing Machine' នឹងចេញបញ្ចាំងនៅសហរដ្ឋអាមេរិកនៅថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៥ នេះ ៕
ប្រែសម្រួល៖ វ៉ាន់ថន