ថ្ងៃច័ន្ទ ទី០៥ ខែឧសភា ឆ្នាំ២០២៥

កាន់តែកៀកវគ្គផ្ដាច់ព្រ័ត្រ ប៊ី សុធារី កាន់តែជឿជាក់ខ្លាំងដណ្តើមមកុដ Miss Cosmo Cambodia 2025 !

០៣ ឧសភា ២០២៥ | កម្សាន្ដ

 

 

ខណៈឈានដល់វគ្គ Close door Interview  ក្នុងកម្មវិធី Miss Cosmo Cambodia 2025 កញ្ញា ប៊ី សុធារី កាន់តែធ្វើបានយ៉ាងល្អ បើទោះបីជាសំណួរដែលនាងទទួលបានពីគណកម្មការពិបាកក្នុងការឆ្លើយបន្តិចក្តី ។ 

 

 

កញ្ញា ប៊ី សុធារី ដែលជាបេក្ខភាពដ៏លេចធ្លោមួយរូបនៅក្នុងការប្រកួតសម្រស់ Miss Cosmo Cambodia 2025 ។ ជាក់ស្តែងសម្រាប់វគ្គនិមួយៗនាងទទួលបានការសរសើរខ្លាំងពីសំណាក់មហាជនក៏ដូចជាគណកម្មការ សូម្បីតែនៅក្នុងវគ្គ Close Door Interview  បានរៀបចំឡើងកាលពីពេលថ្មីៗនេះ ក៏អតីតម្ចាស់មកុដ Miss Grand Cambodia ធ្វើបានយ៉ាងល្អ ទោះបីជាសំណួរដែលគណកម្មការសួរទៅកាន់នាងពិបាកក្នុងការឆ្លើយក្តី ។ 

 

 

កញ្ញា  គឺជាបេក្ខភាពមួយរូប ដែលធ្លាប់ឆ្លងកាត់ការប្រកួតក្នុងវិស័យបវរកញ្ញាច្រើនលើកច្រើនសារមកហើយ ។ នាងក៏ធ្លាប់ឡើងទៅឆាកអន្តរជាតិផងដែរ គ្រាន់តែលទ្ធផលគឺពុំទទួលបានល្អដូចអ្វីដែលខ្លួនប៉ងប្រាថ្នាឡើយ។  ដូច្នេះហើយទើបនាងមានមហិច្ឆិតាចង់ឡើងឆាកអន្តរជាតិសារជាថ្មីម្តងទៀត ដើម្បីបំពេញក្តីស្រមៃខ្លួន ។ 

 

 

កញ្ញា ប៊ី សុធារី ហាក់មានក្តីរំពឹងខ្ពស់ក្នុងការដាក់ពាក្យចូលរួមប្រកួត Miss Cosmo Cambodia  2025 ដើម្បីដណ្តើមមកុដឡើងទៅឆាកអន្តរជាតិ ។ ឈានមកដល់វគ្គ Close Door Interview  នេះនាង កាន់តែសន្សំបានពិន្ទុល្អ។

 

 

ជាក់ស្តែង គ្រាន់តែចេញពីបន្ទប់ប្រកួតភ្លាម នាងបានបង្ហាញនូវអារម្មណ៍រីករាយ ក៏ដូចជាភាពជឿជាក់លើខ្លួនឯងថា នាងធ្វើបានយ៉ាងល្អ និងអស់ពីសមត្ថភាព បើទោះបីជាគណកម្មការបានសួរនូវសំណូរពិបាកៗដល់រូបនាងក្តី ។ 

 

 

ថ្វីដ្បិតតែមានជំនាញនិងមានបទពិសោធច្រើននៅក្នុងវិស័យប្រកួតសម្រស់ កញ្ញា ប៊ី សុធារី នៅតែជ្រើសរើស កញ្ញា អ៊ិន លក្ខិណា ដែលជាសិស្សប្អូន ធ្វើជាគ្រូបង្ហាត់ដើរម៉ូដ ដើម្បីពង្រឹងសមត្ថភាពខ្លួនបន្ថែមទៀតទៅលើការដើរម៉ូដ ដោយមិនខ្មាស់អៀនឡើយ ផ្ទុយទៅវិញនាងបែរជានិយាយថា នាងសប្បាយចិត្តដែលបាន លក្ខិណា បង្ហាត់បង្រៀននាងបន្ថែមទៅលើជំនាញដើរម៉ូដ ។

 

 

កញ្ញា ប៊ី សុធារី បានត្រៀមខ្លួនរួចរាល់សម្រាប់ការដណ្តើមមកុដនៅក្នុងការប្រកួត Miss Cosmo Cambodia 2025 នេះ ដើម្បីមកុដធំនេះ នាងសុខចិត្តផ្អាកការងារទាំងអស់ចោល ទុកពេលវេលាពង្រឹងសមត្ថភាពខ្លួនឱ្យកាន់តែខ្លាំងក្លាឡើង ៕   

 

 

អត្ថបទ ៖ ម៉ា រីសា ៖ ភីអិនអិន និង ហ្វេសប៊ុក 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025