ថ្ងៃពុធ ទី០២ ខែមេសា ឆ្នាំ២០២៥
ថ្ងៃពុធ ទី០២ ខែមេសា ឆ្នាំ២០២៥
សព្វថ្ងៃនេះមនុស្សយន្តក៏អាចរត់កីឡាម៉ារ៉ាតុងបានដែរ ខណៈទីក្រុងប៉េកាំងគ្រោងនឹងដាក់ឱ្យមនុស្សយន្តរត់ពាក់កណ្ដាលម៉ារ៉ាតុងនៅខែក្រោយនេះនៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន។
បច្ចុប្បន្នមិនត្រឹមតែមនុស្សទេដែលអាចរត់កីឡាម៉ារ៉ាតុង សូម្បីមនុស្សយន្តក៏អាចចូលរួមក្នុងកីឡានេះដែរ។ ជាក់ស្ដែងប្រទេសចិនកំពុងធ្វើការសាកល្បងមនុស្សយន្តទៀនហ្គ័ងអាល់ត្រា (Tiangong Ultra) ដែលទើបអាប់ដេតចុងក្រោយរបស់ខ្លួនដើម្បីត្រៀមសម្រាប់ការរត់ពាក់កណ្តាលម៉ារ៉ាតុងនៅថ្ងៃទី១៣ ខែមេសានៅទីក្រុងប៉េកាំង ប្រទេសចិន។
ការរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងនេះនឹងមានអត្តពលិក និងមនុស្សយន្តរត់លើផ្លូវជាមួយគ្នា ប៉ុន្តែត្រូវបានខណ្ឌដាច់ឡែកពីគ្នាដើម្បីធានាសុវត្ថិភាពសម្រាប់អ្នកចូលរួមទាំងអស់។ ការប្រកួតនេះគឺបើកចំហសម្រាប់ក្រុមហ៊ុនមនុស្សយន្តសកល វិទ្យាស្ថានស្រាវជ្រាវ ក្លឹបមនុស្សយន្ត និងសាកលវិទ្យាល័យ ហើយមកដល់ពេលនេះ មានអង្គភាពចំនួន២៣បានចុះឈ្មោះសម្រាប់ការប្រកួតនេះ។
មនុស្សយន្ត Tiangong Ultra នេះបានបង្កើតឡើងដោយមជ្ឈមណ្ឌលច្នៃប្រឌិតមនុស្សយន្តក្រុងប៉េកាំងហើយវាមានទំហំធំជាងមុន មានជើងវែងជាងមុន និងត្រគាករឹងមាំជាងមុនបើធៀបទៅនឹងមនុស្សយន្តស៊េរីចាស់។ លើសពីនេះទៀត មនុស្សយន្តថ្មីនេះត្រូវបានបន្ថែមបន្ទះដែកពីរនៅកំភួនជើង និងទ្រនាប់ជើងមួយគូដើម្បីបន្ថយផលប៉ះពាល់ជើង និងសន្លាក់កជើងនៅពេលរត់។
លោក វ៉េ ជាស៊ីង (Wei Jiaxing) នាយកទំនាក់ទំនងសាធារណៈនៅមជ្ឈមណ្ឌលនេះបាននិយាយថា មនុស្សយន្តថ្មីនេះអាចរត់បានក្នុងល្បឿនខ្ពស់បំផុតរហូតដល់១២គីឡូម៉ែត្រក្នុងមួយម៉ោង។ ដោយហេតុគិតដល់ស្ថិរភាព និងការស៊ូទ្រាំរបស់មនុស្សយន្តនៅពេលរត់នោះ ដូច្នេះហើយមជ្ឈមណ្ឌលនេះអាចកាត់បន្ថយល្បឿនបន្តិចបន្តួច ប៉ុន្តែពួកគេនៅតែមានទំនុកចិត្តយ៉ាងខ្លាំងថា វាអាចបញ្ចប់ការរត់ពាក់កណ្តាលម៉ារ៉ាតុងនេះដោយជោគជ័យនៅពេលនោះ៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន