ថ្ងៃពុធ ទី០២ ខែមេសា ឆ្នាំ២០២៥

អ្នកវិទ្យាសាស្ត្រចិនអភិវឌ្ឍកម្មវិធីកុំព្យូទ័រពិសេសដែលអាចបំពាក់នៅក្នុងខួរក្បាលរបស់អ្នកជំងឺ

៣១ មីនា ២០២៥ | កម្សាន្ដ

វិស័យផលិតកម្មវិធីកុំព្យូទ័ររបស់ប្រទេសចិនដែលប្រើប្រាស់ប្រព័ន្ធខួរក្បាល ឬហៅថាប៊ីស៊ីអាយ (BCI) ឥឡូវនេះកំពុងបោះជំហានយ៉ាងលឿនស្លេវឆ្ពោះទៅរកការប្រើប្រាស់នៅក្នុងមន្ទីរពេទ្យនៅពេលវិស័យនវានុវត្តន៍ និងការគាំទ្រពីសំណាក់ស្ថាប័នរបស់រដ្ឋកំពុងរីកចម្រើនខ្លាំង។

 


បច្ចេកវិទ្យានេះប្រើប្រាស់ឧបករណ៍ដែលដាក់បញ្ចូលទៅក្នុងសរីររាងរបស់មនុស្សដើម្បីប្រមូល និងវិភាគរលកអគ្គិសនីបញ្ជូនចេញពីកោសិកាខួរក្បាលរបស់អ្នកជំងឺ។ បន្ទាប់មក វានឹងបញ្ជូនរលកសញ្ញាត្រឡប់ទៅវិញដើម្បីឲ្យម៉ាស៊ីនកុំព្យូទ័រអាចទទួលស្គាល់ និងកំណត់មុខសញ្ញា។ អនុវត្តវិធីនេះធ្វើឲ្យមានទំនាក់ទំនងរវាងមនុស្ស គ្រឿងម៉ាស៊ីន និងបរិស្ថានខាងក្រៅ។

 

 

ក្រឡេកទៅមើលទិដ្ឋភាពនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រនៃទីក្រុងសឺជាំង។ ដោយសារបច្ចេកវិទ្យាប៊ីស៊ីអាយ អ្នកជំងឺស្វិតសរសៃដៃ និងសរសៃជើងម្នាក់អាយុ៧៧ឆ្នាំអាចសរសេរអក្សរបាន។ គាត់ប្រើប្រាស់ដៃរ៉ូបូតសម្រាប់បញ្ជាដោយស៊កបញ្ចូលបន្ទះឈីបទៅក្នុងខួរក្បាលរបស់គាត់។

 

 

បច្ចេកវិទ្យាប៊ីស៊ីអាយដែលទទួលបានជោគជ័យ១ទៀតនៅក្នុងមន្ទីរពេទ្យគឺការបង្កប់ឧបករណ៍នៅក្នុងសរីររាងកាយរបស់មនុស្សហៅថាអឹនអ៊ីអូ (NEO) ផលិតដោយអ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យស៊ីងហួ (Tsinghua)។

 

 

នៅមន្ទីរពេទ្យសួនអ៊ូ (Xuanwu) នៃទីក្រុងប៉េកាំង បុគ្គលិក១ក្រុមបានដាក់បញ្ចូលឧបករណ៍ឥតខ្សែតាមបច្ចេកវិទ្យាប៊ីស៊ីអាយទំហំប៉ុនកាក់២ធ្នាប់ចូលទៅក្នុងលលាដ៍ក្បាលរបស់អ្នកជំងឺ ហើយទទួលបានសញ្ញាបញ្ជូនពីឧបករណ៍នោះត្រឡប់មកវិញ។

 

 

បន្ទាប់ពីឆ្លងកាត់ការហ្វឹកហាត់រយៈពេល៣ខែនៅផ្ទះ អ្នកជំងឺដែលស្លាប់ពេញ១តួខ្លួនរយៈពេល១៤ឆ្នាំអាចចាប់កាន់ដបទឹកដោយខ្លួនឯងបានដោយប្រើស្រោមដៃខ្យល់ និងបញ្ជាដោយរលកសញ្ញារបស់ខួរក្បាល។ ដៃរបស់គាត់ចាប់កាន់របស់ផ្សេងៗកាន់ដោយកម្រិតជាក់លាក់៩០%៕

 

 

ប្រែសម្រួល៖ អន សំអាង

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025