ថ្ងៃអង្គារ៍ ទី០១ ខែមេសា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី០១ ខែមេសា ឆ្នាំ២០២៥
គំនូរជីវចលចិន Ne Zha 2 កំពុងវាយលុករោងភាពយន្តកម្ពុជា ក្រោយបំបែកកំណត់ត្រាពិភពលោកក្នុងនាមភាពយន្តគំនូរជីវចលដំបូងដែលរកចំណូលបានដល់ ២ ពាន់លានដុល្លារ។
ភាពយន្ត ណាចា វគ្គ២ ដែលបច្ចុប្បន្នគឺជាគំនូរជីវចលរកចំណូលបានខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ កំពុងទទួលបានការគាំទ្រយ៉ាងកក់ក្ដៅពីសំណាក់អ្នកទស្សនាភាពយន្តកម្ពុជា បន្ទាប់ពីការចាក់បញ្ចាំងលើកដំបូងកាលពីថ្ងៃអង្គារ។
រោងភាពយន្តដំបូងនៅកម្ពុជាដែលបានចាក់បញ្ចាំងភាពយន្តនេះគឺរោងភាពយន្ត Legend បានកំណត់ពេលចាក់បញ្ចាំងគំនូរជីវចលមួយនេះសរុបចំនួន ១៣៩ លើកសម្រាប់រោងកុនជាង ១០ របស់ខ្លួននៅទូទាំងប្រទេសកាលពីថ្ងៃអង្គារ ដោយសំបុត្រក្នុងម៉ោងបញ្ចាំងភាគច្រើនបានលក់អស់ទាំងស្រុង។
ជាលទ្ធផល ណាចា វគ្គ២ បានក្លាយជាភាពយន្តគំនូរជីវចលរកចំណូលបានច្រើនបំផុតពុំធ្លាប់មានក្នុងថ្ងៃចាក់បញ្ចាំងដំបូងនៅប្រទេសកម្ពុជា។មានសាច់រឿងផ្អែកតាមទេវកថាដ៏ល្បីរបស់ចិននៅសតវត្សរ៍ទី ១៦ ភាពយន្តនេះបានទាក់ទាញទស្សនិកជនទូទាំងពិភពលោកតាមរយៈរូបភាពក្រាហ្វិកដ៏អស្ចារ្យ ការនិទានរឿងយ៉ាងល្អិតល្អន់ និងបេតិកភណ្ឌវប្បធម៌ដ៏ជ្រាលជ្រៅ។
ទស្សនិកជនជាច្រើនក្នុងប្រទេសកម្ពុជាបានឆ្លើយតបយ៉ាងសាទរបន្ទាប់ពីបានទស្សនារឿងនេះរួច។ តួយ៉ាងលោក ខេន ដែលជាទស្សនិកជនមួយរូបបាននិយាយថា លោកផ្ដល់ពិន្ទុឱ្យរឿងនេះ ១០លើ១០ ទាំងរូបភាព សំឡេង និងការកំណត់អត្តចរិតតួអង្គម្នាក់ៗ។
ផ្អែកតាមកាលវិភាគចាក់បញ្ចាំងតាមរោងកុន ភាពយន្តនេះគ្រោងនឹងបន្តចាក់បញ្ចាំងជាង ១០០ លើកក្នុងមួយថ្ងៃនៅទូទាំងប្រទេសកម្ពុជានៅសប្តាហ៍ក្រោយ។ គិតត្រឹមសប្ដាហ៍នេះ ភាពយន្ត ណាចា វគ្គ២ អាចរកចំណូលទូទាំងពិភពលោកបានរហូតដល់ ២,០៩ ពាន់លានដុល្លារ និងក្លាយជាភាពយន្តរកចំណូលបានខ្ពស់បំផុតលំដាប់ទី ៥ ក្នុងប្រវត្តិសាស្ត្រពិភពលោក ៕
ប្រែសម្រួល៖ វ៉ាន់ថន