ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥
ការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យកសិកម្ម ពិតជាមានសារសំខាន់ណាស់ ព្រោះគ្រប់ប្រទេសទាំងអស់ ប្រជាជនត្រូវការការហូបចុកទាំងចំណីអាហារផ្សេងៗ ដូចជាបន្លែ ផ្លែឈើ និងត្រីសាច់ សុទ្ធតែពាក់ព័ន្ធនឹងកសិកម្ម។ក្នុងពិធីបើកបវេសនកាល ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ឆ្នាំសិក្សា ២០២៤-២០២៥ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម នៅថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ធនធានមនុស្ស គឺជាតម្រូវការចាំបាច់ ក្នុងវិស័យកសិកម្ម ដូចនេះក្នុងនាមបញ្ញវន្ត ត្រូវមានការយល់ដឹង ពិចារណាច្បាស់លាស់ មានការសិក្សាស្រាវជ្រាវឲ្យបានត្រឹមត្រូវ មានការគិតគូរផ្អែកលើភាពពិតប្រាកដ ចូលរួមការងារសង្គម និងផ្សព្វផ្សាយព័ត៌មានពិតជាក់ស្តែង ជាជាងការផ្តល់ព័ត៌មានមិនពិត និងមិនមានប្រភពច្បាស់លាស់ ដែលធ្វើឱ្យមានផលប៉ះពាល់ជាច្រើនក្នុងសង្គមជាតិ។
ក្នុងពិធីបើកបវេសនកាលនោះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ អំពីភាពចាំបាច់ដែលសិស្ស-និស្សិតត្រូវមានភាពជាអ្នកដឹកនាំ មានមូលដ្ឋានភាសាបរទេស មានគំនិតច្នៃប្រឌិត និងយល់ដឹងពីការធ្វើជំនួញ ធុរកិច្ច និងអាចរៀបចំដឹកនាំសហគមន៍កសិកម្មទំនើប សម្របសម្រួលឱ្យប្រជាកសិករចេះធ្វើការរួមគ្នា និងមានភាពម្ចាស់ការពិតប្រាកដ។
លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានតម្រង់ទិសលើមុខជំនាញវិស្វកម្មកសិកម្ម សេដ្ឋកិច្ចកសិកម្ម និងសារគមនាគមន៍កសិកម្ម ដែលមានតម្រូវការទីផ្សារការងារល្អ នឹងបានលើកទឹកចិត្តដល់សិស្ស-និស្សិត យកចិត្តទុកដាក់រៀនសូត្រ និងមានភាពប្រាកដនិយម ដែលជាគុណាធិបតេយ្យចេញពីការ ខិតខំរៀនសូត្រប្រកបដោយគុណភាព។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា កសិកម្ម ជាវិស័យចំបងមួយ ដែលជួយដល់កំណើនសេដ្ឋកិច្ចជាតិ។ ដើម្បីឱ្យវិស័យកសិកម្មកាន់តែរីកចម្រើន គឺចាំបាច់អភិវឌ្ឍន៍ធនធានមនុស្សឱ្យមានសមត្ថភាព និងបច្ចេកទេសច្បាស់លាស់។ វិស័យកសិកម្ម មានការវិវត្តទៅតាមសម័យកាល និងការអភិវឌ្ឍរបស់ប្រទេសជាតិ។ តួយ៉ាងកសិករ មិនប្រាកដថានៅតែលើទីវាល ឬក្រោមកម្ដៅថ្ងៃរហូតនោះទេ ជាក់ស្ដែងកសិករទំនើប អាចប្រើប្រាស់បច្ចេកវិទ្យាសម្រាប់បញ្ជាបាន ដោយប្រើបច្ចេកវិទ្យាដ្រូន ដើម្បីជួយដល់វិស័យកសិកម្ម។
ទន្ទឹមនឹងនេះ ការបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យកសិកម្ម ជារឿងសំខាន់ដែលរដ្ឋាភិបាលតែងយកចិត្តទុកដាក់ខណៈការបណ្ដុះបណ្ដាលធនធានមនុស្សនេះ ដើម្បីធ្វើឱ្យការដាំដុះ និងចិញ្ចឹមសត្វប្រកបដោយសុខភាពល្អ រួមទាំងការកែច្នៃអាហារមានគុណភាព ដែលជួយដល់សុខភាពអ្នកបរិភោគ និងជួយលើកស្ទួយសេដ្ឋកិច្ចជាដើម។
គួរជម្រាបថា សាកលវិទ្យាល័យភូមិន្ទកសិកម្ម ជាគ្រឹះស្ថានអប់រំស្ថិតក្រោមការគ្រប់គ្រងរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងមួយឆ្នាំៗ សាកលវិទ្យាល័យភូមិន្ទកសិកម្ម ទទួលបាននិស្សិតចូលរៀនទាំងបង់ថ្លៃ និងអាហារូបករណ៍ជាង ១ពាន់នាក់។ ក្រោយពីបញ្ចប់ការសិក្សា និស្សិតកសិកម្ម អាចបង្កើតកសិដ្ឋានដោយខ្លួនឯង ឬអាចចូលបម្រើការនៅតាមក្រសួងស្ថាប័ន និងក្រុមហ៊ុនឯកជនជាដើម៕
អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ