ថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៥

កូរ៉េខាងជើងរិះគន់អាមេរិកជុំវិញកិច្ចព្រមព្រៀងនាវាមុជទឹកថាមពលនុយក្លេអ៊ែរជាមួយអូស្ត្រាលី

២០ កុម្ភៈ ២០២៥ | ព័ត៌មានអន្តរជាតិ

 

 

សារព័ត៌មានរដ្ឋកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍(២០កុម្ភៈ) បានរិះគន់សហរដ្ឋអាមេរិក ចំពោះកិច្ចព្រមព្រៀងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរជាមួយប្រទេសអូស្ត្រាលី តាមរយៈកិច្ចព្រមព្រៀងភាពជាដៃគូសន្តិសុខត្រីភាគីAUKUS ហើយបានហៅកិច្ចព្រមព្រៀងនាវាមុជទឹក ថា គំរាមកំហែងសន្តិភាពក្នុងតំបន់។ 
 

បទអត្ថាធិប្បាយផ្សាយដោយសារព័ត៌មានKCNA បានលើកឡើងថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន គួរដឹងពីផលវិបាកសម្រាប់អ្វីដែលកូរ៉េខាងជើងហៅថាជាសម្ព័ន្ធនុយក្លេអ៊ែរ មានកិច្ចព្រមព្រៀងភាពជាដៃគូសន្តិសុខត្រីភាគី AUKUS  និងកិច្ចសហប្រតិបត្តិការត្រីភាគីជាមួយកូរ៉េខាងត្បូង និងប្រទេសជប៉ុន។ 

 

ប្រទេសអូស្ត្រាលីទើបតែបង់ប្រាក់លើកដំបូងរបស់ខ្លួនចំនួន៥០០លានដុល្លារអាមេរិក ក្រោមកិច្ចព្រមព្រៀងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរតាមរយៈAUKUSដែលចុះហត្ថលេខាបង្កើតឡើងនៅឆ្នាំ២០២១។ 

 

យោងតាមកិច្ចព្រមព្រៀង AUKUS ប្រទេសអូស្ត្រាលីនឹងបង់ប្រាក់ឱ្យសហរដ្ឋអាមេរិកចំនួន៣ពាន់លានដុល្លារអាមេរិក ដើម្បីពង្រឹងសមត្ថភាពឧស្សាហកម្មនាវាមុជទឹកអាមេរិក ហើយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននឹងលក់នាវាមុជទឹកទៅឱ្យអូស្ត្រាលីនៅដើមឆ្នាំ២០៣០។ 
 

 

កូរ៉េខាងជើង បានលើកឡើងផងដែរថា សហរដ្ឋអាមេរិកមើលឃើញប្រទេសកូរ៉េខាងជើងជាឧបសគ្គមួយក្នុងការកសាងឥទ្ធិពលអាមេរិកនៅក្នុងតំបន់ ហើយថា កូរ៉េខាងជើងដែលជារដ្ឋមានអាវុធនុយក្លេអ៊ែរនៅក្នុងពិភពលោកមួយផងដែរនោះ មិនឈរអោបដៃមើលដោយមិនធ្វើអ្វីឡើយ។ 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025