ថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៥
ប៉ូលីសអ៊ីស្រាអ៊ែល កំពុងស្វែងរកជនសង្ស័យនៅថ្ងៃព្រហស្បតិ៍(២០កុម្ភៈ) ក្រោយរថយន្តក្រុងជាច្រើនគ្រឿងផ្ទុះនៅជិតទីក្រុងតេលអាវី ប៉ុន្តែមិនមានមនុស្សរងរបួសទេ។ យោងស្នងការប៉ូលីសអ៊ីស្រាអ៊ែល។
សារព័ត៌មានអ៊ីស្រាអ៊ែលឱ្យដឹងថា មានគ្រាប់បែកនៅលើរថយន្តក្រុងចតចោលគ្មានមនុស្សចំនួន៣គ្រឿងចតនៅចំណតរថយន្តក្នុងតំបន់Bat Yam ជាតំបន់ជាយក្រុងជិតនឹងទីក្រុងតេលអាវី ខណៈគ្រាប់បែកជាច្រើនគ្រាប់ផ្សេងទៀត រកឃើញនៅលើរថយន្តក្រុង២គ្រឿងផ្សេងទៀត និងត្រូវបានដោះយកចេញផងដែរ។
«នៅត្រឹមពេលឥឡូវ យើងមានរថយន្តក្រុង៥គ្រឿង ,រថយន្តក្រុង៣គ្រឿងត្រូវបានបំផ្ទុះរួចរាល់ហើយ ហើយគ្រាប់បែកនៅលើរថយន្តក្រុង២ទៀត ក្រុមការងារដោះមីនកំពុងធ្វើការ»។ លោក Haim Zargarovស្នងការប៉ូលីសទីក្រុងTel Avivថ្លែងប្រាប់អ្នកសារព័ត៌មាននៅកន្លែងកើតហេតុ។
ការងារត្រួតពិនិត្យទាំងរថភ្លើង និងរថយន្តក្រុងត្រូវបានបញ្ចប់។ ឥឡូវ យើងកំពុងកំណត់ចំនួនជនសង្ស័យដែលជាប់ពាក់ព័ន្ធនឹងករណីនេះ។
លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល ទទួលបានការរាយការណ៍ពីមន្ត្រីយោធារបស់លោក ហើយឆាប់ៗនឹងមានកិច្ចប្រជុំវាយតម្លៃស្ថានភាពសន្តិសុខ។ យោងការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល។
រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនប្រទេសអ៊ីស្រាអ៊ែល បានថ្លែងឱ្យដឹងថា គ្រប់រថយន្តក្រុងទាំងអស់ និងរថភ្លើងគួរឈប់ដំណើរការ ហើយត្រួតពិនិត្យ។
ប្រែសម្រួល៖ណាវ័ន្ត