ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥

វីយូឡុងប្រណីតផលិតដោយសិប្បករដ៏ល្បីរបស់អ៊ីតាលីលក់ដេញថ្លៃនៅញូយ៉កបាន១១,៣លានដុល្លារ

១៧ កុម្ភៈ ២០២៥ | កម្សាន្ដ

វីយូឡុងមួយគ្រឿងដែលផលិតដោយសិប្បករដ៏ល្បីរបស់អ៊ីតាលី លោកអង់តូនីញ៉ូ.ស្ត្រាឌីវ៉ារី (Antonio Stradivari) ត្រូវបានដាក់លក់ដេញថ្លៃនៅទីក្រុងញូយ៉កនៅចុងសប្ដាហ៍នេះដោយក្រុមហ៊ុនសូតថឺប៊ី (Sotheby’s) រំពឹងថាមានតម្លៃចន្លោះពី១២ទៅ១៨លានដុល្លារ។

 


នេះជាវីយូឡុងប្រណីតផលិតនៅក្នុងយុគសម័យមាសរបស់លោកស្ត្រាឌីវ៉ារីកាលពីអំឡុងឆ្នាំ១៧១៤នៅពេលគាត់មានអាយុ៧០ឆ្នាំ។ នៅអាយុប៉ុណ្ណេះ អ្នកខ្លះអាចនឹងគិតថាគាត់ឈានចូលដល់វ័យចាស់ជរាបន្តិចហើយ។ ខាងលើនេះជាប្រសាសន៍របស់លោកស្រីម៉ារី.ក្លូឌា.ជីមេនេស (Mari-Claudia Jimenez)ជាប្រធានសាខារបស់ក្រុមហ៊ុនសូតថឺប៊ីប្រចាំទ្វីបអាមេរិក។

 

 

ប៉ុន្តែផ្ទុយទៅវិញ លោកស្ត្រាឌីវ៉ារីបង្ហាញស្នាដៃដ៏ល្អឥតខ្ចោះ, កែប្រែមុខមាត់ថ្មីនៃវីយូឡុង និងផលិតត្រូវចំចំណុចដែលធ្វើឲ្យឧបករណ៍របស់គាត់បង្កើតសូរសំឡេងដ៏ល្អឥតខ្ចោះ។ ហេតុនេះ វាជាវីយូឡុងដ៏មានតម្លៃបំផុតរបស់លោកស្ត្រាឌីវ៉ារី។

 

 

មូលហេតុដែលវីយូឡុងផលិតដោយស្នាដៃរបស់លោកស្ត្រាឌីវ៉ារីក្នុង១គ្រឿងៗអាចលក់បានរហូតដល់រាប់លានដុល្លារដោយសារតែទឹកដៃផលិតចេញមក១ៗមានលក្ខណៈអស្ចារ្យតែម្ដង។

 

 

វីយូឡុង១គ្រឿងដែលមានរហស្សនាមឡេឌីប្លាន់(Lady Blunt) ផលិតឆ្នាំ១៧២១អាចលក់បាន១៥,៩លានដុល្លារកាលពីឆ្នាំ២០១១។ ឥឡូវនេះ សាលាតន្ត្រីអឹនអ៊ីស៊ី (NEC) ផ្ដល់វីយូឡុងដែលមានរហស្សនាមចូអាឈីម.ម៉ា.ស្ត្រាឌីវ៉ារាស្ត្រ (Joachim-Ma Stradivarius) ដើម្បី ដាក់លក់ដេញថ្លៃ។

 

 

ថវិកាដែលប្រមូលបានពីការលក់នេះនឹងយកទៅផ្ដល់អាហារូបករណ៍សម្រាប់សិស្ស-និស្សិតផ្នែកតន្ត្រីតបតាមពាក្យបណ្ដាំចុងក្រោយមុនពេលស្លាប់របស់លោកស៊ីហុនម៉ា (Si-Hon Ma)

 

 

។ លោកជាតន្ត្រីករ និងជានិស្សិតជាន់ចាស់របស់សាលាតន្ត្រីអឹនអ៊ីស៊ី (NEC) និងជាអ្នកធ្វើអំណោយវីយូឡុងនេះទៅឲ្យសាលា។ យោងតាមព័ត៌មានបច្ចុប្បន្នភាព, វីយូឡុងនេះអាចលក់បាន១១,៣លានដុល្លារ៕

 

 

ប្រែសម្រួល៖ អន សំអាង

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025