ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥

នារីជនជាតិឥណ្ឌូណេស៊ីចិញ្ចឹមសត្វអាពីងរាប់ពាន់ក្បាលសម្រាប់អ្នកដែលចង់ទិញចិញ្ចឹមតាមផ្ទះ

១០ មីនា ២០២៥ | កម្សាន្ដ

ត្រូវគេផ្ដល់រហស្សនាមថាជា «រាជិនីអាពីង» ស្ត្រីឈ្មោះមីងឈូ (Ming Cu) បានប្រមូលផ្ដុំសត្វអាពីងជើង៨នេះតាំងពីឆ្នាំ២០១០។ រហូតមកដល់នេះ នាងអាចប្រមូលបានពី២-៣ពាន់ក្បាលនៅក្នុងបន្ទប់របស់នាងនៅឯទីក្រុងបានឌុង (Bandung) ប្រទេសឥណ្ឌូណេស៊ី។

 


នៅក្នុងវីឌីអូដែលថតកាលពីថ្ងៃសៅរ៍ គេឃើញស្ត្រីឈ្មោះមីងឈូមើលថែទាំសត្វអាពីងដែលនាងចិញ្ចឹមដោយយកចិត្តទុកដាក់ និងបង្ហាញភាពស្និទ្ធស្នាលជាមួយគ្នាយ៉ាងខ្លាំង។ មីងឈូអាចចាត់ទុកថាជាអ្នកប្រមូលផ្ដុំសត្វអាពីងដ៏ច្រើនបំផុតម្នាក់នៅលើពិភពលោក។

 

 

ប៉ុន្តែនាងជឿជាក់ថានៅលើលោកនេះមិនមែនមានតែរូបនាងម្នាក់ប៉ុណ្ណោះទេដែលចិញ្ចឹមសត្វនេះច្រើនដល់ថ្នាក់ហ្នឹង។ អាចមានអ្នកដទៃទៀតក៏ធ្វើដូច្នេះដែរ។មីងឈូប្រាប់ថាពីដំបូងដៃ ប៉ាម៉ាក់របស់នាងក៏នៅស្ទាក់ស្ទើរមិនចង់ឲ្យនាងរវីរវល់នឹងសត្វនេះទេ។

 

 

ប៉ុន្តែក្រោយមក ពួកគាត់ក៏ទទួលស្គាល់សេចក្ដីស្រឡាញ់របស់នាងចំពោះសត្វនេះ និងទទួលស្គាល់សមត្ថភាពរបស់នាងដែលអាចរកលុយចិញ្ចឹមជីវិតតាមរយៈការចិញ្ចឹមសត្វនេះ។ នាងប្រាប់ថាពួកគាត់ប្រកែកខ្លាំងណាស់ពីដំបូងដៃព្រោះពួកគាត់គិតថាវាគ្មានប្រយោជន៍សម្រាប់នាងទេ។

 

 

ប៉ុន្តែនាងប្រាប់ថានាងចូលចិត្តសត្វទាំងនេះ ហើយនាងអាចលក់ពួកវាដើម្បីយកលុយត្រឡប់មកវិញ។ មីងឈូបានលះបង់ពេលវេលាដ៏ច្រើនដើម្បីមើលថែទាំសត្វទាំងនេះ ហើយថែមទាំងជួលឈ្នួលដើម្បីជួយដាក់ចំណីអាហារឲ្យពួកវាទៀតផង។ បន្ទាប់ពីចិញ្ចឹមសត្វនេះយូរៗទៅនៅឆ្នាំ២០១២ នាងក៏បានប្រែក្លាយពីការចិញ្ចឹមធម្មតាទៅជាការចិញ្ចឹមសត្វនេះជាលក្ខណៈអាជីព និងមុខរបរតែម្ដង។

 

 

នាងបានបើកហាងដែលដាក់យីហោថា «ហាងលក់សត្វអាពីងជាទីស្រឡាញ់សម្រាប់ចិញ្ចឹមតាមផ្ទះ»។ សព្វថ្ងៃនេះ ហាងរបស់នាងលក់អាពីងសម្រាប់អ្នករស់នៅក្នុងស្រុក និងអ្នករស់នៅបរទេសដូចជាអង់គ្លេស ស៊ុយអែត អាល្លឺម៉ង់ និងប៉ូឡូញជាដើម៕

 

 

ប្រែសម្រួល៖ អន សំអាង

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025