ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥

សរុបលទ្ធផលពានរង្វាន់ Oscar ឆ្នាំ២០២៥ ភាពយន្ត “Anora” ក្លាយជាម្ចាស់ពានធំ

០៣ មីនា ២០២៥ | កម្សាន្ដ


 

កម្មវិធីពានរង្វាន់ Oscar ឬ Academy Awards ឆ្នាំ២០២៥ បានបញ្ចប់ជាស្ថាពរសម្រាប់ឆ្នាំ២០២៥នេះ ដោយជយលាភីពានរង្វាន់ធំជាងគេបានទៅលើភាពយន្តមនោសញ្ចេតនាបែបកំប្លែងរឿង “Anora”។

 

 


សរុបលទ្ធផលពានរង្វាន់ Oscar ឆ្នាំ២០២៥នេះ ជយលាភីធំជាងគេគឺភាពយន្ត “Anora” ដែលបានឈ្នះពានរង្វាន់សរុបចំនួន ៥ រួមមានពានរង្វាន់ធំភាពយន្តល្អបំផុត ឬ Best Picture, ពានរង្វាន់អ្នកដឹកនាំរឿងឆ្នើមសម្រាប់លោក Sean Baker, ពានរង្វាន់តួឯកស្រីឆ្នើមសម្រាប់តារាសម្ដែង Mikey Madison ពានរង្វាន់អត្ថបទភាពយន្តដើមល្អបំផុត និងពានរង្វាន់ផ្នែកកាត់តល្អបំផុត។

 

 


ជយលាភីលេចធ្លោផ្សេងទៀតមានដូចជាតារាសម្ដែង Adrien Brody បានឈ្នះពានរង្វាន់តួឯកប្រុសឆ្នើមសម្រាប់ការសម្ដែងភាពយន្ត “The Brutalist”, តារាសម្ដែង Kieran Culkin ឈ្នះពានរង្វាន់តួរងប្រុសឆ្នើមសម្រាប់ភាពយន្ត “A Real Pain” និងតារាសម្ដែង Zoe Saldaña ឈ្នះពានរង្វាន់តួរងស្រីឆ្នើមសម្រាប់ភាពយន្ត “Emilia Pérez”។

 

 


សម្រាប់ពានរង្វាន់សម្រាប់ភាពយន្តអន្តរជាតិឆ្នាំនេះគឺបានទៅលើភាពយន្ត “I’m Still Here” ពីប្រទេសប្រេស៊ីល។ ភាពយន្ត “Dune: Part Two” បានទទួលពានរង្វាន់ចំនួន ២ គឺពានផ្នែកគុណភាពសំឡេង និងពានរង្វាន់ផ្នែកបច្ចេកទេសរូបភាព ឬ Visual Effect ខណៈភាពយន្ត “Wicked” បានទទួលពានរង្វាន់២ដូចគ្នា រួមមានពានរង្វាន់ផ្នែករចនាសម្លៀកបំពាក់ និងពានរង្វាន់ការរចនាឆាក។

 

 


ក្រៅពីការប្រកាសពានរង្វាន់ កម្មវិធីអូស្កាឆ្នាំនេះក៏បានទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនជាមួយការសម្ដែងពិសេសៗដូចជាការសម្ដែងរបស់តារាសម្ដែងភាពយន្ត “Wicked” Cynthia Erivo និង Ariana Grande, ការសម្ដែងរួមគ្នារបស់សមាជិក BLACKPINK LISA និងតារាចម្រៀងអាមេរិក Doja Cat និងតារាចម្រៀងអង់គ្លេស RAYE ជាដើម ៕

 

 


 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025