ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥

ក្រុមអ្នកវិទ្យាសាស្ត្ររបស់ហ្វីលីពីនបានប្រែក្លាយផេះភ្នំភ្លើងឱ្យទៅជាសម្ភារៈការពារជាតិវិទ្យុសកម្ម

១២ មីនា ២០២៥ | កម្សាន្ដ

ក្រុមអ្នកវិទ្យាសាស្ត្រនៅហ្វីលីពីនបានបង្កើតរបកគំហើញថ្មីមួយដោយបានបំប្លែងផេះភ្នំភ្លើងដ៏មានគ្រោះថ្នាក់ឱ្យទៅជាសម្ភារៈដែលមានសមត្ថភាពប្រឆាំងនឹងជាតិវិទ្យុសកម្ម។

 


ក្រុមអ្នកវិទ្យាសាស្ត្រដឹកនាំដោយលោកវេជ្ជបណ្ឌិត ចូល ធី ម៉ាគីលីង (Joel T. Maquiling) នៅមន្ទីរពិសោធន៍ស្រាវជ្រាវផែនដី (GEO-R) នៅសាកលវិទ្យាល័យអាតេណូឌឺម៉ានីឡា (Ateneo de Manila) បានបង្កើតល្បាយដីបាយអដោយប្រើផេះភ្នំភ្លើងតាល់ (Taal) ដើម្បីចេញជាសម្ភារៈម្យ៉ាងដែលមានសមត្ថភាពការពារជាតិវិទ្យុសកម្មដ៏មានប្រសិទ្ធភាព។

 


ការច្នៃប្រឌិតនេះបានកើតឡើងក្រោយពីការផ្ទុះភ្នំភ្លើងតាល់ក្នុងខែមករា ឆ្នាំ២០២០ដែលបានជះផេះគ្របដណ្តប់លើទីក្រុងម៉ានីលប្រទេសហ្វីលីពិន។ លោក Maquiling និងក្រុមរបស់លោកបានប្រមូលផេះបីបាវសម្រាប់ធ្វើការស្រាវជ្រាវ ដោយពួកគេបានរកឃើញថា នៅពេលលាយជាមួយវត្ថុធាតុផ្សេងទៀត ផេះភ្នំភ្លើងនេះបានបង្កើតជារចនាសម្ពន្ធស្បៃដ៏រឹងមាំដែលមានសមត្ថភាពទប់ស្កាត់វិទ្យុសកម្ម។

 


លោកវេជ្ជបណ្ឌិត Maquiling បានពន្យល់ទៀតថា ភាគល្អិតនៃផេះភ្នំភ្លើងនេះបានរៀបចំខ្លួនវាឡើងវិញ ដើម្បីទប់ស្កាត់វិទ្យុសកម្ម ហើយសម្ភារៈដែលគេបានកែច្នៃចេញពីផេះភ្នំភ្លើងនេះត្រូវបានគេហៅថាបេតុង GP ហើយគេអាចប្រើវាដើម្បីវេចខ្ចប់កាកសំណល់វិទ្យុសកម្ម និងកសាងអគារសម្រាប់ការពារវិទ្យុសកម្មផងដែរ។

 


ក្រៅពីនេះ សម្ភារៈនេះក៏អាចដោះស្រាយកង្វល់បរិស្ថានដោយកាត់បន្ថយការពឹងផ្អែកលើស៊ីម៉ងត៍ដែលរួមចំណែកយ៉ាងសំខាន់ដល់ការបញ្ចេញកាបូនឌីអុកស៊ីត។ លោក Maquiling បានបន្ថែមថា ពួកគេចង់ជំនួសស៊ីម៉ងត៍ដោយប្រើសម្ភារៈសំណល់នេះដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ទៀតផង។

 


ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតនេះបានបង្ហាញពីសក្ដានុពលនៃការរៀបចំកាកសំណល់ពីគ្រោះមហន្តរាយធម្មជាតិឡើងវិញទៅក្នុងបច្ចេកវិទ្យាសង្គ្រោះជីវិតផងដែរ៕

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025