ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥
ជនជាតិអ៊ូហ្កង់ដាម្នាក់ដែលជាថៅកែសិប្បកម្ម និងជាអ្នកច្នៃប្រឌិតបានកែច្នៃរបស់ដែលគេបោះចោលដូចជាសម្បកពងមាន់ទៅជាឥដ្ឋការ៉ូសម្រាប់រៀបក្រោមផ្ទះ។ នេះជានិន្នាកាទៅរកការប្រើប្រាស់របស់ធូរថ្លៃ និងមិនប៉ះពាល់បរិស្ថាន។
លោកហ្កត់ហ្វ្រ៊ី.សេងហ្កន់ហ្ស៊ី (Godfrey Sengonzi) ហាក់ដូចជាមិនខ្វាយខ្វល់នឹងការប្រកួតប្រជែងជាមួយផលិតផលដែលនាំចូលពីក្រៅស្រុកទេ។ លោកជឿជាក់ថាចំណុចគន្លឹះដ៏សំខាន់គឺខិតខំកែច្នៃឥដ្ឋការ៉ូឲ្យមានលក្ខណៈពិសេសដាច់ដោយឡែកពីគេ។
ឥដ្ឋការ៉ូដែលនាំចូលពីប្រទេសចិន អ៊ីតាលី តួកគី និងអេហ្ស៊ីបមានសារធាតុដែលងាយនឹងឆាបឆេះដែលផ្សំពីដីឥដ្ឋ, ព័រសឺឡែន ឬថ្មម៉ាប និងថ្មក្រានីត។ ផ្ទុយទៅវិញ ឥដ្ឋការ៉ូរបស់លោកសេងហ្កន់ហ្ស៊ីផលិតតាមវិធីផ្សេងដែលផុសចេញពីគំនិតផ្ទាល់របស់គាត់។ ឥដ្ឋការ៉ូរបស់គាត់ផ្សំពីស៊ីម៉ង់លាយសម្បកពងមាន់កិនឲ្យម៉ដ្ឋ។ វិធីផ្សំដ៏ឆ្លាតវៃនេះពិតជាមានជោគជ័យមែនព្រោះឥដ្ឋការ៉ូធ្វើពីស៊ីម៉ង់មានទម្ងន់ធ្ងន់ និងមានតម្លៃថ្លៃ។
ជាការពិត ឥដ្ឋការ៉ូស៊ីម៉ង់ល្បីថាមានភាពរឹងមាំ និងធន់ជាប់បានយូ។ ប៉ុន្តែឥដ្ឋការ៉ូរបស់លោកសេងហ្កន់ហ្ស៊ីរឹតតែរឹងមាំជាងនោះទៅទៀតដោយសារគាត់លាយជាមួយសម្បកពងមាន់។ដូចនេះធានាបាននូវភាពជាប់ធន់បានយូរ និងមានសុវត្ថិភាព។
ផលិតផលរបស់គាត់ក្លាយជាជម្រើសថ្មីដ៏ល្អប្រសើរ ហើយលក់ធូរថ្លៃ។ លោកពន្យល់ថាមូលហេតុដែលលោកប្រើប្រាស់សម្បកពងមាន់សម្រាប់ផលិតឥដ្ឋការ៉ូព្រោះវាមានលក្ខណៈពិសេសគ្មាន២នៅលើលោកយើងនេះ។
អ្វីដែលសំខាន់បំផុតគឺឥដ្ឋការ៉ូប្រភេទនេះមានភាពរឹងមាំ និងមានទម្ងន់ស្រាល។ បុរសវ័យ៣១ឆ្នាំរូបនេះបានបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្ត្រ និងគ្រប់គ្រងសំណង់។ ក្រោយពេលរៀនចប់, គាត់បើកក្រុមហ៊ុនផ្ទាល់ខ្លួននៅជាយក្រុងខាំផាឡា (Kampala)។ សិប្បកម្មរបស់គាត់ក្រៅពីផលិតឥដ្ឋការ៉ូ ក៏ផលិតធ្យូងថ្មពីសម្បកពងមាន់ផងដែរ៕
ប្រែសម្រួល៖ អន សំអាង