ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥
តារាសម្ដែងចិន Fan Bingbing បានបង្ហាញសម្រស់ក្នុងព្រឹត្តិការណ៍អន្តរជាតិម្ដងទៀតក្នុងកម្មវិធីមហោស្រពភាពយន្តក្រុងបែរឡាំង ប្រទេសអាល្លឺម៉ង់ រួមជាមួយវត្តមានតារាសម្ដែងនិងផលិតករល្បីៗជាច្រើនជុំវិញពិភពលោក។
តារាសម្ដែងចិន Fan Bingbing (ហ្វាន ពីងពីង) តារាសម្តែងអង់គ្លេស Tilda Swinton (ធីលដា ស្វីនថុន) អ្នកដឹកនាំរឿង Edward Berger (អេតវើត ប៊ឺហ្គឺ) និងតារាម៉ូដែលអាល្លឺម៉ង់ Toni Garrn (ថូនី ហ្កាន) ស្ថិតក្នុងចំណោមសិល្បករជាច្រើនដែលបានបង្ហាញវត្តមានជាមួយឈុតសម្លៀកបំពាក់ដ៏ស្រស់ស្អាតនៅលើកម្រាលព្រំនៃកម្មវិធីបើកមហោស្រពភាពយន្តទីក្រុងបែរឡាំង លើកទី៧៥ ក្រោមអាកាសធាតុដ៏ត្រជាក់ជាមួយព្រិលធ្លាក់តិចៗ។
ចូលរួមក្នុងកម្មវិធីឆ្នាំនេះ តារាសម្តែងស្រីជើងចាស់ Tilda Swinton (ធីលដា ស្វីនថុន) បានទទួលពានរង្វាន់ខ្លាឃ្មុំមាស ឬ Golden Bear ដែលជាពានរង្វាន់កិត្តិយសរបស់មហោស្រពជាការទទួលស្គាល់អាជីពដ៏យូរអង្វែងរបស់អ្នកស្រីក្នុងវិស័យភាពយន្ត។
វត្តមានចូលរួមរបស់តារាសម្ដែង Fan Bingbing ក្នុងរ៉ូបពណ៌សបែបចិនបានទាក់ទាញសម្រែកគាំទ្ររបស់ទស្សនិកជនយ៉ាងខ្លាំង ដោយឆ្នាំនេះនាងបានចូលរួមក្នុងនាមជាសមាជិកគណៈវិនិច្ឆ័យពានរង្វាន់មួយរូបរបស់មហោស្រព។ខណៈកម្មវិធីនឹងដំណើរការរហូតដល់ថ្ងៃទី ២៣ ខែកុម្ភៈ ភាពយន្តដែលត្រូវបានចាក់បញ្ចាំងដំបូងគេឆ្នាំនេះគឺខ្សែភាពយន្តភាសាអាឡឺម៉ង់ "The Light" ។
សិល្បករផ្សេងទៀតដែលបានចូលរួមក្នុងថ្ងៃបើកមហោស្រពនេះដែរមានដូចជាតារាសម្ដែងអង់គ្លេស Sam Riley (សេម រ៉ាយលី) តារាសម្ដែងចិន Yao Chen (យ៉ោវ ឆិន) និងតារាអាល្លឺមង៉ជាច្រើនរូប។
ក្រៅពីវត្តមានរបស់សិល្បករ និងផលិតករភាពយន្ត ព្រឹត្តិការណ៍មហោស្រពភាពយន្តអន្តរជាតិដ៏ល្បីមួយនេះក៏មានការចូលរួមពីសំណាក់សកម្មជន និងអ្នកនយោបាយមួយចំនួនផងដែរ ៕
ប្រែសម្រួល៖ វ៉ាន់ថន