ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥

Ariana Grande ប្រកាសចេញអាល់ប៊ុមពិសេសជាកាដូដល់អ្នកគាំទ្រ

១៣ មីនា ២០២៥ | កម្សាន្ដ

 

 

តារាចម្រៀងប៉ុបអាមេរិក Ariana Grande នឹង​ចេញ​អាល់​ប៊ុម “Eternal Sunshine” ជា Version បែប Deluxe Edition នៅថ្ងៃទី ២៨ ខែមីនា ព្រមជាមួយបទថ្មីៗជាច្រើនបទជាកាដូដល់អ្នកគាំទ្រ។

 

 

តារាចម្រៀងប៉ុបអាមេរិក Ariana Grande បានឱ្យដឹងកាលពីពេលថ្មីៗនេះថា នាងនឹង​ចេញ​អាល់​ប៊ុម “Eternal Sunshine” ជា Version បែប Deluxe Edition មានចំណងជើងថា “Eternal Sunshine Deluxe: Brighter Days Ahead” នៅថ្ងៃទី ២៨ ខែមីនា ដើម្បីអបអរការខួបគម្រប់ ១ ឆ្នាំនៃការចេញអាល់ប៊ុម “Eternal Sunshine” ។

 


អាល់ប៊ុម “Eternal Sunshine Deluxe: Brighter Days Ahead” នេះនឹងមានបទចម្រៀងថ្មីចំនួន ៦ បទ ព្រមជាមួយបទចម្រៀងល្បីៗពីអាល់ប៊ុមដើមដែលបានចេញផ្សាយក្នុងខែមីនា ឆ្នាំ ២០២៤ ដូចជាបទ “yes, and?” និងបទ “We Can’t Be Friends (Wait for Your Love)”។

 


មិនតែប៉ុណ្ណោះ អាល់ប៊ុមពិសេស​នេះ​ក៏​រួម​បញ្ចូល​ទាំងបទ​ចម្រៀង Remix ​ពី​អាល់ប៊ុម Eternal Sunshine ដែល Ariana Grande ​បាន​ចេញ​កាល​ពី​មុន​ដែរ រួម​មាន​បទ “yes, and” (Feat. Mariah Carey) បទ “supernatural” (Feat. Troye Sivan) និងនិងបទ “the boy is mine” (Feat. Brandy និង Monica)។

 


មែនទែនទៅកាលពីខែមករា Ariana Grande ក៏បានបង្ហើបពីគម្រោងចេញអាល់ប៊ុម “Eternal Sunshine” បែប Deluxe Edition នេះដែរ ដោយនាងបាននិយាយប្រាប់សារព័ត៌មាន Variety ថា នាងកំពុងសម្ងំធ្វើការលើគម្រោងនេះ ហើយ​នាង​នឹង​បន្ថែម​បទ​ចម្រៀង​ថ្មី​ៗមួយចំនួនទៀតជាកាដូនិងពញ្ញាក់អារម្មណ៍អ្នកគាំទ្រ។

 


គួររំឭកថា បន្ទាប់ពីបានចេញអាល់ប៊ុម “Eternal Sunshine” ក្នុងឆ្នាំ២០២៤ និងបានចេញវីដេអូចម្រៀងខ្លះសម្រាប់អាល់ប៊ុមនេះនៅលើ YouTube, Ariana Grande ក៏មមាញឹកក្នុងការងារផ្សព្វផ្សាយភាពយន្ត “Wicked” ខណៈបានជាប់ឈ្មោះប្រកួតពានរង្វាន់អូស្ការលើកដំបូងសម្រាប់ការសម្តែងរឿងនេះផងដែរ ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025